ឯកឧត្ដម ស៊ុន ចាន់ថុល ថាក្រវាត់ក្រុងទី៣ នឹងពេញលេញរូបរាងនៅពេលសាងសង់តំបន់ភាគខាងកើតភ្នំពេញ
Bunthoeun KoemMARCH 1 20233 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងក្រវាត់ក្រុងទី៣ នឹងលេចរូបរាងជាក្រវាត់ពេញលេញ នៅពេលសាងសង់បន្ថែមប៉ែកខាងកើតរាជធានីភ្នំពេញ។ ដោយឡែកបច្ចុប្បន្ន គម្រោងក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ សម្រេចការសាងសង់ ៩០ ភាគរយហើយៗគ្រោងបញ្ចប់នៅខែឧសភា ខាងមុខនេះ។

333111614 1260548464857955 5789882838691908285 N

ថ្លែងនៅក្នុងពិធីចុះពិនិត្យផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍ថា « ក្រវាត់ក្រុងទី៣នេះមិនទាន់គ្រប់ជាក្រវាត់នៅឡើយទេ ពាក់កណ្ដាលក្រវាត់ទេ ដោយសារប៉ែកខាងកើតយើងអត់ទាន់មាន។ ប៉ុន្ដែសួរថាយើងមានផែនការទេ? មាន! យើងមានផែនការសាងសង់ប៉ែកខាងកើត ហើយបានដាក់ក្នុងគម្រោងរំកិល ៥ ឆ្នាំរបស់មិត្ដចិន ដើម្បីយកថវិកាមកសាងសង់ឲ្យជុំតែម្ដង អាហ្នឹងទើបហៅថាក្រវាត់ក្រុងមែនទែន។ ឥឡូវធ្វើបានពាក់កណ្ដាលក្រវាត់សិន»

តាមការបញ្ជាក់ពីក្រសួងបានឲ្យដឹងថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួររំលឹកដែរថា ក្រវាត់ក្រុងទី៣នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

334201015 512051904436867 7071956665439714202 N

333313362 166376399500210 4212495212555922786 N

334069678 218388107238317 6082087314625887713 N

333717389 1057265595663952 6433776509151158026 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia