Telegram គឺជាបណ្តាញសង្គមមួយកំពុងពេញនិយមខ្លាំង និងមានការប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគឺជា សិស្ស និស្សិត គ្រូបង្រៀន បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញជាដើម ព្រោះវាងាយស្រួលក្នុងការផ្ញើរសារចុះឡើង។ ប៉ុន្តែតើអ្នកដឹងទេថា បុរសម្នាក់ឈរពីក្រោយបណ្តាញសង្គមយក្សនេះ ធ្លាប់ឆ្លងកាត់រឿងឈឺចាប់បំផុតមួយ ត្រូវនិរទេសខ្លួនចេញពីស្រុកកំណើត ព្រោះមិនក្បត់ឧត្តមគតិខ្លួនឯង។
រំលឹកទៅកាន់អតីតកាល មុនពេលលោក Pavel Durov បង្កើត Telegram លោកនិងបងប្រុសម្នាក់ទៀតឈ្មោះ Nikolai Durov បានមូលមតិគ្នាបង្កើតបណ្ដាញសង្គមមួយដែលមានឈ្មោះថា VKontakte ឬហៅកាត់ថា VK។ VK វាមានលក្ខណៈស្រដៀងគ្នាទៅនឹង Facebook និងដាក់ឱ្យដំណើរការជុំវិញពិភពលោក ប៉ុន្តែភាគច្រើនគឺមានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះដែលប្រើប្រាស់។
បណ្ដាញសង្គម VK ត្រូវបានគេដឹងថា មានចំណែកហ៊ុនប្រមាណ ២០%ជារបស់លោក Pavel ខណៈដែលនៅក្នុងអំឡុងឆ្នាំ២០០៦ បណ្ដាញសង្គមមួយនេះមានតម្លៃនៅលើទីផ្សារប្រមាណ ៣ពាន់លានដុល្លារឯណោះ។ នៅឆ្នាំ២០១២ លោកបានសម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លួនចំនួន១២% ឱ្យទៅអ្នកជំនួញជនជាតិរុស្ស៊ីដ៏ល្បីល្បាញមួយរូបឈ្មោះ Ivan Tavrin។
ការលក់ភាគហ៊ុននេះកើតឡើងក្រោយពេល លោក Pavel ជួបបញ្ហារ៉ាំរ៉ៃរងសម្ពាធពីរដ្ឋាភិបាលរុស្ស៊ីបានបង្ខំឲ្យរូបលោកប្រគល់ទិន្នន័យអ្នកប្រើប្រាស់ Ukrainian Vkontakte ទៅឱ្យរដ្ឋ ប៉ុន្តែសហគ្រិនវ័យក្មេងប្រាជ្ញាមុតម្នាក់នេះមិនព្រមក្បត់ឧត្តមគតិខ្លួនឯងឡើយដោយបានបដិសេធមិនធ្វើតាមសំណើរ រួមទាំងបញ្ហាធំៗគួបផ្សំមួយចំនួនទៀត លោកក៏បានបោះបង់តំណែងជា CEO បណ្ដាញសង្គម VK និរទេសខ្លួនដើរចេញពីប្រទេសកំណើត។
ដោយសារបញ្ហាខាងលើនេះហើយ ទើបនៅក្នុងឆ្នាំ២០១៣ ពោលគឺមុនពេលនិរទេសខ្លួនប៉ុន្មានខែ លោក និងបងប្រុសរបស់លោកដែលមានឈ្មោះថា Nikolai នោះ ព្រោះចង់ឲ្យពិភពលោកមានកម្មវិធីផ្ញើសារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់ ហើយគិតថាកម្មវិធីផ្ញើសារផ្សេងទៀតមិនមានសុវត្ថិភាព ទើបបងប្អូនពីររូបនេះបានបង្កើតកម្មវិធី Telegram តែម្តង៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366