កាដូឆ្នាំថ្មី! ២០២៥ គម្រោងផ្លូវ ស្ពាន និងព្រលានយន្ដហោះថ្មីសន្លាង ៣ នេះ នឹងបើកឲ្យដំណើរ
Bunthoeun KoemDECEMBER 27 2024299 views

នៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៥ នឹងឈានចូលមកដល់ហើយ ហើយសម្រាប់ឆ្នាំថ្មីខាងមុខនេះអ្វីដែលគួរឲ្យកត់សម្គាល់គឺមានគម្រោងធំៗមួយចំនួនក៏នឹងត្រូវបើកឲ្យដំណើរដូចគ្នា។ ដូច្នេះពេលនេះ Business Cambodia នឹងនាំប្រិយមិត្ដមកស្គាល់គម្រោងដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ២០២៥នេះ។

 

១. ព្រលានយន្ដហោះអន្ដរជាតិតេជោ

 

តាមការបញ្ជាក់ពី ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ព្រលានយន្ដហោះអន្ដរជាតិតេជោសម្រេចការសាងសង់បានប្រមាណ ៩២ភាគរយហើយ។ ក្នុងនោះចំពោះការងារដែលនៅសល់ ៨ ភាគរយទៀត ក្រុមការងារនឹងខិតខំប្រឹងប្រែងឲ្យបានរួចរាល់នៅក្នុងអំឡុងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនិង ត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។​

 

សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២០ លើផ្ទៃដី ២,៧០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចំងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ F4 ដែលអភិវឌ្ឍន៍ជា ៣ ដំណាក់កាល។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ នឹងត្រូវចំណាយទុនសរុប ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលផ្ទៃដីព្រលានឡើយ។

 

នៅពេលដាក់ឲ្យដំណើរការដំណាក់កាលទី១ នាដើមឆ្នាំ២០២៥ ខាងមុខ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំឯណោះ។

 

Ac75d009 E688 478f B2fe 1e0c0f52b9b2

 

២. ផ្លូវជាតិលេខ១០

 

តាមការបញ្ជាក់ពី​ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់ចុងឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលឆ្លងកាត់ខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកោះកុង សម្រេចការសាងសង់បានជិត ៩០ ភាគរយហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខាងមុខ។

 

សូមជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ នេះមានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្របានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ខណៈការសាងសង់ថ្មីនេះគឺជាប្រភេទ Grade III មានទទឹង ៩ម៉ែត្រ ក្រាលដោយកៅស៊ូពីរស្រទាប់ (DBST) និងចំណាយថវិកាសរុប១៨៨លានដុល្លារ។

 

427526488 7529655270391869 8086390244838606282 N

 

៣. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្ដក្រចេះ

 

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដដែលរូបនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ 

 

ក្នុងនោះដែរ បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ គម្រោងនេះជាផ្នែក​នៃផ្លូវជាតិ​ដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

 

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ៕

 

Fn 2024 09 03 12 06 00 0

Fn 2024 09 03 12 06 00 1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia