ការសិក្សា៖ មនុស្សដែលមានកម្ពស់ទាប អាចរស់បានយូរជាងអ្នកមានកម្ពស់ខ្ពស់ ព្រោះមូលហេតុធំៗ២នេះ
Kan DaraFEBRUARY 27 20231.7 K views

តើអ្នកមានកម្ពស់ប៉ុន្មាន? ស្របពេលមានមតិជជែកដេញដោលក្តៅគគុកជុំវិញប្រធានបទកម្រិតកម្ពស់ តាមការសិក្សាថ្មីមួយបង្ហាញថា អ្នកមានកម្ពស់ទាប អាចមានលទ្ធភាពរស់នៅបានយូរជាងអ្នកដែលមានកម្ពស់ខ្ពស់។ ខាងក្រោមនេះគឺជាហេតុផលធំៗ២ ធ្វើឲ្យអ្នកមានកម្ពស់ទាបៗអាយុវែង៖

១/. មិនត្រូវការការបណ្តុះកោសិកាច្រើន

លោក Jean-Marie Robine អ្នកជំនាញប្រជាសាស្រ្ត បានលើកឡើងថា៖ «​បច្ចុប្បន្ន​នេះសម្រាប់​មនុស្ស​ដែល​មាន​រាងទាប អាចរស់​បាន​យូរ​ជាង​អ្នករាង​ខ្ពស់»។ លោកបានបន្តទៀតថា៖ «នៅពេលដែលអ្នកមានកម្ពស់ខ្ពស់ អ្នកត្រូវការការចម្លងកោសិកាបន្ថែមទៀត ដើម្បីបំពេញរាងកាយរបស់អ្នក ហើយវាអាចធ្វើឲ្យអ្នកអស់កម្លាំងលឿនជាងមុន»។ ក្នុងនោះ តាមការស្រាវជ្រាវមួយទៀតរបស់ Elsevier កាលពីឆ្នាំ២០០៣ ក៏បានរកឃើញថា៖ «រាងកាយទាប មានអត្រាមរណភាពទាប និងលទ្ធភាពប្រឈមជំងឺរ៉ាំរ៉ៃទាក់ទងនឹងរបបអាហារតិចជាងមុន ជាពិសេសក្នុងវ័យកណ្តាល»

ក្នុងចំណោមអត្តពលិកហ្វាំងឡង់ជាង ២,៥០០នាក់ ដែលសុទ្ធតែជាបុរសអ្នកជិះស្គីឆ្លងប្រទេសមានកម្ពស់ទាបជាងអ្នកលេងបាល់បោះប្រហែល ៦អ៊ីញ (១៥.២៤cm) ជាធម្មតាអាចរស់នៅបានយូរជាងជិត៧ឆ្នាំឯណោះ។ ហើយនៅពេលប្រៀបធៀបបុរសដែលបានបម្រើការក្នុងជួរកងទ័ពអ៊ីតាលី ការសិក្សាមួយបានរកឃើញថាទាហានដែលមានកម្ពស់ទាបជាងប្រហែល ៥ហ្វីត៤ (១៦២.៥៦cm) រស់នៅបានយូរជាងក្រុមទាហានដែលមានកម្ពស់ខ្ពស់ជាងនេះរហូតដល់ពីរឆ្នាំ។

/. កម្រិតអរម៉ូនលូតលាស់មានឥទ្ធិពលលើអាយុ

លោក David Sinclair សហស្ថាបនិក និងជាទីប្រឹក្សាវិទ្យាសាស្ត្រនៃ Tally Health បាននិយាយថា៖ «អ្នកមានរាងតូច កម្ពស់ទាប មិនថាជាសត្វឆ្កែ ឬមនុស្សទេ អាចមានលទ្ធភាពរស់បានយូរ»។ លោកបានបន្ថែមថា៖ «ភាពខុសគ្នាដ៏ធំរវាងកម្ពស់បុរសនិងស្ត្រី ​ដោយ​សារ​​ភាព​ខុស​គ្នា​នៃ​កម្រិត​អ័រម៉ូន​លូតលាស់ ដែលបុរសមាន​ខ្ពស់​ជាង​​ស្ត្រី ហើយកម្រិតអរម៉ូនលូតលាស់នេះមានឥទ្ធិពលលើអាយុ»

ជាមធ្យម ស្ត្រីអាមេរិកដែលមានអាយុលើសពី ២០ឆ្នាំមានកម្ពស់ ៦៣.៧អ៊ីញ (១៦១.៧៩៨cm) នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ប្រភពមួយចំនួនដូចជា Our World in Data ប៉ាន់ប្រមាណថា កម្ពស់ជាមធ្យមសម្រាប់ស្ត្រីនៅលើមាត្រដ្ឋានសកលគឺ ១៥៩.៥សង់ទីម៉ែត្រ(cm)។

ចំណែកឯបុរសដែលមានកម្ពស់ ១៧៥.៣សង់ទីម៉ែត្រ(cm) ឬតិចជាងនេះ រស់នៅជាមធ្យម ៤.៩៥ឆ្នាំយូរជាងអ្នកដែលមានកម្ពស់លើសពី ១៧៥.៣សង់ទីម៉ែត្រ(cm) ខណៈដែលបុរសមានកម្ពស់ ១៧០.២សង់ទីម៉ែត្រ(cm) ឬតិចជាងរស់នៅ ៧.៤៦ឆ្នាំយូរជាងអ្នកដែលមានកម្ពស់ ១៨២.៩សង់ទីម៉ែត្រ(cm)។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ NCBI។

យ៉ាងណាមិញ មិនថាអ្នកមានកម្ពស់ប៉ុន្មាននោះទេ ចូរថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តខ្លួនឯងឲ្យបានល្អដូចជា សមាធិ ហាត់ប្រាណ ញ៉ាំអាហារសុខភាព លេងកីឡា ឬទៅធ្វើអ្វីដែលជួយដល់រាងកាយមាំមួន ផ្លូវចិត្តរឹងមាំ។ ត្បិតសុខភាពគឺជាលេខមួយ(១) រីឯបញ្ញាប្រៀបបាននឹងលេខសូន្យ(០) សមិទ្ធផល(០) លាភសក្ការៈ(០) ទ្រព្យធន(០)… ទោះអ្នកមានលេខសូន្យប៉ុន្មានខ្ទង់ តែបើបាត់លេខមួយឈរពីមុខ គ្រប់យ៉ាងគឺឥតន័យខ្លឹមសារអ្វីឡើយ ទទេរស្អាត រលាយដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia