នៅឆ្នាំ២០២៣នេះយើងសង្កេតឃើញថា តម្លៃហាងឆេងមាសបន្តហក់ឡើងគួរឲ្យកត់សម្គាល់ ហើយបើគិតត្រឹមថ្ងៃនេះ តម្លៃមាសលើទីផ្សារអន្តរជាតិឡើងដល់១,៨៧៧ដុល្លារក្នុងមួយអោន( ស្មើនឹង២,២៦១ដុល្លារក្នុងមួយតម្លឹង) នេះបើយោងតាមវេបសាយGoldprice។
កាលពីពេលថ្មីៗនេះ លោក Juerg Kiener ប្រធាននាយកគ្រប់គ្រងក្រុមហ៊ុន Swiss Asia Capital បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងពី២,៥០0ដុល្លារទៅ៤,០០០ដុល្លារក្នុងមួយអោននៅអំឡុងពេលណាមួយនៅឆ្នាំ២០២៣នេះ។
លោកបន្តទៀតថាវាជាឱកាសល្អសម្រាប់ទីផ្សារមាសក្នុងការធ្វើចលនាហក់ឡើងពោលគឺមិនមែនហក់ឡើងត្រឹម១០ឬ២០%នោះទេ តែវាអាចនឹងហក់ឡើងខ្ពស់បំបែកកំណត់ត្រាតម្លៃថ្មីទៀតផង។ លោកបានបង្ហាញហេតុផលមួយចំនួនដែលអាចនឹងធ្វើឲ្យហាងឆេងមាសឡើងថ្លៃ។ ត្រង់នេះលោកបានពន្យល់ថាសេដ្ឋកិច្ចប្រទេសជាច្រើននឹងជួបវិបត្តិនៅក្នុងឆ្នាំ២០២៣ខាងមុខជាពិសេសនៅត្រីមាសទីមួយដែលធ្វើឲ្យធនាគារកណ្ដាលនៃប្រទេសមួយចំនួនធំចាប់ផ្ដើមបន្ថយការដំឡើងការប្រាក់របស់ខ្លួនដែលធ្វើឲ្យទីផ្សារមាសមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។
លោក Juerg Kiener ក៏បានបង្ហើបផងដែរថា អ្នកវិនិយោគអាចសំឡឹកទៅលើមាសខណៈអតិផរណានៅតែខ្ពស់ មាសគឺជារបស់ដែលអាចប្រឆាំងនឹងការកើនឡើងនៃអតិផរណាដែលអ្នកគួរតែវិនិយោគដើម្បីបញ្ចូលទៅក្នុងផលប័ត្រវិនិយោគរបស់អ្នក។
តើពេលនេះអ្នកទិញទុកឬទេ?
បើតាមការលើកឡើងរបស់លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន Golden Fortune Derivatives Exchange បានឲ្យដឹងថាឆ្នាំ២០២៣តម្លៃចាប់ផ្ដើមហក់ឡើងព្រោះតែមានការព្រួយបារម្ភពីបញ្ហាកូវីដ១៩ បញ្ហាវិបត្តសេដ្ឋកិច្ចដែលអាចកើតឡើងនៅពេលខាងមុខនិងបញ្ហាអតិផរណានៅខ្ពស់។
យ៉ាងណាមិញ លោកលើកឡើងថាបើទោះបីជាតម្លៃមាសងើបឡើងក៏ដោយ តែបើមើលមកតម្លៃពិតប្រាកដរបស់មាសឃើញថាតម្លៃវាមិនសមនឹងតម្លៃបច្ចុប្បន្ននោះទេ។ ត្រង់នេះតាមការយល់ឃើញរបស់លោក តម្លៃមាសបច្ចុប្បន្ននៅខ្ពស់ ហើយបច្ចុប្បន្នតម្លៃមាសគួរតែ១,៦០០ទៅ១,៧០០ដុល្លារជាងក្នុងមួយអោន តែប៉ុន្ដែដោយសារមនុស្សមួយចំនួនសម្រុកទិញមាសទុកទើបធ្វើឲ្យតម្លៃមាសឡើងថ្លៃ។
លោកបានបន្ថែមទៀតថា តាមទស្សនៈរបស់លោកផ្ទាល់ លោកយល់ថា ហាងឆេងមាសទោះជាវាបន្តឡើងក៏មិនឡើងខ្លាំងទៀតដែរ ដោយសារធនាគារកណ្ដាលអាមេរិក( Fed) នឹងមិនកាត់អត្រាការប្រាក់ដុល្លារនោះទេ ពោលគឺគាត់នៅតែប្រកាន់ជំហប្រឆាំងនឹងអតិផរណា ដែលជាសម្ពាធមួយមិនឲ្យមាសហក់ឡើងខ្ពស់បាន។
ចំពោះសំណួរសួរថា តើពេលនេះគួរទិញមាសទុកឬទេ លោកបានផ្ដល់យោបល់ថាបើទិញមាសទុកគឺអាចទិញទុករយៈពេលខ្លី។ ត្រង់នេះលោកបញ្ជាក់ថាអំឡុងពេលនេះសន្ទុះមាសហក់ឡើងតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្ដែវាអាចនឹងធ្លាក់មកវិញខ្លាំង ដូច្នេះគួររងចាំវាធ្លាក់សិនចាំទិញទុក។
ចង់ទទួលបានគំនិតទាក់ទងការប្រើលុយឲ្យមានប្រសិទ្ធភាពនិងការវិនិយោគដើម្បីបង្កើតភាពមានបានអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong