ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចលើកពេលវេលាដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ១០ ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាជាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងបានឲ្យដឹងថា ចំពោះកាលបរិច្ឆេទ និងពេលវេលានៃការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញផ្លូវជាតិលេខ១០នេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
សូមជម្រាបថា គម្រោងផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ នៃខេត្ដកោះកុង។
ចំពោះការសាងសង់ផ្លូវនេះត្រូវបានចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងបានចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន៕