បច្ចុប្បន្នប្រទេសកម្ពុជាមានគម្រោងជាច្រើនដែលវិនិយោគទាំងរដ្ឋ និងឯកជន បានកំពុងដំណើរសាងសង់ ខណៈគម្រោងខ្លះទៀតកំពុងស្ថិតនៅក្នុងការសិក្សាដើម្បីធ្វើការស្ថាបនានាពេលខាងមុខ។ អ្វីដែលចាប់អារម្មណ៍នោះ គឺមានគម្រោងចំនួន ២ ដែលជាគម្រោងមិនធ្លាប់ពីមុនមកឡើយនៅកម្ពុជា ហើយបើសិនជាលេចចេញជារូបរាង អាចនឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែទំនើបជាងមុន។ ដោយគម្រោងទាំង ២ នោះរួមមាន៖
១. ផ្លូវលើអាកាស
សព្វថ្ងៃកម្ពុជាយើងនៅមិនទាន់មានផ្លូវអាកាសនេះនៅឡើយនោះទេ។ ប៉ុន្ដែបច្ចុប្បន្ន ក្រុមហ៊ុនOCIC កំពុងសិក្សាលម្អិត ដើម្បីសាងសង់ផ្លូវនេះឡើងតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ លើប្រវែងជាង២០គីឡូម៉ែត្រ។ តាមការបញ្ជាក់គម្រោងសាងសង់ ផ្លូវអាកាសនេះ គ្រោងវិនិយោគទឹកប្រាក់ ប្រមាណ៤០០លានដុល្លារអាមេរិក។
យោងតាមការបញ្ជាក់ពីម្ចាស់គម្រោងកន្លងមក ការសាងសង់ផ្លូវអាកាសនេះនឹងធ្វើឡើងជា ២ ដំណាក់កាលដោយដំណាក់កាលទី១ មានប្រវែងជាង ១០ គីឡូម៉ែត្រចេញពីផ្លូវលេខ ២៧១ (ក្បែរក្បាលថ្នល់) ឆ្ពោះទៅផ្លូវជាតិលេខ ២ និងដំណាក់កាលទី២ មានប្រវែងជាង ១១ គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ ២ ឆ្ពោះទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
២. រថភ្លើងក្រោមដី និងលើអាកាស
ពិតណាស់កម្ពុជាយើងក៏នៅមិនទាន់មានរថភ្លើងក្រោមដី និងរថភ្លើងលើអាកាសនេះនៅឡើយផងដែរ ដែលបច្ចុប្បន្ននេះយើងមានតែផ្លូវរថយន្ដធម្មតា ដែលសេះសល់ពីមុនប៉ុណ្ណោះ។ ក៏ប៉ុន្ដែ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ បាននឹងកំពុងធ្វើការសិក្សា និងរកថវិកាដើម្បីធ្វើការសាងសង់គម្រោងទាងនេះនាពេលខាងមុខផងដែរ ដើម្បីជួយការធ្វើដំណើរ។
ជាក់ស្ដែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យ ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីគម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចជា៖ គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស(Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក(AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់ កម្ពុជា៕
អត្ថបទ៖ កឹម ប៊ុនធឿន