ចាប់ផ្ដើមធ្វើ! ចាប់ពី២០២៥តទៅ ធ្វើតាមច្បាប់លុយទាំង៦នេះ អនាគតមានលុយចាយពេញៗដៃ
Toeuy HongDECEMBER 27 202435 views

 

អ្នកណាៗចង់មានបានដែរ ប៉ុន្ដែមិនទាន់ដឹងថាដើម្បីកសាងភាពមានបានតើត្រូវចាប់ផ្ដើមពីចំណុចណា។ ទាក់ទងនឹងភាពមានបាននេះដែរ ខាងក្រោមនេះ Business Cambodia សូមចែករំលែកពីច្បាប់លុយកាក់ទាំង៦ដែលអ្នកគួរធ្វើតាមចាប់ពីឆ្នាំ២០២៥តទៅបើចង់ឲ្យអនាគតសល់លុយ សល់ទ្រព្យអាចកសាងភាពមានបានក្នុងជីវិត។

 

.  រស់នៅក្រោមលទ្ធភាពរបស់អ្នក

ការនៅរស់ក្រោមលទ្ធភាពរបស់អ្នកមានន័យថាអ្នកត្រូវរស់នៅចំណាយឲ្យតិចជាងចំណូល។ ត្រូវចាំថាការរស់នៅសន្សំសំចៃគឺជាគន្លឹះក្នុងការកសាងទ្រព្យសម្រាប់នៅក្នុងជីវិត។  ឧទាហរណ៍បើអ្នករកចំណូលបាន៥០០ដុល្លារហើយប្រចាំខែចាយត្រឹមតែ៤៥០ដុល្លារនោះមួយខែអ្នកសល់៥០ដុល្លារ ហើយលុយដែលសល់នេះប្រើវាឲ្យមានប្រសិទ្ធភាពដូចជាយកទៅសន្សំឬប្រើវាឲ្យចំណេញនោះអ្នកនឹងអាចបង្កើនលុយឆ្ពោះទៅរកការកសាងទ្រព្យសម្បត្តិ។

 

. ធ្វើផែនការចំណាយប្រចាំខែ

នេះគឺជាចំណុចសំខាន់បំផុត បើអ្នកចង់ជួសជុលផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ ត្រូវចាំថាចំណូលច្រើនដែរ តែមិនសល់ ហើយចេះជាជួបបញ្ហាលុយ និងធ្លាក់ក្នុងបញ្ហាបំណុលគឺដោយសារតែអ្នកមិនចេះចាត់ចែងលុយកាក់ ជាពិសេសគឺមិនធ្វើផែនការចំណាយតែម្ដង។ ដើម្បីធ្វើផែនការចំណាយ អ្នកត្រូវផ្ដើមចេញពីការតាមដានលុយចេញលុយចូល ដោយកត់ត្រាចំណូលប្រចាំខែ និងតាមដានចំណូលប្រចាំថ្ងៃនិងប្រចាំខែ។

 

 ការធ្វើផែនការចំណាយគឺជួយឲ្យអ្នកដឹងថាមួយខែៗលុយអ្នកចាយទៅលើអ្វីខ្លះ ដូច្នេះអ្នកអាចពិនិត្យមើលដឹងនូវរាល់ការចំណាយហើយចំណាយមិនចាំបាច់អ្នកអាចកាត់ផ្ដាច់ឬកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយមួយផ្នែកធំនោះនឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រើសើរឡើង។

 

. តាមដានការចំណាយរបស់អ្នក

 បន្ទាប់ពីអ្នកបានធ្វើផែនការចំណាយដូចបានរៀបរាប់ខាងលើរួចហើយនោះ ត្រូវតាមដានការចំណាយប្រចាំថ្ងៃរបស់អ្នកហើយបូកសរុបការចំណាយប្រចាំខែ។ ត្រូវចាំថាចំណាយតូចតាច កំប៉ុកកំប៉ុកបើយក១ថ្ងៃទៅគុណនឹង៣០ថ្ងៃអ្នកនឹងឃើញចំណាយអស់ច្រើន។ តាមដានចំាណាយហើយចុងខែបូកសរុបចំណាយហើយចូលទៅមើលបញ្ជីចំណាយ អ្នកនឹងឃើញចំណាយខ្លះគឺចំណាយមិនចាំបាច់ ហើយចំណាយមិនចាំបាច់អ្នកអាចកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយយកទៅសន្សំនិងវិនិយោគកសាងទ្រព្យសម្បត្តិ។

 

. កំណត់គោលដៅហិរញ្ញវត្ថុ

 ការកំណត់គោលដៅហិរញ្ញវត្ថុគឺពិតជាសំខាន់ណាស់ ព្រោះវាជួយឲ្យអ្នកមានជីវភាពកាន់តែរីកចម្រើន។ គោលដៅហិរញ្ញវត្ថុមានច្រើនដូចជា សន្សំលុយទិញផ្ទះ សន្សំលុយទុកជាទុនរកស៊ីឬវិនិយោគ។ ឧទាហរណ៍បើអ្នកចង់ចេញរកស៊ីនៅឆ្នាំ២០២៦ជាមួយដើមទុន៥០០០ដុល្លារ អ្នកគួរដាក់គោលដៅរកលុយឲ្យបានច្រើនដើម្បីបានដើមទុន៥០០០ដុល្លារចេញរកស៊ីនៅឆ្នាំ២០២៦។

 

. ចៀសវាងបំណុលអាក្រក់

 បំណុលអាក្រក់គឺជាឧបសគ្គដែលរារាំងអ្នកមិនឲ្យកសាងភាពមានបាននៅក្នុងជីវិត។ ជាក់ស្ដែងនៅពេលដែលអ្នកមានបំណុលជាប់ខ្លួនច្រើនមួយខែៗគឺរវល់យកលុយបង់បំណុលដែលធ្វើឲ្យអ្នកមិនមានលុយសម្រាប់សន្សំនិងវិនិយោគដើម្បីអនាគតឡើយ។ ដូច្នេះបើអាចជួយចៀសការខ្ចីលុយគេយកមកទិញរបស់ដែលមិនអាចបង្កើតចំណូល។

 

. វិនិយោគលុយរបស់អ្នក

 បើអ្នកចេះសន្សំលុយឲ្យសល់ហើយនោះ ដើម្បីឲ្យលុយអ្នកកាន់តែកើនអ្នកត្រូវយកលុយទៅវិនិយោគ។ ការសន្សំក៏ចាត់ទុកជាការវិនិយោគដែរព្រោះអ្នកទទួលបានចំណូលបានតាមរយៈការប្រាក់។ ឧទាហរណ៍បើអ្នកយកលុយ១ពាន់ដុល្លារដាក់ធនាគារបានការប្រាក់៨%ក្នុងមួយឆ្នាំនោះលុយអ្នកនឹងកើនដល់១០៨០ដុល្លារនៅឆ្នាំក្រោយ ហើយយក១០៨០ដុល្លារដាក់យកការប្រាក់បន្តទៀតក្នុងអត្រាការប្រាក់សន្សំ៨%ដដដែលនោះឆ្នាំបន្ទាប់ទៀតលុយអ្នកនឹងកើនដល់១១៦៦.៤ដុល្លារ។ មានការវិនិយោគផ្សេងៗជាច្រើនទៀតដែលអ្នកអាចវិនិយោគដូចជាវិនិយោគលើផ្សារហ៊ុន អចលនទ្រព្យ វិនិយោគក្នុងអាជីវកម្ម ប៉ុន្ដែមុននឹងដាក់លុយវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia