បុគ្គលិកប្រាក់ខែខ្ទង់ ១៨០-២៥០ដុល្លារ/ខែ តែមានតម្រូវការខ្ពស់ អាចនឹងពិបាករស់ ទោះបីខំត្បិតត្បៀតទប់នឹងការចំណាយយ៉ាងណា ក៏ខែខ្លះចាយអស់ៗគ្មានសល់ អាចនឹងឈានដល់ខ្ចីគេចាយចុងខែទៀតក៏មាន។ ខាងក្រោមនេះគឺជាគន្លឹះធំៗ៣ ដែលឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ចែករំលែកទៅកាន់បុគ្គលិកប្រាក់ខែទាប គួរអនុវត្តន៍បើចង់បានចំណូលកើនទ្វេដង៖
១/. រៀនឱ្យចេះពីរបៀបទំនាក់ទំនង៖ របៀបធ្វើទំនាក់ទំនងសង្គមពិតជាសំខាន់ណាស់ ព្រោះសង្គមនឹងផ្ដល់ឱកាសដល់មនុស្សដែលមានទំនាក់ទនងល្អជាមួយអ្នកដទៃ ។ ចំណេះដឹងជាច្រើនទៀតក៏បានកើតឡើងតាមរយៈការចែករំលែកគ្នាទៅវិញទៅមកនេះដែរ ។ តែយើងត្រូវប្រាកដថា មនុស្សដែលយើងចង់មានទំនាក់ទំនងល្អជាមួយ អាចផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន ដូចសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត មានសង្ឃដីការថា៖ «គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ»។
២/. រៀនភាសារបន្ថែម៖ ក្រៅពីមានទំនាក់ទំនងសង្គមល្អ បើអ្នកចេះភាសារបរទេសបន្ថែម នោះអ្នកនឹងមានឱកាសការងារខ្ពស់ជាងអ្នកដទៃ។ លោកបណ្ឌិត គីម ហ៊ាង ក៏បានមានប្រសាសន៍ផងដែរថា ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសារចិន។ លោកបានលើកឧទាហរណ៍ថា ស៊ីងហ្គាពួរខ្លាំងដោយសារប្រព័ន្ធអប់រំគេខ្លាំង ប្រជាជនរបស់ស៊ីងហ្គាពួរ ម្នាក់ចេះនិយាយ ៣ ភាសារយ៉ាងតិច ហើយប្រជាជនម៉ាឡក៏ដូចគ្នាដែរ។
៣/. យល់ដឹងពីរបត់សង្គម៖ យើងគួរចូលរួមកម្មវិធីសង្គមនានា ដើម្បីឈ្វេងយល់ពីសង្គមឲ្យកាន់តែស៊ីជម្រៅ ទទួលបានចំណេះដឹងទូលំទូលាយ និងបទពិសោធន៍ថ្មីៗជាច្រើន ជាពិសេសដឹងថាបច្ចុប្បន្ននេះសង្គមនៅត្រង់ចំណុចណា និងវិវត្តន៍ទៅណាបន្តទៀត។
យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook