មេធំChatGPT កំពុងរកស៊ីជំនួញ១០០លានដុល្លារ លើគម្រោងប្រើAIថ្មី ស្កេនក្រយៅភ្នែកមនុស្ស
ឡុង វឌ្ឍនៈMAY 21 2023490 views

បច្ចេកវិទ្យាឆ្លាតវៃ Chat GPT របស់ក្រុមហ៊ុន OpenAI ដែលមានលោក Sam Altman  ជាសហស្ថាបនិក បានធ្វើឱ្យពិភពលោកបោះពួយក្រសែភ្នែក ស្រូបចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា អំពីសមត្ថភាពពិសេសអស្ចារ្យជាច្រើន មិនចាញ់មនុស្ស។ ជាក់ស្ដែងត្រឹមរយៈពេល ២ខែប៉ុណ្ណោះ បច្ចេកវិទ្យាថ្មីនេះត្រូវបានគេប៉ាន់ស្មានថាមានអ្នកប្រើខ្ទង់ ១០០លាននាក់ទៅហើយ។

ទន្ទឹមនឹងភាពល្បីល្បាញនេះ គេក៏មិនអាចភ្លេចដែរថា នៅមានមហាសេដ្ឋីចាស់វស្សាមួយរូបនេះគឺលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ក៏បានបោះទុនវិនិយោគក្នុងបច្ចេកវិទ្យាពិសេសនេះខ្ទង់ ១០ពាន់លានដុល្លារឯនោះ នេះបើយោងតាម Bloomberg។ មិនតែប៉ុណ្ណោះ សេដ្ឋីរូបនេះថែមទាំងបោះសម្ដីថា បច្ចេកវិទ្យានេះនឹងធ្វើឱ្យពិភពលោកផ្លាស់ប្ដូរខ្លាំងដូចជា កុំព្យូទ័រ និងអ៊ីនធឺណែតអ៊ីចឹងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក Sam Altman បានកំពុងងាកចូលទៅក្នុងគម្រោងចាស់១ របស់លោកក្នុងវិស័យគ្រីបតូឈ្មោះ Worldcoin ដែលជាគម្រោងតម្លៃ ១០០លានដុល្លារ ផ្ដោតលើលុយឌីជីថលដែលប្រើបច្ចេកវិទ្យា AI ស្កេនក្រយៅភ្នែកមនុស្ស ដោយលោកមានក្ដីស្រមៃថា វានឹងក្លាយជាលុយឌីជីថលដែលមនុស្សនៅលើផែនដីនឹងប្រើប្រាស់គ្រប់ៗគ្នា។

វាមិនសូវខុសអ្វីពី Bitcoin ដែលមានភាពល្បីល្បាញទូទាំងសកលលោកនោះទេ ប៉ុន្តែសម្រាប់លុយឌីជីថល ដែលលោកកំពុងធ្វើនេះ គឺមានប្រព័ន្ធសុវត្ថិភាពពិសេស  ដែលអាចធ្វើការស្កេនក្រយៅភ្នែកមនុស្ស​ ដោយមិនទាមទារឈ្មោះនោះទេ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា បុគ្គលម្នាក់នោះ គឺជាមនុស្សពិតប្រាកដ ជាម្ចាស់នៃគណនីលុយឌីជីថល មិនមែនជារ៉ូបូតនោះទេ។

បច្ចុប្បន្នគម្រោងរបស់លោក ត្រូវបានមនុស្សចំនួន ១.៧លាននាក់ចុះឈ្មោះប្រើប្រាស់ ដែលវាមានល្បឿនលឿនជាង Bitcoin ដែលត្រូវចាយពេលវេលា ១៤ឆ្នាំ ដើម្បីមានអ្នកប្រើប្រាស់ ១លានគណនី កាន់កាក់ម្នាក់១។

ដោយឡែក បើក្រឡែកមកមើល ChatGPT វិញ គឺចំណាយពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ដើម្បីទាញអ្នកប្រើប្រាស់ ១លាននាក់ជាលើកដំបូង ដែលនេះជាសញ្ញាវិជ្ជមានខ្ពស់ ជួយឱ្យ Worldcoin ងាយនឹងទទួលបានភាពជោគជ័យខ្ពស់ ពេលបច្ចេកវិទ្យាទាំង២ផ្សារភ្ជាប់គ្នាឱ្យកាន់តែរលូន។

បើសិនគម្រោងរបស់លោកអាចទទួលបាននូវភាពជោគជ័យ Worldcoin អាចនឹងក្លាយជារូបិយបណ្ណឌីជីថលទំនើប ដែលអាចជំនួសនូវក្រដាសប្រាក់ និង រូបិយបណ្ណឌីជីថលផ្សេងៗទៀត៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia