ក្រោយដំណើរការអស់រយៈពេល ១០ឆ្នាំនៅកម្ពុជា កាលពីយប់ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា ប្រសិទ្ធ សូលូសិន (Proseth Solutions) បានប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំរបស់ខ្លួនយ៉ាងឱឡារិកនៅអគារណាហ្គាវើរ ដែលមានការចូលរួមពីសំណាក់អតិថិជនជាដៃគូសហការនិងបុគ្គលិកជាច្រើននាក់។
ក្នុងឱកាសនោះ លោក សុត រតនៈ នាយកប្រតិបត្តិក្រុមហ៊ុនប្រសិទ្ធ សូលូសិន បានថ្លែងថា “ក្នុងរយៈពេល១ទស្សវត្សកន្លងមកនេះ ក្រុមហ៊ុនប្រសិទ្ធសូលូសិនបានចាប់ផ្តើមពីក្រុមហ៊ុនតូចមួយរហូរក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយក្នុងរយៈរកស៊ីកន្លងមកយើងបានជួបប្រទះនូវបញ្ហាជាច្រើន ប៉ុន្តែយើងនៅតែបន្តប្តេជ្ញាចិត្តចំពោះគុណតម្លៃរបស់យើងដោយ ទំនួសខុសត្រូវ ក្រមសីសធម៌ និងភាពស្មោះត្រង់” ។
លោកបានបន្ថែមទៀតថា ភាពរីកចម្រើនរបស់ក្រុមហ៊ុនមកដល់បច្ចុប្បន្ននេះ អាចកើតឡើងទៅបានដោយសារមានការលះបង់និង ខិតខំប្រែងយ៉ាងធំធេងរបស់បុគ្គលិករបស់លោក ដែលប្រៀបដូចជាឆ្អឹងខ្នងនៃក្រុមហ៊ុន ជាពិសេសការចូលរួមគាំទ្ររបស់អតិថិជននិងដៃគូសហការរបស់លោកផងដែរ ។ ជាក្តីរំពឹងនាថ្ងៃខាងមុខ លោក សុត រតនៈ មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនបច្ចេកវិទ្យា ប្រសិទ្ធ សូលូសិន (Proseth Solutions) នឹងបន្តរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតជាមួយនិងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន។ ជាចុងក្រោយ លោក សុត រតនៈ បានថ្លែងអំណគុណដល់ក្រុមហ៊ុនជាដៃគូ និងអ្នកបានចូលរួមទាំងអស់ ដែលបានធ្វើអោយព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ប្រសិទ្ធ សូលូសិន (Proseth Solutions) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេមួយនៅកម្ពុជាដែលផ្តោតទៅលើការប្រឹក្សាយោបល់ និងការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាព ដោយមានបទពិសោធន៍ជាច្រើនឆ្នាំ ជាមួយនិងបុគ្គលិកជំនាញទៅលើប្រព័ន្ធសុវត្ថិភាព Fortinet ៕