ស្ថិតក្រោមការដឹកនាំរបស់សហគ្រិនស្រ្តីវ័យក្មេងកញ្ញា ស៊ឹង សុផា បានធ្វើឱ្យម្រេចខ្មែរអាចនាំចេញបានជាច្រើនតោនទៅកាន់ទីផ្សារបរទេសធំៗចំនួន ៧ប្រទេស និងកំពុងត្រៀមខ្លួនដាក់លក់នៅលើវេបសាយចិន Alibaba ថែមទៀតផង។
ថ្លែងប្រាប់ Business Cambodia កញ្ញា ស៊ឹង សុផា បានឱ្យដឹងថាមុនបោះជំហានចូលក្នុងអាជីវកម្មផលិតម្រេច កញ្ញាជាអតីតបុគ្គលិកអចលនទ្រព្យក្នុងក្រុមហ៊ុនឯកជនមួយ លុះក្រោយមកនៅអំឡុងឆ្នាំ ២០១៥ កញ្ញា ក៏បានចាប់ដៃគ្នាជាមួយដៃគូសហការមួយរូបជាជនជាតិហូឡង់ ក្នុងការផ្តួចផ្តើមគំនិតបង្កើតក្រុមហ៊ុន Sela Pepper Cambodia ឡើងមក ។កញ្ញាបានបន្ថែមថា មូលហេតុដំបូងបំផុតដែលធ្វើឱ្យកញ្ញាសម្រេចចិត្តជ្រើសរើសយកការធ្វើអាជីវកម្មម្រេចនេះ ដោយសារកញ្ញាមើលឃើញ ពីសក្តានុពលម្រេចខ្មែរ និងមួយវិញទៀតកញ្ញាមើលឃើញថាអាជីវកម្មនេះហាក់មិនទាន់មានអ្នកធ្វើនៅឡើយទេ កក្តានេះហើយដែលធ្វើឱ្យកញ្ញាចាប់ផ្តើមប្រឡូកចូលក្នុងអាជីវកម្មមួយនេះ។
សហគ្រិនស្រ្តីឆ្នើមរូបនេះ បន្តឱ្យដឹងផងដែរថា នៅអំឡុងពេលចាប់ផ្តើមដំបូងៗកញ្ញាជួបនូវផលវិបាកជាច្រើនដោយសារតែកញ្ញាផ្ទាល់ក៏នៅមានភាពក្មេងខ្ចីក្នុងវិស័យនេះ ការខ្វះធនធានមនុស្ស និងមួយទៀតនោះគឺកង្វះខាតព័ត៌មានទូទៅក្នុងការធ្វើទីផ្សារ និងព័ត៌មានសុវត្ថិភាពចំណីអាហារ ក៏ដូចចំណេះដឹងទាក់ទងទៅនឹងការធ្វើឱ្យម្រេចក្លាយជាផលិតផលដែលមានគុណភាព ស្តង់ដារ ដែលអតិថិជនចង់បាន។
តែទោះជាមានឧបសគ្គច្រើនយ៉ាងណាក្តីក៏មិនបានបង្អាក់ដំណើរឆ្ពោះទៅមុខរបស់ Sela Pepper បានដែរ ដោយស្ថិតក្រោមការដឹកនាំ និងមើលការខុសត្រូវពី CEO វ័យក្មេង ស៊ឹង សុផា បានធ្វើឱ្យយីហោម្រេចខ្មែរដែលមិនសូវមានគេស្គាល់ បានក្លាយខ្លួនទៅជាយីហោម្រេចល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ដែលមានវត្តមាននៅក្នុងផ្សារទំនើបធំៗជាច្រើនក្នុងប្រទេសកម្ពុជា និងទីផ្សារពិភពលោកចំនួន ៧ប្រទេស ដែលមានដូចជាប្រទេស កូរ៉េ ជប៉ុន អាល្លីម៉ង ផលែន វៀតណាម ថៃ និង តៃវ៉ាន់។
ជាមួយគ្នានេះដែរ ចំពោះមូលហេតុដែលធ្វើឱ្យម្រេចខ្មែរអាចមានឱកាសចាប់យកទីផ្សារបរទេសបានដល់ទៅ ៧ប្រទេស និងកំពុងត្រៀមខ្លួនឡើងដល់ការលក់លើវេបសាយ Alibaba នោះគឺដោយសារតែចំណុចធំៗមួយចំនួនដូចជា ៖ ១.រៀបចំផលិតផលឱ្យត្រឹមត្រូវទៅតាមស្តង់ដារនៃការនាំចេញ ២.មានការចុះបញ្ជី បាកូត ត្រឹមត្រូវទៅតាមការចង់បានរបស់ទីផ្សាក្រៅប្រទេស ៣.ជាមួយនឹងការរៀបចំឯកសារពីផលិតផលក៏ដូចជាកសហការជាមួយរាជរដ្ឋាភិបាលដើម្បីឱ្យមានការយោគយល់លើការនាំចេញជាដើម។
ក្នុងនោះដែរ ជាមធ្យមក្រុមហ៊ុន Sela Pepper Cambodia អាចប្រមូលទិញម្រេចពីប្រជាកសិករបានចំនួន ១០០តោនក្នុងមួយឆ្នាំ ដោយបាននាំចូលក្នុងរោងចក្រនិងធ្វើការកែច្នៃក្លាយជាផលិតផលសម្រេចរហូតអាចនាំចេញបានទៅកាន់ប្រទេសនីមួយៗបាន ដែលនេះជាសមិទ្ធផលមួយដែលធំដែលក្រុមហ៊ុន Sela Pepper បានសម្រេចបាន ដោយបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារដល់ប្រជាកសិករតាមសហគមន៍ ជាមួយនឹងការលើកស្ទួយផលិតផលជាតិទៅកាន់ទីផ្សារពិភពលោកថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញទៅក្រៅប្រទេស និងមានឱកាសឈានជើងចូលទៅក្នុងការទំនើបធំៗក្នុងស្រុករួចហើយ នាពេកខាងមុខឆាប់ៗនេះ Sela Pepper ក៏នឹងត្រៀមបញ្ចេញផលិតថ្មីមួយបន្ថែមទៀតជាប្រភេទកញ្ចប់តូចៗដើម្បីត្រៀមងាយលុកដេប៉ូតាមបណ្តាខេត្តថែមទៀតផង៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង