នៅឆ្នាំ ២០០៥ សាស្រ្តាចារ្យដុកទ័រ ចន គីម និង រេនម៉ាក់ហ្គែន បានចាប់ផ្តើមធ្វើបដិវត្តន៍ក្នុងយុទ្ធសាស្ត្រជំនួញដោយលើកទឹកចិត្តក្រុមហ៊ុននានាឱ្យជម្លៀសខ្លួនចេញពីដែនទឹកដែលពោរពេញទៅដោយត្រីឆ្លាមកំណាចៗ ទៅកាន់កន្លែងថ្មីមួយជារបស់ខ្លួនវិញ។ លោកបានប្រៀបធៀបយុទ្ធសាស្ត្រទីផ្សារអាជីវកម្ម ប្រៀបបីដូចជាក្នុងសមុទ្រដែលពោរពេញទៅដោយត្រីឆ្លាមអ៊ីចឹងដែរ។ ប្រសិនបើយើងជាត្រីឆ្លាមដែលខ្លាំង យើងអាចយកឈ្នះត្រីឆ្លាមផ្សេងទៀត។ ផ្ទុយទៅវិញប្រសិនបើយើងជាកូនត្រីឆ្លាម ឬជាត្រីឆ្លាមដែលខ្សោយ យើងនឹងក្លាយជាចំណីរបស់ត្រីឆ្លាមដទៃទៀតជាមិនខាន។ រីឯនៅក្នុងពិភពជំនួញវិញ ក៏ដូចគ្នានេះដែរ។
ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវយុទ្ធសាស្ត្រទីផ្សារដ៏ ២ ដែលជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពលសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបគួរដឹង ជាពិសេសអ្នកដែលកំពុងត្រៀមខ្លួនក្នុងការចាប់ផ្ដើមអាជីវកម្មគួរស្វែងយល់ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យអាជីវកម្មរបស់ខ្លួនអាចរស់រាន និងរីកចម្រើនក្នុងទីផ្សារ។ យុទ្ធសាស្ត្រទាំង ២នោះគឺ យុទ្ធសាស្ត្រទីផ្សារ “សមុទ្រខៀវ” និង “សមុទ្រក្រហម”។
១. យុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវ៖ បើនិយាយឱ្យងាយយល់មូលហេតុដែលធ្វើឱ្យទឹកសមុទ្រ នៅតែខៀវជាធម្មតាអាចមកពីសមុទ្រនោះមិនមានសត្វត្រីច្រើន សម្រាប់ប្រកួតប្រជែងគ្នា ខាំគ្នាបង្ហូរឈាម ឬក៏ក្នុងសមុទ្រនោះមានត្រីច្រើនដែរប៉ុន្តែត្រីនីមួយៗស៊ីចំណីផ្សេងៗគ្នា (អាជីកម្មដូចគ្នា ប៉ុន្តែអតិថិជនគោលដៅខុសគ្នា)។ បើប្រៀបធៀបមកបរិយាកាសអាជីវកម្មវិញគឺ អាជីវកម្មនៅក្នុងទីផ្សារមិនមានការប្រកួតប្រជែងគ្នា ឬមានការប្រកួតប្រជែងគ្នាតិចតួចបំផុត។ សហគ្រិនដែលចូលក្នុងទីផ្សារសមុទ្រខៀវ គឺពួកគេព្យាយាមធ្វើឱ្យអាជីវកម្មរបស់ពួកគេជៀស ចេញផុតពីទីផ្សារសមុទ្រក្រហម(ការប្រកួតប្រជែងគ្នាខ្លាំង) ដើម្បីយកអាជីវកម្មរបស់ខ្លួនទៅបង្កើតនូវទីផ្សារថ្មីមួយសម្រាប់ខ្លួនឯង ដែលមិនទាន់មានអ្នកផ្សេងចូលនៅឡើយ។ យុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវ ពួកគេព្យាយាមស្វែងយល់ពីតម្រូវការអតិថិជនដែលមិនទាន់មានអាជីវកម្មណាមួយបំពេញនៅឡើយ។ ម៉្យាងទៀត ពួកគេអាចចាប់ផ្ដើមកំណត់នូវអតិថិជនគោលដៅសម្រាប់ខ្លួនឯង ដែលខុសពីដៃគូប្រកួតប្រជែងជាដើម (បើគេចាប់យកមនុស្សចាស់ៗ យើងអាចចាប់យកមនុស្សក្មេងៗជាដើម)។ រីឯចំណុចដ៏សំខាន់មួយទៀតគឺ យើងត្រូវព្យាយាមបង្កើតឱ្យអតិថិមានមានតម្រូវការទៅលើផលិតផលឬសេវាកម្មរបស់យើង។
ចំពោះគុណសម្បត្តិនៃការប្រើនូវយុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវនេះគឺ៖
រីឯគុណវិបត្តិវិញគឺ៖
- យុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវវាជាយុទ្ធសាស្ត្រដែលថ្មីដែលពេលខ្លះមិនប្រាកដថាវាអាចទទួលជោគជ័យនោះទេ។ យុទ្ធសាស្ត្រនេះមានហានិភ័យខ្ពស់ (យើងជាអ្នកបង្រៀនទីផ្សារ) និងត្រូវទាមទារឱ្យមានការធនធានច្រើន។
- ងាយនឹងត្រូវគេចម្លងតាម ធ្វើឱ្យយុទ្ធសាស្ត្រសមុទ្រខៀវដែលយើងខំបង្កើតយ៉ាងលំបាក ប្រែក្លាយជាទីផ្សារសមុទ្រក្រហមក្នុងរយៈពេលដ៏ខ្លី (គេឃើញយើងជោគជ័យគេក៏ព្យាយាមចម្លងតាម ឬធ្វើឱ្យដូចយើង)។
- អត្រាអ្នកដែលអនុវត្តន៍យុទ្ធសាស្ត្រនេះជោគជ័យតិចតួចបំផុត។
- ត្រូវការធនធាន ពេលវេលាច្រើន ដើម្បីបង្រៀនអតិថិជន និងបង្កើតឱ្យអតិថិជនមានតម្រូវការលើផលិតផលឬសេវាកម្មរបស់យើង។
២. យុទ្ធសាស្ត្រទីផ្សារសមុទ្រក្រហម៖ បើសិនប្រៀបធៀបឱ្យងាយយល់មូលហេតុដែលធ្វើឱ្យទឹកសមុទ្រពណ៌ខៀវប្រែទៅជាពណ៌ក្រហម គឺព្រោះតែការហូរឈាមរបស់ត្រីឆ្លាមក្នុងសមុទ្រ នៅពេលដែលត្រីឆ្លាមកំពុងខាំគ្នាប្រកួតប្រជែងគ្នាទៅវិញទៅមករហូតដល់ខ្លះរងរបួស ខ្លះស្លាប់ជាដើម។ នេះគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបមកក្នុងបរិយាកាសអាជីវកម្មវិញ ទីផ្សារសមុទ្រក្រហម ជាទីផ្សារមួយដែលពោរពេញទៅដោយការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា រហូតដល់ធ្វើឱ្យអាជីវកម្មដែលខ្សោយដួលរលំជាបន្តបន្ទាប់ ហើយមានតែអាជីវកម្មដែលខ្លាំងតែប៉ុណ្ណោះដែលអាចរស់រានក្នុងទីផ្សារ និងក្លាយជាអ្នកដឹកនាំទីផ្សារ។ យុទ្ធសាស្ត្រសមុទ្រក្រហម គឺជាយុទ្ធសាស្ត្រមួយដែលមានគោលបំណង ប្រយុទ្ធផ្តួលរលំដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារ។ យុទ្ធសាស្ត្រសមុទ្រក្រហមមានលក្ខណៈរួមដូចខាងក្រោមៈ
- ពួកគេផ្តោតលើការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានអាជីវកម្មជាច្រើនក្នុងវិស័យដូចគ្នារួចហើយ។
- ពួកគេផ្តោតលើការផ្តួលគួរប្រកួតប្រជែងដើម្បីក្លាយជាអ្នកដឹកនាំទីផ្សារ។
- ផ្ដោតទៅលើការផ្ដល់គុណតម្លៃរបស់ផលិតផល ឬសេវាកម្មរបស់អាជីវកម្មខ្លួនឱ្យខ្ពស់ ប៉ុន្តែតម្លៃក៏ខ្ពស់ ឬផ្ដល់នូវគុណតម្លៃសមរម្យ ប៉ុន្តែតម្លៃក៏សមរម្យសមនឹងតម្លៃ។
- ព្យាយាមធ្វើឱ្យការចំណាយលើការផលិត ផលិតផលឬសេវាកម្មទាបជាងដៃគូប្រកួតប្រជែង (តម្លៃចុះថោក តម្រូវការកើនឡើង)...។
អត្ថប្រយោជន៍នៃយុទ្ធសាស្ត្រទីផ្សារសមុទ្រក្រហមនេះគឺ យើងអាចមើលឃើញទីផ្សារត្រូវបានគេបង្កើតឡើងរួចហើយ មានតម្រូវការរួចហើយ ដែលយើងមិនចាំបាច់ធ្វើការសិក្សាស្រាវជ្រាវពីតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារទៀតនោះទេ។ ចំណុចមួយទៀតគឺយើងអាចមើលឃើញយ៉ាងច្បាស់ថាផលិតផល ឬសេវាកម្មណាដែលអតិថិជនកំពុងត្រូវការបំផុត។
រីឯគុណវិបត្តិវិញគឺ៖
- ពិបាកក្នុងការផ្ដួលដៃគូប្រកួតប្រជែង ជាពិសេសអាជីវកម្មដែលមានទុនច្រើន។
- ចំណែកទីផ្សារត្រូវបានជ្រៀកជាចំណែកៗតូចៗ។
ជាសង្ខេបមកវិញ នេះគ្រាន់តែជាការបកស្រាយដោយសង្ខេបៗតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ច្រើនទាក់ទងនឹងយុទ្ធសាស្ត្រសមុទ្រខៀវ និងក្រហម មុននឹងសម្រេចចិត្តថាគួរតែយកយុទ្ធសាស្ត្រណាមួយសម្រាប់អាជីវកម្ម។ ប្រសិនបើអ្នកត្រៀមខ្លួនឈានចូលទីផ្សារសមុទ្រក្រហមអ្នកត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រកួតក្នុងទីផ្សារ ហើយត្រូវការភាពឆ្លាតវៃ និងធនធានច្រើនផងដែរ ដើម្បីយកឈ្នះក្នុងទីផ្សារ។ ផ្ទុយទៅវិញសម្រាប់អ្នកដែលត្រៀមខ្លួនចូលទីផ្សារទីផ្សារសមុទ្រខៀវ គួរត្រៀមខ្លួនក្នុងការសិក្សាស្រាវជ្រាវ ប្រើគំនិតច្នៃប្រឌិតឱ្យបានច្រើន ព្យាយាមស្វែងរកចំណុចពិសេសដែលខុសប្លែកពីដៃគូប្រកួតប្រជែង និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ដៃគូប្រកួតប្រជែងថ្មីៗដែលនឹងចូលមកប្រកួតជាមួយអ្នកក្នុងពេលដ៏ខ្លីខាងមុខ។ ដើម្បីសិក្សាស្រាវជ្រាវឱ្យកាន់តែលម្អិតលោកអ្នកអាចស្វែងរកសៀវភៅមួយក្បាលដែលមានចំណងជើងថា Blue Ocean Strategy ដែលសៀវភៅនេះនឹងពន្យល់យ៉ាងលម្អិតអំពី យុទ្ធសាស្ត្រទីផ្សារសមុទ្រខៀវ៕
ទទួលបានចំណេះដឹងល្អៗជាច្រើនទៀត លើផេកផ្ទាល់ខ្លួនខ្ញុំ Long Vathanak - ឡុង វឌ្ឍនៈ
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713
សៀវភៅ "ស្មុគស្មាញ" ជួយឱ្យជីវិតអ្នក រស់នៅមានក្ដីសុខច្រើនជាងមុន !