“ដើមឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំតែងមានស្នាមរបួសពីអតីតកាល” ទោះជីវិតលំបាកតោកយ៉ាងណា នៅតែប្រឹងដើរទៅមុខ។ ខាងក្រោមនេះ គឺជាអត្តចរិតពិសេស៣ ដែលមនុស្សកើតក្នុងគ្រួសារក្រីក្រលំបាក តែងមានពេលធំឡើង ដោយយោងតាមការសិក្សារបស់ Hack Spirit៖
១/. អត់ធ្មត់ខ្ពស់៖ ការធំធាត់ឡើងក្នុងជីវភាពលំបាក បានបង្រៀនមនុស្សឲ្យមានភាពអំណត់ខ្ពស់តាំងពីក្មេង។ ពួកគេគ្មានអាហារហូបចុកល្អៗ គ្មានរបស់លេងថ្មីៗ បើចង់បានត្រូវសន្សំរាប់ខែ និងត្រូវរស់នៅក្រោមសម្ពាធពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យជាច្រើន ជាពិសេសគឺការខ្វះភាពកក់ក្តៅពីឪពុកម្តាយ ឬមនុស្សជុំវិញខ្លួនជាដើម។ ទាំងអស់នេះ បានបង្រៀនពួកគេឲ្យយល់ថា របស់ល្អត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងខ្លាំង។
២/. ពូកែសន្សំសំចៃ៖ នៅពេលចំណូលតិច ការចំណាយមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា រាប់ចាប់តាំងពីមួយកាក់មួយសេនឡើង នោះហើយជាមូលហេតុដែលធ្វើឲ្យពួកគេក្លាយជាអ្នកទិញអីវ៉ាន់ដ៏ឈ្លៀសវៃ ដឹងអ្វីចាំបាច់ និងអ្វីគ្រាន់តែចង់បាន។ លើសពីនេះ ពួកគេមិនត្រឹមតែទិញរបស់ដែលខ្លួនត្រូវការប៉ុណ្ណោះទេ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្លៃផងដែរ។
៣/. ពូកែយល់ចិត្ត៖ បើទោះបីឥឡូវមានជីវភាពធូរធារ ប៉ុន្តែពួកគេមិនភ្លេចអំពីទុក្ខលំបាកនៃការតស៊ូនោះទេ។ ពួកគេចងចាំគ្រាធ្លាប់ធ្វើការច្រើនម៉ោងតែទទួលបានប្រាក់ខែទាប និងរស់ពឹងផ្អែកលើភាពសប្បុរសរបស់អ្នកដទៃ។ លុះពេលឃើញនរណាម្នាក់ធ្វើការលំបាក ពួកគេមានអារម្មណ៍យល់ចិត្ត ចង់បង្កើតទំនាក់ទំនងជាមួយគ្នា ហើយចង់បង្ហាញពីគុណតម្លៃនៃការងារដែលមនុស្សម្នាក់នោះបានធ្វើ ជាថាមពលវិជ្ជមាន និងជាការលើកទឹកចិត្តអ្នកដទៃឲ្យប្រឹងបន្តដំណើរទៅមុខទៀត។
យ៉ាងណាមិញ ចូរស្អប់ភាពក្រីក្រ តែកុំស្អប់អ្នកក្រ ហើយបើកើតមកក្នុងស្ថានភាពគ្រួសារលំបាក ក៏ពុំមែនជាកំហុសដែរ។ សូមកុំស្តីបន្ទោសទៅកាន់ឪពុកម្តាយ ឬមជ្ឈដ្ឋានខាងក្រៅ តែត្រូវកសាងខ្លួនឲ្យក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook