មានសិស្សនិស្សិតជាច្រើនកំពុងពិបាកចិត្តចង់ពង្រឹងសមត្ថភាពភាសា និងជំនាញខាងក្រៅបន្ថែមទៀត តែពុំដឹងទៅរៀនកន្លែងណា ដោយសារថវិការមានកម្រិត។ តែឥឡូវនេះ វាលែងជាបញ្ហាទៀតហើយ ឱកាសល្អរៀនដោយឥតគិតថ្លៃ ខណៈកន្លែងរៀនទាំង៣ខាងក្រោមនេះ បាននិងកំពុងបើកឲ្យសិស្សគ្រប់រូបចូលរៀនដោយមិនចាំបាច់បង់លុយសូម្បី១រៀល៖
១/. e2STEM
ជាសាលាដែលយកកម្មវិធីសិក្សាស្រដៀងគ្នានឹងសិង្ហបុរី បានបង្កើតឡើងដោយ អតីតរដ្ឋមន្ត្រីក្រសួងអប់រំរបស់សិង្ហបុរី អ្នកស្រីបណ្ឌិត Seet Ai Mee។ សាលាទំនើបមួយនេះបើកសម្រាប់សិស្សពីថ្នាក់វិទ្យាល័យ ចូលរៀនតាមរយៈការប្រឡងយកអាហារូបករណ៍ ដោយសិស្សត្រូវឆ្លងកាត់ការធ្វើតេស្តវិញ្ញាសារវិទ្យាសាស្ត្រពិបាកៗមួយចំនួន ។ បើតាមលោក Yuki Sato អ្នកគ្រប់គ្រងសិស្ស e2STEM ឲ្យដឹងថា ដើម្បីចូលរៀននៅសាលានេះសិស្សត្រូវធ្វើតេស្តសំខាន់លើមុខវិទ្យាគណិតវិទ្យា និងតក្កវិទ្យា រួមទាំងមុខវិទ្យា STEM ផ្សេងទៀតដូចជារូបវិទ្យា និងគីមីវិទ្យាជាដើម។
សាលាមួយនេះប្រើពីរភាសារួមមាន ខ្មែរនិងអង់គ្លេស ប៉ុន្តែ e2STEM ចង់ផ្តោតលើការប្រើប្រាស់អង់គ្លេសឲ្យបានច្រើន។ មុខវិជ្ជាទូទៅនឹងបង្រៀនជាភាសាខ្មែរ ប៉ុន្តែនៅពេលអនុវត្តន៍លំហាត់សិស្សត្រូវប្រើភាសាអង់គ្លេស ដោយប្រើសៀវភៅលំហាត់អន្តរជាតិ។ ដោយសារ e2STEM ផ្តោតសំខាន់លើជំនាញ STEM សិស្សនៅទីនេះរៀនដោយប្រើកុំព្យូទ័រ និងកសាងមូលដ្ឋានគ្រឹះទាក់ទងនឹងការសរសេរកូដតាំងពីនៅក្មេងៗ អ្វីដែលពិសេសនោះនៅទីនេះគឺ មានឧបករណ៍និងម៉ាស៊ីនពិសោធន៍ទំនើបៗលើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងរ៉ូបូតថែមទៀតផង។
២/. សមាគមសហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association
សមាគមសហគ្រិន ចិន-ថៃ នៅកម្ពុជា ជាសមាគមដែលបង្កើតឡើងក្នុងគោលបំណងជួយដល់សិស្សនិស្សិតកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ខាងផ្នែកភាសា និងកុំព្យូទ័រ ដើម្បីអាចប្រើចំណេះជំនាញទាំងនេះទៅប្រឡូកនៅក្នុងទីផ្សារការងារអាស៊ានបាន។ សមាគមសហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association បានបង្កើតវគ្គសិក្សាថ្មី ដោយចាប់ទទួលសិស្សចូលរៀន រហូតដល់ទៅ ៥០០នាក់ បើកបង្រៀនពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ និងមិនគិតប្រាក់សូម្បីតែមួយរៀល។ សមាគមនេះ មានបង្រៀនភាសាអង់គ្លេស ថៃ ចិន និងជប៉ុន ដែលសុទ្ធសឹងជាភាសាកំពុងត្រូវប៉ាន់ នាក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងតាមរយៈ page «សមាគមសហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association » ឬអាចទៅកន្លែងសិក្សាផ្ទាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៥៩៨ បឹងកក់២ ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ។
៣/. ក្រុមជំនុំជីវិតថ្មី New Life Fellowship, Cambodia
ក្រុមជំនុំជីវិតថ្មី មានបើកវគ្គសិក្សា ជាច្រើនដូចជា ភាសាអង់គ្លេស តន្រ្តី ការអប់រំផ្លូវចិត្ត និងមានវគ្គសិក្សាផ្នែកកុំព្យូទ័រ ព្រមទាំងកាត់ត និងថតរូបភាពផ្សេងៗផងដែរ។ សម្រាប់ទីតាំងស្ថិតនៅផ្សារទំនើបស្ទឹងមានជ័យថ្មី ហើយកន្លែងសិក្សានេះ មានអគារធំទូលាយមែនទែន ថែមទាំងមានគ្រូបង្គោលជាជនជាតិបរទេសថែមទៀតផង។ ដើម្បីទទួលបានព័ត៌មានបន្ថែមកាន់តែច្បាស់ អ្នកអាចទំនាក់ទំនងតាមរយៈPage ដែលមានឈ្មោះថា «ក្រុមជំនុំជីវិតថ្មី New Life Fellowship, Cambodia »។
យ៉ាងណាមិញ សម្រាប់បងប្អូនដែលចង់រៀនតែគ្មានលទ្ធភាព នេះគឺជាឱកាសដ៏ល្អមួយដែលពុំគួរមើលរំលងឡើយ ត្បិតមានពាក្យមួយឃ្លាបានលើកឡើងយ៉ាងដូច្នេះថា៖ «បើអ្នកឈប់រៀនព្រោះតែក្រ អ្នកនឹងក្រព្រោះតែឈប់រៀន»។ ប្រសិនបើអ្នកពិតជាស្រលាញ់ការសិក្សាមែន ចូរប្រឹងប្រែងបំបែកផ្លូវទាល់ កសាងអនាគតដែលអ្នកចង់បានចេញពីបាតដៃខ្លួនឯង លាត់ដៃអាវធ្វើឲ្យពេញទំហឹង ថ្ងៃរបស់អ្នកនឹងមកដល់៕ សំណាងល្អណា៎!
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦