ក្រុមហ៊ុន TikTok បានប្រកាសអំពីផែនការវិនិយោគទឹកប្រាក់ប្រមាណ ៣០០ ពាន់លានបាតក្នុងប្រទេសថៃ នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីជួយជំរុញប្រទេសនេះឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៅអាស៊ាន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post បានឱ្យដឹងថា ការប្តេជ្ញាចិត្តវិនិយោគ នេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្ររវាងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra និងលោកស្រី Helena Lersch អនុប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន TikTok នៅឯទីក្រុងបាងកក។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Jirayu Houngsub បានបញ្ជាក់ថា ក្រុមហ៊ុនដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគចំនួន ៨.៨ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង៣០០ពាន់លានបាត ក្នុងប្រទេសថៃនៅរយៈពេល ៥ឆ្នាំខាងមុខ។ Tik Tok ចង់ផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដោយមានបំណងដាក់ប្រទេសថៃជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនោះរួមមានការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ដើម្បីធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងទិន្នន័យសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសថៃនិងអាស៊ីអាគ្នេយ៍។ បន្ថែមពីនោះក្រុមហ៊ុន TikTok បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការធ្វើការជាមួយរដ្ឋាភិបាលដើម្បីត្រួតពិនិត្យខ្លឹមសារ និងចាប់ផ្តើមយុទ្ធនាការលើកកម្ពស់អក្ខរកម្មឌីជីថល និងការការពារអ្នកប្រើប្រាស់ពីការ គំរាមកំហែងតាមអ៊ីនធឺណិត។
សូមបញ្ជាក់ថារដ្ឋាភិបាលថៃបានបញ្ចេញថាបច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ជាង ៥០លាននាក់នៅក្នុងប្រទេសថៃ ជាមួយនឹងគណនីជាង ៣លានគណនីដែលប្រើប្រាស់សម្រាប់ TikTok Shop សម្រាប់សហគ្រិនថៃ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីថៃផ្ទាល់ផងដែរ។ ខណៈក្រុមហ៊ុន TikTok បច្ចុប្បន្នក៏ បានកត់សម្គាល់ថា ក្រុមហ៊ុនខ្លួនមានបុគ្គលិកជាជនជាតិថៃជាង ១ពាន់នាក់ កំពុងបម្រើការងារ៕
អត្ថបទដោយ៖ ពីង ជូអេង