ថ្លែងនៅក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នាថ្ងៃទី ៨ខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ឆ្នាំនេះជាឆ្នាំដែលយើងខ្ញុំមានមោទនភាពខ្លាំងណាស់ ជាមួយនឹងប្រាក់ចំណូលកើនឡើង យើងខ្ញុំប្រមូលប្រាក់ពន្ធតាមច្បាប់ថវិការបស់យើង ត្រឹមតែជាង ១០ខែ ប៉ុណ្ណោះយើងខ្ញុំបានសម្រេចលើស ១០០ភាគរយនៃផែនការរួចទៅហើយ ឆ្នាំនេះអាចសង្ឃឹមថា ប្រាក់ចំណូលពន្ធផ្ទៃក្នុងរបស់យើងខ្ញុំអាចសម្រេចប្រមាណជា ១១៥ភាគរយយ៉ាងតិច”។
ជាមួយគ្នានេះដែរ បើតាមការឱ្យដឹងពី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបង្ហាញថា ត្រឹមរយៈពេល ៩ខែ ២៥ ថ្ងៃនៃខែតុលា ឆ្នាំ ២០២២កន្លងទៅ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទប្រមាណជា ២,៩៣០ លានដុល្លារអាមេរិក ពោលគឺបាន ១០៤ភាគរយនៃផែនការកំណត់។
ឯកឧត្តមបានបន្តថា ជោគជ័យនៃការប្រមូលពន្ធជាបន្តបន្ទាប់នេះ អគ្គនាយដ្ឋានពន្ធដារនៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០២៣ គ្រោងនឹងកើនឡើង ធៀបនឹងឆ្នាំ ២០២២ ខណៈនៅមានការបន្តផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង