ឆ្នាំ២០២៣គឺជាឆ្នាំដែលត្រូវបានគេព្យាករថាពិភពលោកយើងអាចនឹងជួបវិបត្តិសេដ្ឋកិច្ចខណៈបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែអូសបន្លាយមិនឈប់។ ជាក់ស្ដែងក្នុងខែមីនាឆ្នាំ២០២៣នេះ មានធនាគាររេបស់អាមេរិកធំៗចំនួន៣បានដួលរលំបន្តកន្ទុយគ្នាតែម្ដង។
១. ការដួលរលំធនាគារ Silicon Valley
ក្នុងចំណោមធនាគាររបស់ទាំង៣ដែលបានដួលរលំក្នុងខែមីនានេះ ការដួលរលំរបស់ធនាគារ Silicon Valley គឺបង្កការភ្ញាក់ខណៈធនាគារនេះគឺជាធនាគារធំបំផុតលំដាប់ទី១៦របស់សហរដ្ឋអាមេរិក តែបែរជាត្រូវដួលបះជើងក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។
និយាយយ៉ាងខ្លីដើម្បីកុំឲ្យមានភាពស្មុគស្មាញ មូលហេតុដែលធ្វើឲ្យធនាគារ Silicon Valley មានទ្រព្យជាង២០០ពាន់លានដុល្លារ ត្រូវដួលរលំ ហើយត្រូវបានគេចាត់ទុកជាការដួលរលំធនាគារធំបំផុតលើកទី២បន្ទាប់ពីធនាគារ Lehman Brothers គឺដោយសារតែអតិថិជនក៏ដូចជាម្ចាស់ក្រុមហ៊ុនជាច្រើនបានសម្រុកដកលុយព្រមៗគ្នា។
បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាបន្ទាប់ពីមានការដកប្រាក់របស់អតិថិជននិងអាជីវកម្មចេញពីធនាគារ Silicon Valley ព្រមៗគ្នាដែលធ្វើឲ្យខ្វះខាតសាច់ប្រាក់ក្នុងតារាងតុល្យការ ធនាគារនេះបានព្យាយាមកៀគរទុនតែយ៉ាងណាមិញខ្លួនបរាជ័យក្នុងការកៀគរទុន ហើយអតិថិជននិងក្រុមហ៊ុនចេះតែសម្រុកដកលុយដែលធ្វើឲ្យធនាគារនេះត្រូវដួលបះជើងក្នុងរយៈពេលដ៏ខ្លីដែលនឹស្មានមិនដល់។
២. ការដួលរលំធនាគារ Silvergate Capital
Silvergate Capital គឺជាធនាគាររបស់អាមេរិកដែលរកស៊ីផ្ដោតលើសេវាកម្មគ្រីបតូ។ កាលពីពេលថ្មីៗនេះ Silvergate Capital បានប្រកាសថាខ្លួននឹងបញ្ឈប់រាល់ប្រតិបត្តិការទាំងអស់ ព្រមទាំងរំលាយធនាគារទាំងមូលរបស់ខ្លួនតែម្ដង។
មូលហេតុសំខាន់ដែលនាំឱ្យធនាគារ Silvergate ត្រូវប្រកាសរំលាយចោល គឺដោយសារតែទីផ្សាររបស់ខ្លួនបានធ្លាក់ចុះខ្លាំងពេក។ ហើយក្រោយពេលដែលប្រកាសថាកំពុងរំលាយនោះ ភាគហ៊ុនរបស់ ធនាគារ Silvergate ក៏បានធ្លាក់ចុះជាង ៣៦%ឯណោះ។
យ៉ាងណាមិញខាងធនាគារបានបញ្ជាក់ផងដែរថា ប្រាក់បញ្ញើទាំងអស់នឹងត្រូវបានសងវិញទាំងស្រុងសម្រាប់អតិថិជនរបស់ ធនាគារ Silvergate ទាំងអស់។ ប៉ុន្តែពួកគេមិនទាន់បានបកស្រាយពីរបៀបដែលខ្លួនមានគម្រោងដោះស្រាយការទាមទារប្រឆាំងនឹងអាជីវកម្មរបស់ខ្លួននៅឡើយទេ។
៣. ការដួលរលំធនាគារ Signature Bank
ធនាគារ Signature ដែលជាធនាគារផ្ដោតសំខាន់លើការផ្ដល់កម្ចីលើវិស័យអចលនទ្រព្យត្រូវដួលរលំបន្ទាប់ពីធនាគារ Silicon Valley បានដួលរលំជាផ្លូវការ។ បើយោងតាមការចុះផ្សាយរបស់ The New York Times បានឲ្យដឹងថា Signature គឺជាធនាគារមានអតិថិជនអ្នកវិនិយោគគ្រីបតូបានដាក់លុយច្រើនបំផុត។
អាជ្ញាធរអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុរបស់អាមេរិកបានសម្រេចឲ្យធនាគារ Signature បិទទ្វារក្រោមហេតុផលថាបើធនាគារនេះបន្តប្រតិបត្តិការនឹងធ្វើឲ្យប្រព័ន្ធធនាគាររបស់ខ្លួនទាំងមូលមានវិបត្តិ។ ការសម្រេចបិទទ្វាររបស់ធនាការ Signature ពីអាជ្ញាធរហិរញ្ញវត្ថុអាមេរិកគឺធ្វើឡើងក្នុងគោលបំណងដើម្បីកុំឲ្យមានវិបត្តិហិរញ្ញវត្ថុតាមរយៈការដួលរលំនៃធនាគារធំៗនេះ រាលដាលដល់ធនាគារផ្សេងៗ ដែលធ្វើបង្កជាវិបត្តិដល់ប្រព័ន្ធធនាគារក្នុងប្រទេសទាំងមូល។ មួយវិញទៀត ធនាគារ Signature គឺជាធនាគារផ្ដោតលើអ្នកដាក់ប្រាក់បញ្ញើជាអ្នកវិនិយោគគ្រីបតូ ខណៈនៅប៉ុន្មានខែចុងក្រោយនេះធនាគាររកស៊ីខាងគ្រីបតូបានដួលបះជើងជាបន្តបន្ទាប់ ដូច្នេះទើបអាជ្ញាធរហិរញ្ញវត្ថុអាមេរិកសម្រេចឲ្យបិទធនាគារនេះតែម្ដងដើម្បីបង្កហានិភ័យក្នុងប្រព័ន្ធធនាគារ។
គួរបញ្ជាក់ផងដែរ ធនាគារ Signature ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ដោយជ្រកក្រោមក្រុមហ៊ុន Signature Securities Group Corporation អំឡុងពេលដែលធនាគារនេះត្រូវបានបិទទ្វាជាផ្លូវការ មានទ្រព្យសកម្មសរុបប្រមាណជាង១០០ពាន់លានដុល្លារ៕