នៅសល់រយៈពេលប្រហែលជាង ១ ខែទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានចូលមកដល់ហើយ។ យ៉ាងណាសម្រាប់ឆ្នាំ ២០២៥ នេះរាជធានី-ខេត្ដចំនួន ២ គឺរាជធានីភ្នំពេញ និងខេត្ដកំពង់ស្ពឺ បានប្រកាសផ្អាករៀបចំពិធីបុណ្យដ៏ធំនេះផងដែរ។
១. រាជធានីភ្នំពេញ
កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលចេញសារាចរ ដោយឲ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយនៅក្នុងសារាចរនោះបានឲ្យដឹងថា មូលហេតុនៃការផ្អាក ដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងការដោះស្រាយការវិញត្រឡប់របស់ពលករខ្មែរធ្វើការនៅប្រទេសថៃដែលចូលមកក្នុងប្រទេសកម្ពុជាវិញ។
២. ខេត្ដកំពង់ស្ពឺ
នៅថ្ងៃទី១៨ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការប្រារព្ធពិធីប្រណាំងទូកឆ្នាំ២០២៥ ដែល គ្រោងនឹងរៀបចំនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។ ការសម្រេចផ្អាកនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារបូរណភាពទឹកដី និងគ្រប់គ្រងស្ថានការណ៍ចំពោះមុខនៅតាម ព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
យ៉ាងណារដ្ឋបាលខេត្ដបានអនុញ្ញាតឲ្យរដ្ឋបាលក្រុង ស្រុក អាចរៀបចំពិធីប្រណាំង ទូកទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ផូរផង់ទៅតាមលទ្ធភាពជាក់ស្តែង ព្រមទាំងត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”៕