ថ្មីៗនេះកាសែត The Street Journal បានចុះផ្សាយថានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានក្រុមប្រឹក្សាភិបាលប្រជុំគ្រោងដកតំណែងហើយចាប់ផ្តើមដំណើរការស្វែងរក CEO ថ្មីមកជំនួស។ ប៉ុន្តែនៅថ្ងៃទី៣០ ខែមេសា ក្រុមហ៊ុន Tesla បានច្រានចោលដំណឺងនេះ ហើយបានឱ្យដឹងថាក្រុមហ៊ុនពុំមានការផ្លាស់ប្តូរអ្វីនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN។
ក្នុងនោះបើតាមប្រធានក្រុមហ៊ុន Tesla លោក Robyn Denholm បានបញ្ជាក់ នៅក្នុងគេហទំព័រ X ផ្ទាល់ខ្លួនថាក្រុមប្រឹក្សាភិបាលទាំងអស់ មានទំនុកចិត្តខ្ពស់ចំពោះសមត្ថភាពរបស់លោក Elon Musk ក្នុងការបន្តប្រតិបត្តិលើផែនការនានា និងកំណើនដ៏គួរឱ្យរំភើបនាពេលខាងមុខរបស់ក្រុមហ៊ុន។
យ៉ាងណាមិញជំរុញការធ្លាក់ចុះភាគហ៊ុន Tesla របាយការណ៍ជាច្រើន បានគូសបញ្ជាក់ពីភាពប្រែប្រួលនេះថាគឺ ដោយសារលោក Elon Musk បានចំណាយពេលវេលាយ៉ាងច្រើនរបស់គាត់ដើម្បីធ្វើការសម្រាប់ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៃសេតវិមាន។
ក្នុងនោះក៏មានដំណឺងថាលោកគ្រោងនឹងឈប់ពីការងាររដ្ឋាភិបាល ដើម្បីមកកាន់កិច្ចការក្រុមហ៊ុនវិញ ក្រោយ Tesla រងព្យុះភ្លៀងពីសំណាក់អតិថិជន ទាក់ទងនឹងការមិនពេញចិត្តរបស់ពួកគេលើទង្វើរបស់លោក Elon Musk ដែលចូលបម្រើការងាររដ្ឋាភិបាល។
ប្រភពពីCNN ដដែលបានឱ្យដឹងថានៅក្នុងការអំពាវនាវរបស់គាត់កាលពីសប្តាហ៍មុនជាមួយវិនិយោគិន Tesla លោក Musk បានសារភាពថា មានការប៉ះទង្គិចខ្លះសម្រាប់ពេលវេលាដែលលោកបានចំណាយក្នុងរដ្ឋាភិបាលជាមួយនាយកដ្ឋានប្រសិទ្ធភាព ហើយលោកបានប្រកាសថាចាប់ពីខែឧសភាគាត់នឹងលាឈប់ពីនៅ DOGE ហើយដាក់ចិត្តដាក់កាយលើ Tesla វិញ៕
អត្ថបទដោយ៖ ពីង ជូអេង