ដាក់គោលដៅប្រចាំឆ្នាំតែងបរាជ័យ សាកប្រើក្បួនកំណត់គោលដៅពិសេស របស់សេដ្ឋីល្បីៗ៤រូបនេះ
ឡុង វឌ្ឍនៈDECEMBER 2 2022974 views

ឆ្នាំចាស់ជិតកន្លងផុតទៅ រីឯឆ្នាំថ្មី២០២៣ក៏ជិតឈានមកដល់ហើយដែរ។ មានមនុស្សមួយចំនួនបានកំណត់គោលដៅរួចរាល់សម្រាប់ឆ្នាំថ្មី រីឯអ្នកខ្លះទៀតក៏មិនទាន់បានកំណត់គោលដៅខ្លួនថា ចង់សម្រេចអ្វីខ្លះដែរ។  ជាទូទៅដើម្បីទទួលបានអ្វីមួយចូលមកក្នុងជីវិត អ្នកត្រូវដឹងឱ្យច្បាស់ថាអ្នកចង់បានអ្វីជាមុនសិន  នេះហើយជាហេតុផលសំខាន់ដែលមនុស្សគ្រប់រូប ត្រូវតែមានគោលដៅប្រចាំឆ្នាំ ប្រចាំជីវិតរៀងៗខ្លួន។

បញ្ហាធំមួយរបស់មនុស្សភាគច្រើនដែលធ្លាប់កំណត់គោលដៅប្រចាំឆ្នាំដែរ ប៉ុន្តែបរាជ័យ គឺដោយសារតែគាត់កំណត់គោលដៅហើយ មិនធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅ មិនបានតាមដានលទ្ធផល ឬមិនបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅឡើយ។

ខាងក្រោមនេះគឺជាតិចនិកនៃការកំណត់គោលដៅរបស់មហាសេដ្ឋី ៤រូប ដើម្បីធ្វើឱ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី អាចទទួលបានលទ្ធផលថ្មីនៅក្នុងជីវិត។

១. មហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft

Bill Gates

សម្រាប់លោក Bill Gate បានកំណត់គោលដៅរបស់ខ្លួនដោយប្រើវិធីសាស្ត្រ OKR ដែលពាក្យ O មកពីពាក្យថា Objective (គោលបំណងដែលអ្នកចង់សម្រេចបាន)។ រីឯពាក្យ KR មកពីពាក្យ Key Result ដែលមានន័យថាលទ្ធផលសំខាន់ៗ ឬគន្លឹះសំខាន់ៗដើម្បីទទួលបានលទ្ធផល ដូចអ្វីដែលយើងកំណត់ទុក។ KR គួរតែមានភាពជាក់លាក់ អាចវាស់វែងនិងអាចផ្ទៀងផ្ទាត់បាន។ ឧ. អ្នកអាចដឹងថាអ្វីដែលអ្នកចង់បាន ប្រសិនបើអ្នកសម្រេចកិច្ចការងារបានត្រឹមចំណុចនេះអ្នកជោគជ័យប៉ុន្មានភាគរយ ឬពេលវេលាណាមួយដែលអ្នកត្រូវសម្រេចឱ្យបានជាដើម។  លោក Bill Gate បានមានប្រសាសន៍ថា ត្រឹមតែមានបេសកម្មល្អមិនទាន់គ្រប់គ្រាន់ទេ។ អ្នកត្រូវការគោលដៅច្បាស់លាស់ ហើយអ្នកត្រូវដឹងពីរបៀបដែលអ្នកនឹងទៅដល់ទីនោះ។

ដូច្នេះប្រសិនបើអ្នកចង់សម្រេចគោលដៅណាមួយមិនថា ការងារ គ្រួសារ ប្រាក់ចំណូល ទំនាក់ទំនង ការអភិវឌ្ឍខ្លួន អ្នកត្រូវកំណត់ថាអ្នកចង់បានអ្វី? តើធ្វើបែបណាដើម្បីសម្រេចបានគោលដៅទាំងនោះ?

២. មហាសេដ្ឋី Ray Dalio សហប្រធានផ្នែកវិនិយោគក្រុមហ៊ុន Bridgewater Associates

105691887 1556634687926ray

សម្រាប់មហាសេដ្ឋីដែលជាស្តេចវិនិយោគមួយរូបនេះវិញ គឺគាត់មិនកំណត់គោលដៅច្រើនពេកនោះទេ ពោលគឺគាត់កំណត់តែគោលដៅធំៗសំខាន់ៗដែលគាត់ចង់សម្រេចបានតែប៉ុណ្ណោះ ព្រោះគាត់គិតថា យើងមិនអាចសម្រេចគោលដៅច្រើនហួសហេតុខ្លាំងពេកក្នុងពេលតែមួយនោះទេ។ គាត់មានប្រសាសន៍ថា “ការជ្រើសរើសគោលដៅណាមួយមានន័យថា យើងត្រូវការបដិសេធនូវអ្វីមួយចំនួនទៀតដែលយើងចង់បាន ដើម្បីទទួលបានរបស់ដែលយើងចង់បានខ្លាំង ឬត្រូវការច្រើនជាងនេះ”។ ម៉្យាងទៀត ការកំណត់យកតែគោលដៅធំៗ សំខាន់ៗ ធ្វើឱ្យគាត់អាចប្រមូលអារម្មណ៍ និងថាមពលដើម្បីផ្ដោតលើគោលដៅនោះឱ្យបានកាន់តែខ្លាំង។

៣. ស្ដេចវិនិយោគ Warren Buffet ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway

Warren Buffett HD Wallpaper Scaled

សម្រាប់មហាសេដ្ឋីរូបនេះ បានប្រើច្បាប់ ៥/២៥ ពោលគឺលោកលើកទឹកចិត្តឱ្យមនុស្សសរសេរគោលដៅតូចធំ សរុប ២៥គោលដៅ បន្ទាប់មកត្រូវកំណត់នូវអាទិភាពគោលដៅដែលសំខាន់បំផុតចំនួន ៥ប៉ុណ្ណោះ​ដែលអ្នកពិតជាចង់សម្រេចខ្លាំងបំផុត។ បន្ទាប់ពីរកឃើញគោលដៅសំខាន់បំផុត ៥នោះហើយ លោកឱ្យបំភ្លេចគោលដៅ២០ទៀត ហើយផ្ដោតអារម្មណ៍ ប្រមូលថាមពលសម្រេចគោលដៅដ៏មានន័យបំផុតចំនួន ៥យ៉ាងនោះឱ្យបានល្អបំផុត។ ក្រោយសម្រេចគោលដៅ៥នេះហើយ ចាំអ្នកដកគោលដៅអាទិភាពចំនួន ៥ទៀត ចេញពីគោលដៅដែលនៅសល់ ហើយបន្តធ្វើបែបនេះរហូតទៅ។

៤. មហាសេដ្ឋី Richard Branson ស្ថាបនិកក្រុមហ៊ុន Virgin Group

Featured Image

សម្រាប់មហាសេដ្ឋីអង់គ្លេស ដែលមានអាជីវកម្មជាង ៤០០ក្រុមហ៊ុនវិញ ការកំណត់គោលដៅរបស់លោកគឺមានភាពសាមញ្ញមែនទែន ពោលគឺគាត់សរសេរនូវរាល់គោលដៅទាំងអស់ដែលគាត់ចង់សម្រេចបានចូលទៅក្នុងបញ្ជីគោលដៅរបស់គាត់មិនថាគោលដៅនោះតូចឬធំនោះទេ។ ជាការពិតណាស់ការសរសេរគោលដៅខ្លួនចេញមកក្រៅគឺបានជួយដល់អត្រានៃការសម្រេចគោលដៅទាំងនោះឱ្យលឿនជាងមុន ៤២ភាគរយឯនោះ នេះបើយោងតាមការសិក្សាមួយនៅបរទេស៕

សូមចុចទីនេះ ដើម្បីតាមដានគំនិតល្អៗជាច្រើនទៀតរបស់អេតមីន ( https://t.me/LongVathanak777

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 0963517713

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia