ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ ក្រសួងមហាផ្ទៃតាមរយៈនាយកដ្ឋានអត្តសញ្ញណកម្ម បានដាក់ចេញសេចក្តី ណែនាំថ្មីស្តីពីបែបបទនិងនីតិវិធីនៃការកែតម្រូវទិន្នន័យ លើលិខិតអត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន លើករណីទិន្នន័យដែលបានសរសេរខុសឬភាន់ច្រឡំ ឬខកខានមិនបានបំពេញព័ត៌មាន។
ដោយក្នុងនោះកំហុសបច្ចេកទេសរបស់ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងករណីណាមួយដូចជា ការខុសឆ្គងអក្ខរាវិរុទ្ធលើ នាមត្រកូលនិង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថាសូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នាប៉ុន្តែការសរសេរខុសគ្នាឬមានកំហុសផ្សេងទៀត)។
ប្រភពពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា ការសរសេរខុស “ភេទ” ស្រីទៅប្រុស ប្រុសទៅស្រី ការភាន់ច្រឡំលើ “ថ្ងៃខែឆ្នាំកំណើត” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ករណីខុសថ្ងៃកំណើតសុរិយគតិ ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា។ និងខុសថ្ងៃកំណើតចន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ១៩៨៩ ប៉ុន្តែជាក់ស្តែង ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៩ ជាថ្ងៃអង្គារ ។
ក្នុងនោះការមានការភាន់ច្រឡំលើ “ទីតាំងភូមិសាស្ត្ររដ្ឋបាល” ដូចជាសរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែជាក់ស្តែងស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវដូចគ្នាដែរ។ បន្ថែមពីលើនេះ ករណីមានខ្ទង់ទីកន្លែងកំណើត បានសរសេរខុសពីទីកន្លែងកំណើតដែលសាមីខ្លួនបានកើតជាក់ស្តែងឬសរសេរ ខុសទីតាំងភូមិសាស្ត្ររដ្ឋបាលនាសម័យដែលបុគ្គលនោះកើត។
ឧទាហរណ៍ បញ្ជីកំណើតរបស់បុគ្គលម្នាក់បានចុះថាកើតឆ្នាំ១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំប ពីព្រោះនៅឆ្នាំ១៩៨៥ មិនទាន់បង្កើតខេត្តបន្ទាយមានជ័យនៅឡើយ និងការខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន។
លើកលែងតែករណីបន្ថែមទិន្នន័យព័ត៌មានណាដែលធ្វើឱ្យសាមីខ្លួនរួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់ និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ ក៏សុទ្ធតែអាចស្នើសុំកែតម្រូវបានដូចគ្នា។
យ៉ាងណាមិញចំពោះករណីខាងលើនេះគឺអាចស្នើសុំកែតម្រូវបាន ដោយពុំចាំបាច់ឡើងដល់ស្ថាប័នតុលាការ ដោយខាងក្រោមនេះជានីតិវិធីដោះស្រាយងាយៗដែលអ្នកក៏ត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ។
ចំពោះការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន បើស្ថិតនៅក្នុងឆ្នាំដែលកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា មកទល់ថ្ងៃទី៣១ ខែធ្នូ) គឺលោកអ្នកអាចធ្វើការស្នើបានតាមរយៈ ឃុំ សង្កាត់ របស់ខ្លួនដែលបានចុះបញ្ជី។
ប៉ុន្តែបើផុតពីឆ្នាំដែលអនុវត្តវិញ ការស្នើសុំកែតម្រូវទិន្នន័យ គឺស្ថិតនៅថ្នាក់ជាតិ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ផ្ទុយពីនេះរាល់ការស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលមិនមែនជាសមត្ថកិច្ចរបស់ មន្ត្រីអត្រានុកូលដ្ឋាន ពោលគឺក្រៅពីចំណុចដែលបញ្ជាក់ពីការដែលអាចកែតម្រូវបាននោះ គឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់៕
អត្ថបទ៖ ពីង ជូអេង