ខណៈស៊ីហ្គេមនៅប្រទេសកម្ពុជាបានបញ្ជាប់ ប្រទេសថៃក៏បានត្រៀមខ្លួន និងជ្រើសទីតាំងហើយរួចជាស្រេចសម្រាប់ធ្វើការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NATION THAILAND នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បានឱ្យដឹងថា "ទីក្រុងបាងកក ឈុនបុរី និងសុងក្លា ត្រូវបានជ្រើសរើសជាខេត្តធ្វើជាម្ចាស់ផ្ទះនៃស៊ីហ្គេម ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៥"។ លោកស្រីបានបន្តទៀតថាមូលហេតុដែលប្រទេសថៃជ្រើសរើសទីតាំងទាំងនេះ ជាទីតាំងប្រកួតព្រោះផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា កីឡដ្ឋាន កន្លែងស្នាក់នៅ អាហារ មន្ទីរពេទ្យ ការដឹកជញ្ជូន ទីផ្សារ បុគ្គលិក សេវាសាធារណៈ បច្ចេកវិទ្យាព័ត៌មាន ថវិកា និងការចូលរួមពីសាធារណៈជន។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ដែលមានកម្ពុជាជាម្ចាស់ផ្ទះត្រូវបានបិទនៅថ្ងៃទី១៧ ខែ៥ ឆ្នាំ២០២៣ ខណៈប្រទេសវៀតណាមទទួលបានមេដៃមាសច្រើនជាង ដែលមានចំនួន១៣៦មេដៃ ខណៈថៃ ១០៨ ឥណ្ឌូនេស៊ី ៨៦ និងកម្ពុជាចំនួន ៨១មេដៃ៕