រាជរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើតក្រុងថ្មីចំនួន ២ នៅក្នុងខេត្ដកណ្ដាល។ ដោយក្រុងថ្មីទាំង ២ នេះរួមមាន ក្រុងអរិយក្សត្រ និងក្រុងសំពៅលូន។
១. ក្រុងអរិក្សត្រ
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា ការបង្កើតក្រុងអរិយក្សត្រ នេះគឺមានសង្កាត់ចំនួន ១១ ដែលមានដូចជា សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ ចំពោះទីតាំងរដ្ឋបាលក្រុងអរិយក្សត្រនេះដែរ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រផ្ទាល់តែម្ដង។
តាមការបញ្ជាក់នៅក្នុងអនុក្រឹត្យដដែលបានឲ្យដឹងទៀតថា ការបង្កើតក្រុងថ្មីនេះ ក៏បានកាត់យកឃុំចំនួន ៦ ពីស្រុកខ្សាច់កណ្ដាល់ផងដែរដែលមានដូចជា ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ៥ ទៀតពីស្រុកល្វាឯម ដែលរួមមាន ឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។
២. ក្រុងសំពៅពូន
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ការបង្កើតក្រុងសំពៅពូន នេះគឺមានសង្កាត់ចំនួន ៥ ប៉ុណ្ណោះ ដែលក្នុងនោះរួមមាន៖ សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ដី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ចំពោះទីតាំងរដ្ឋបាលស្រុកនេះដែរ គឺស្ថិតនៅក្នុងសង្កាត់សំពៅពូនផ្ទាល់តែម្ដង។
នៅក្នុងអនុក្រឹត្យដដែលបានបញ្ជាក់ថា ការបង្កើតក្រុងសំពៅលូននេះ បានកាត់យកឃុំចំនួន ៥ ពីស្រុកកោះធំ គឺមានឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូនផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន