សម្ដេចធិបតី ឲ្យក្រសួងសាធារណការ និងអ្នកឧកញ៉ា គិត ម៉េង ជម្រុញការសង់ផ្លូវដែកទាំង២ទិសនៅកម្ពុជា
Bunthoeun KoemOCTOBER 14 2024236 views

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ធ្វើយ៉ាងណាបញ្ចប់ការចរចា MOU លើគម្រោងធ្វើឲ្យប្រសើរវិញផ្លូវដែកទាំង២ខ្សែគឺ៖ ភាគខាងជើង (ភ្នំពេញ-ប៉ោងប៉ែត) និងភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) យ៉ាងយូរនៅដាច់ឆ្នាំ២០២៤នេះ។

 

463027530 538861178946388 3049201872447214578 N

 

ការជម្រុញឲ្យភាគីទាំងពីរខាងលើ ប្រញាប់នៅក្នុងការសម្រេច MOU នេះគឺដើម្បីឈានដល់ការកែលម្អ ឲ្យបានប្រសើរជាងមុន ពីព្រោះការធ្វើដំណើរ ពិសេសដឹកជញ្ជូនទំនិញតាមផ្លូវដែកគឺចំណេញពេលវេលា និងតម្លៃ ដឹកជញ្ជូនច្រើន។ ខណៈបច្ចុប្បន្នផ្លូវដែកទាំងពីរទិញនេះនៅមិនទាន់មានភាពល្អប្រសើរសម្រាប់ការដឹកជញ្ជូននៅឡើយនោះទេ។

 

ថ្លែងនៅក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលរៀបចំឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះសម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ផ្លូវដែកឥឡូវយើងមានមួយចម្ហៀងពីជើងទៅត្បូងដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឲ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយនឹងក្រុមហ៊ុនពាក់ព័ន្ធដើម្បីចរចាឲ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះយើងកក់ស្ទះគាំងរាប់សិបឆ្នាំមកហើយ។ ហើយយើងមិនអាចទុកទៀតតទៅទៀតទេត្រូវពង្រឹង»។

 

សម្ដេចបន្ដថា៖ «អ៊ីចឹងសូមអ្នកឧកញ៉ា គិត ម៉េង ហើយខាងឯកឧត្ដម ប៉េង ពោធិ៍នា ធ្វើម៉េចចរចាឲ្យចប់ MOU រឿងផ្លូវដែកហ្នឹង ឲ្យចប់ត្រឹមដាច់ឆ្នាំនេះដើម្បីយើងចាប់ផ្ដើមធ្វើការងារពង្រឹងអាហ្នឹង។ ចប់ទោះមិនល្អឥតខ្ចោះឲ្យតែវាដើរ ផ្ដើមធ្វើដំណើរទៅហើយចាំយើងពង្រឹងទៀតជាគោលការណ៍។ អ៊ីចឹងទាំងក្រុមហ៊ុន ទាំងក្រសួងខ្ញុំឃើញបានជជែកហើយ មានឆន្ទៈក្នុងការធ្វើ។ ឥឡូវថវិកាយើងមានមួយចំនួនសម្រាប់សិ់ក្សាផ្លូវដែក ប៉ុន្ដែយើងចរចាឲ្យហើយចាំដាក់ទៅ បើមិនអ៊ីចឹងយើងចាយលុយអត់ប្រយោជន៍។ ថ្ងៃមុនយើងមាន ៣០០ លានយ័នដែលចិនគាត់បានផ្ដល់ឲ្យជំនួយឥតសំណង់សម្រាប់ផ្លូវដែកនេះឯង ប៉ុន្ដែដោយសារយើងចរចាមិនទាន់បាន។ អ៊ីចឹងរៀបអាហ្នឹងមួយ ហើយដើម្បី Upgrade អាជើងត្បូងនឹងឲ្យកាន់តែប្រសើរ»។

 

សូមជម្រាបថា ផ្លូវដែកទាំង២ខ្សែនេះ មានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ក្នុងនោះផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំ​ដែន​កម្ពុជា-ថៃ) ​ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង  និង​ផ្លូវ​ដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ​របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោម​ជំនួ​យ​របស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។ ផ្លូវដែក​ទាំង​ពីរ​ខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាង​ធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំង​ស្រុងដោយរបប​កម្ពុជា​ប្រជាធិបតេយ្យ៕

 

2792d810 B77f 434b 9185 D89751159c27 Feature Feature

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia