ឱកាសទទួលបានឆ្កែស្អាតៗមកធ្វើជាសត្វចិញ្ចឹមពីមជ្ឈមណ្ឌលចិញ្ចឹម របស់អង្គការ FOUR PAWS នៅខេត្តសៀមរាប
Sopheak PichOCTOBER 19 2023

តើអ្នកទាំងអស់គ្នាដឹងទេថាឆ្កែដ៏គួរឱ្យស្រឡាញ់ទាំងអស់បានមកពីណា?

កាលពីខែកុម្ភៈ ឆ្នាំ2021 អង្គការ FOUR PAWS International បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយអាជ្ញាធរខេត្តសៀមរាប និងដៃគូសហការក្នុងប្រទេស បានជួយសង្គ្រោះសត្វឆ្កែទាំងនេះ ដែលកំពុងត្រូវបានគេដឹកជញ្ជូនទៅកាន់ទីសត្តឃាត ខណៈដែលខេត្តសៀមរាបបានហាមឃាត់ការជួញដូរនេះអស់រយៈពេលជាច្រើនខែមុនរួចមកហើយ។

សត្វឆ្កែសរុបចំនួន 61 ក្បាលត្រូវបានជួយសង្គ្រោះ ថែទាំ និងបង្វឹកនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់អង្គការ FOUR PAWS ក្នុងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ ពេលនេះពួកវាមានសុខភាពល្អ និងសុទ្ធសឹងជាសត្វចិញ្ចឹមដែលស្ដាប់បង្គាប់។ ខណៈឆ្កែមួយចំនួនក្នុងចំណោម 61 ក្បាលនោះ បានរកឃើញផ្ទះដ៏កក់ក្ដៅក្នុង និងក្រៅប្រទេស ក៏នៅមានសត្វឆ្កែដ៏គួរឱ្យស្រឡាញ់ចំនួន 9 ក្បាលទៀតនៅតែរង់ចាំយ៉ាងអន្ទះសារសម្រាប់គ្រួសារថ្មីទទួលទៅចិញ្ចឹម។ ដូច្នេះ អង្គការ FOUR PAWS កំពុងស្វែងរកគ្រួសារថ្មីសម្រាប់ឆ្កែទាំងនេះក្នុងប្រទេសកម្ពុជា។ សូមទស្សនាវីដេអូនេះដើម្បីឱ្យដឹងកាន់តែច្បាស់ពីការសង្គ្រោះពួកគេ។ តំណភ្ជាប់វីដេអូ៖https://www.facebook.com/fourpaws.kh/videos/631597101570826/

ពេលនេះ អង្គការ FOUR PAWS កំពុងស្វែងរកគ្រួសារថ្មីសម្រាប់ឆ្កែមិនទាន់មានម្ចាស់ ដែលស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។ ក្រោយពីរួចផុតពីការជួញដូរ ពេលនេះពួកគេសុទ្ធតែមានសុវត្ថិភាព និងសុខភាពល្អជាងមុន។ អ្នកទាំងអស់គ្នាអាចមកទទួលយកឆ្កែទាំងនេះទៅចិញ្ចឹម ដើម្បីរួមចំណែកក្នុងដំណើរសង្គ្រោះដ៏អស្ចារ្យមួយនេះ។

បញ្ជាក់ថា ការទទួលយកទៅចិញ្ចឹម មិនមានការបង់ប្រាក់ និងលើសពីនេះ ក្រុមការងារ អង្គការ FOUR PAWS នឹងគាំទ្រទៅការដឹកជញ្ជូនទៀតផង។

ដើម្បីស្វែងយល់បន្ថែមអំពីការទទួលយកទៅចិញ្ចឹមសត្វឆ្កែឆ្លាតៗ និងគួរឱ្យស្រលាញ់ទាំងនេះ សូមធ្វើការទំនាក់ទំនងអ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលចិញ្ចឹមតាមរយៈ WhatsApp ឬ លេខទូរសព្ទ +85517714552 ឬ តាមរយៈអ៊ីមែល SAC-Cambodia@four-paws.org​។

ខាងក្រោមនេះ គឺជាការរៀបរាប់ត្រួសៗទាក់ទងនឹងឆ្កែនីមួយៗ ដោយមានភ្ជាប់ជាមួយរូបភាព និងព័ត៌មានមួយចំនួន។​ អ្នកទាំងអស់គ្នាអាចស្វែងរកព័ត៌មានបន្ថែមអំពីឆ្កែនីមួយៗបាន តាមរយៈតំណភ្ជាប់នេះ៖ https://drive.google.com/drive/folders/1WHEVP-IaEmyuDX2-iKrN4VoQU5qxYGfv

ភីអេត្រូ មែកស៊ីម៉ហ្វ (Pietro Maximoff)

Photo 2023 10 19 09 14 55ភីអេត្រូ មានចរិកលក្ខណៈល្អ ហើយមានភាពរួសរាយរាក់ទាក់ជាមួយនឹងមនុស្ស ជាពិសេសក្មេងតូចៗ។ គេចូលចិត្តប្រឡែងលេង និងស្និទ្ធស្នាលជាមួយអ្នកជុំវិញខ្លួន។ ភីអេត្រូ ចូលចិត្តពេលដែលមនុស្សបង្ហាញក្ដីស្រឡាញ់​តាមរយៈការមើលថែ និងបបោសអង្អែល ដែលធ្វើឱ្យគេកាន់តែជាឆ្កែដ៏គួរឱ្យស្រឡាញ់មួយកម្រិតទៀត។ ជាងនេះទៅទៀត ភីអេត្រូ តែងតែទៅក្បែរមនុស្សដើម្បីទទួលបានការថ្នាក់ថ្នម និងបង្កើនភាពស្និទ្ធស្នាល។

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីភីអេត្រូ៖ https://bit.ly/dogforadoptionpietro.

ស្សាដូ (Shadow)

Photo 2023 10 19 09 14 49សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ស្សាដូ! នាងគឺជាឆ្កែញីដ៏គួរឱ្យស្រឡាញ់ ដែលមានអាយុ 3 ឆ្នាំ ហើយមានសម្បុរភ្លឺចែងចាំង។ ត្បិតតែស្សាដូធ្លាប់ឆ្លងកាត់រឿងជាច្រើន នាងនៅតែមានភាពទន់ភ្លន់ និងរួសរាយជានិច្ច។ នាងមានរាងតូចល្មម ដែលដូចទៅនឹងឆ្កែទូទៅ។ ស្សាដូក៏ងាយចុះសម្រុងជាមួយនឹងឆ្កែដទៃ ដែលនៅក្នុងមជ្ឈមណ្ឌលជាមួយគ្នាដែរ។

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីស្សាដូ៖ https://bit.ly/dogforadoptionshadow  

បាល់តូ (Balto)

Photo 2023 10 19 09 15 10ជួបជាមួយបាល់តូ ជាដៃគូដ៏ល្អបំផុត ដែលកំពុងរង់ចាំទទួលយកភាពកក់ក្ដៅពីអ្នក! បាល់តូ អាចឆក់បេះដូងអ្នកទាំងអស់គ្នាបានជាមួយនឹងរូបរាង និងចរិកដ៏ទាក់ទាញរបស់នាង។ នាងចូលចិត្តប្រឡែងលេងជាមួយមនុស្ស រាក់ទាក់ និងត្រដុសអង្អែលថ្នមៗ ធ្វើឱ្យអ្នកទន់ចិត្តបាន។ ភាពរួសរាយពីធម្មជាតិរបស់នាងជាមួយក្មេងតូចៗ ធ្វើឱ្យនាងក្លាយជាជម្រើសដ៏អស្ចារ្យសម្រាប់គ្រួសារ ដែលទទួលយកនាងទៅចិញ្ចឹម។ ការទទួលយកបាល់តូទៅចិញ្ចឹម ប្រៀបដូចជាការចែករំលែកក្ដីស្រឡាញ់ និងជាចំណែកមួយក្នុងការជួយដល់ឆ្កែដ៏គួរឱ្យស្រឡាញ់ជាច្រើនទៀតដូចជានាង។ កុំខកខានឱកាសចែករំលែក និងបន្ថែមក្ដីស្រឡាញ់ដែលជាតម្រូវការជីវិតរបស់ពួកគេ និងខ្លួនឯងណា៎!

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីបាល់តូ ៖ https://bit.ly/dogforadoptionbalto

ហ្គាំម៉ូរ៉ា (Gamora)

Photo 2023 10 19 09 15 13ហ្គាំម៉ូរ៉ា​ មានអាយុ 4 ឆ្នាំ និងជាឆ្កែមានរូបឆោមល្អ ព្រមទាំងទឹកចិត្តស្មោះត្រង់! រោមទន់រលោងពណ៌មាស រៀងវែងបន្តិចនៅត្រង់កន្ទុយ និងដងខ្លួនធ្វើឱ្យនាងកាន់តែមានភាពទាក់ទាញ។ ហ្គាំម៉ូរ៉ា​ រួសរាយជាមួយមនុស្ស និងក្មេងតូចៗ ជាពិសេសនាងចូលចិត្តប្រឡែងលេងជាមួយនឹងបាល់។ ក្រោយពីទទួលបានការថែទាំ និងបង្វឹកយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារនៅមជ្ឈមណ្ឌលចិញ្ចឹមសត្វរបស់ពួកយើង នាងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការទទួលយកទៅចិញ្ចឹម។ នាងអាចនឹងប្រុងប្រយ័ត្ន ពេលឃើញមនុស្សប្លែកមុខ តែពេលដែលហ្គាំម៉ូរ៉ា​នៅជាមួយអ្នកយូរបន្តិចទៅ នាងនឹងកាន់តែស្និទ្ធស្នាលជាមួយអ្នក និងសមាជិកគ្រួសារអ្នក។ មកទទួលយកហ្គាំម៉ូរ៉ា​ចូលក្នុងជីវិតអ្នកថ្ងៃនេះ!

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីហ្គាំម៉ូរ៉ា៖ https://bit.ly/dogforadoptiongamora.

ប៊ែនជី (Benji)

Photo 2023 10 19 09 15 07ប៊ែនជី គឺជាពូជឆ្កែតូចមួយនៅក្នុងប្រទេសកម្ពុជា ដែលពោរពេញដោយភាពរីករាយ ។ ក្រឡេកឃើញមួយឆ្វាច់ អ្នកអាចនឹងច្រឡំនាងទៅនឹងកូនខ្លា ដោយសារតែសក់ខ្លី និងអាវពណ៌ទឹកក្រូចលាយខ្មៅដ៏ទាក់ទាញរបស់នាង។ អ្នកដែលមកលេងប៊ែនជីតែងតែចូលចិត្តការស្វាគមន៍ដ៏កក់ក្ដៅ អាកប្បកិរិយាអៀនតិចៗ អមជាមួយកន្ទុយបក់វីកវើករបស់នាង។ ពូជឆ្កែទន់ភ្លន់ និងរីករាយបែបនេះ ត្រូវបានគេស្គាល់ថាជាឆ្កែងាយសម្របខ្លួនទាំងក្នុង និងក្រៅមជ្ឈមណ្ឌល។ ដោយសារភាពស្ងប់ស្ងាត់ គួបផ្សំនឹងការគ្រប់គ្រងអារម្មណ៍របស់នាងបានយ៉ាងល្អ នាងសាកសមបំផុតសម្រាប់ម្ចាស់ដែលចូលចិត្តភាពស្ងាត់ស្ងៀម មិនសូវមានសភាពអ៊ូអរក្នុងផ្ទះ។ មកទទួលយកប៊ែនជីទៅផ្ទះដ៏សែនកក់ក្ដៅជាមួយអ្នកថ្ងៃនេះ!

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីប៊ែនជី៖ https://bit.ly/dogforadoptionbenji

ហ្វាលខិន (Falcon)

Photo 2023 10 19 09 15 01ជួបជាមួយហ្វាលខិន ឆ្កែមានរោមពណ៌លឿង ដែលញញឹមមានមន្តស្នេហ៍ ប្រែថ្ងៃអាប់រស្មីរបស់អ្នកប្រែជាស្រស់បំព្រង។ កាលពីហ្វាលខិនត្រូវគេដឹកទៅទីសត្តឃាតជាប់នៅក្នុងទ្រុងដែកតូចមួយ នាងបានរងទុក្ខវេទនា និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរាងកាយ ស្មារតី និងសុខភាពនាង។ ក្រោយពីការសង្គ្រោះ ពេលនេះហ្វាលខិនបានជាសះស្បើយ រកឃើញសុភមង្គល និងភាពកក់ក្តៅសារជាថ្មីម្ដងទៀត។ ហ្វាលខិនជាឆ្កែអស្ចារ្យ មានអាប្បកិរិយាល្អ ចរិកវិញគួរឱ្យស្រឡាញ់ ទាក់ចិត្តមនុស្សដែលបានជួបនាងគ្រប់គ្នា។ ស្នាមញញឹមប្រិមប្រិយរបស់ហ្វាលខិន ជាប្រភពនៃភាពរីករាយ និងក្តីស្រលាញ់ឥតដែនកំណត់ អ្នកណាៗក៏សរសើរមិនដាច់ពីមាត់ដែរ។ មកទទួលយកហ្វាលខិនចូលក្នុងជីវិតអ្នក ដើម្បីបង្កើនភាពរីករាយក្នុងផ្ទះគ្រប់ពេល។

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីហ្វាលខិន៖ https://bit.ly/dogforadoptionfalcon

ដុកទ័រ វ៉លប្រាម (Doctor Walbram)

Photo 2023 10 19 09 15 03សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ ដុកទ័រ វ៉លប្រាម ដែលជាឆ្កែទន់ភ្លន់ ប្រឡែងលេងច្រើន និងចូលចិត្តឱ្យមនុស្សឱបថើប។ គេរីករាយនឹងពេលវេលានៅម្នាក់ឯង តែជាមួយគ្នានេះដែរ គេពេញចិត្តឱ្យមនុស្សបបោសអង្អែល និងឱបរឹតយ៉ាងកក់ក្ដៅ។ គេចាប់ផ្ដើមលេងច្រើនពេលដែលមានការប្រកួតណាមួយកើតឡើង ហើយនៅតែរក្សាបានភាពឧស្សាហ៍ និងរស់រវើកមិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ពេលមានមនុស្សប្លែកមុខទៅលេង ដុកទ័រ វ៉លប្រាមតែងបញ្ចេញអាកប្បកិរិយាងឿងឆ្ងល់ និងសម្លឹងមិនដាក់ភ្នែក។ គេចូលចិត្តហក់ឱបឆ្កែដែលស្និទ្ធស្នាលជាមួយគេពីក្រោយ និងបបោសត្រចៀកខ្លួនឯង ក៏ដូចជាលិតមុខ និងត្រចៀកមិត្តភក្ដិថើរៗ។ ដុកទ័រ វ៉លប្រាមបានបង្ហាញឱ្យយើងឃើញថាគេជាមិត្តដ៏ល្អរបស់ឆ្កែដទៃៗទៀត គេច្រើនតែមានភាពចុះសម្រុង ហើយក៏មិនសូវដែលឃើញមានជម្លោះជាមួយឆ្កែដទៃទៀតដែរ។ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីដុកទ័រ វ៉លប្រាម៖ https://bit.ly/dogforadoptionwalbram

ស្កុតធី (Scottie)

Photo 2023 10 19 09 14 52ស្កុតធី គឺជាឆ្កែពោរពេញដោយភាពរីករាយ និងរាក់ទាក់ ជាមួយរឿងរ៉ាវការផ្លាស់ប្ដូរជាច្រើន។ កាលដើមឡើយ គេជាឆ្កែដែលឆាប់ព្រួយភ័យ ទើបធ្វើឱ្យគេមានការការពារប្រុងប្រយ័ត្នជាខ្លាំងចំពោះមនុស្ស និងឆ្កែដទៃទៀតនៅជុំវិញខ្លួន។ ស្កុតធីច្រើនតែចូលចិត្តនៅម្នាក់ឯង ត្រូវការភួយដណ្ដប់ពេលព្យាបាល ដែលធ្វើឱ្យមានការលំបាកក្នុងការមើលថែបន្តិច។ ដោយសារបែបនេះហើយ គេតែងជាសះស្បើយលឿននៅពេលមានមនុស្សនៅក្បែរ និងថែទាំដោយយកចិត្តទុកដាក់ទៅកាន់គេ។ បច្ចុប្បន្ន ស្កុតធីបានប្រែក្លាយជាឆ្កែដ៏គួរឱ្យស្រឡាញ់ ងាយសម្របខ្លួន ចូលចិត្តប្រឡែងលេង និងនៅក្បែរមនុស្ស។ ទោះជាពេលខ្លះ ស្កុតធីបញ្ចេញអាកប្បរិយាកាចជាមួយឆ្កែដទៃបន្តិចមែន តែក៏ដោយសារគេចង់ការពារខ្លួនឯង។ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីស្កុតធី៖ https://bit.ly/dogforadoptionscottie

 

ហ្វីអូណា (Fiona)

Photo 2023 10 19 09 14 58ហ្វីអូណា គឺជាឆ្កែញី ដែលពូកែយកចិត្ត និងមិនចេះឆ្មើងឆ្មៃ និងដែលត្រូវបានសង្គ្រោះពីការជួញដូរក្នុងខេត្តសៀមរាប។ នៅពេលដែលអង្គការ FOUR PAWS បានរកឃើញហ្វីអូណាដំបូង នាងកំពុងស្ថិតក្នុងសភាពភ័យខ្លាចជាខ្លាំង។ ការជួយសង្គ្រោះនាងមិនងាយស្រួលប៉ុន្មានទេ ហើយក្រុមការងារបានចំណាយពេលវេលាអស់ជាច្រើន ព្រមទាំងខិតខំថែទាំនាងរហូតបានជាសះស្បើយ អាចស្និទ្ធស្នាលជាមួយមនុស្សបានឡើញវិញ។ ហ្វីអូណាចាប់ផ្ដើមស្និទ្ធស្នាលជាមួយក្រុមការងារយើងបានបន្តិចម្ដងៗ។ ទោះបីជានាងធ្លាប់ទទួលរងការលំបាកយ៉ាងណាក៏ដោយ តែនាងជាឆ្កែដ៏ទន់ភ្លន់ មិនដែលបង្កការលំបាក ឬគ្រោះថ្នាក់ដល់នរណាម្នាក់ទេ។ បច្ចុប្បន្ន ហ្វីអូណារស់នៅដោយរីករាយ និងចូលចិត្តលេងជាមួយមនុស្សជុំវិញខ្លួន។ រាល់ពេលដែលពួកយើងនាំហ្វីអូណាដើរលេង គឺជាបទពិសោធន៍ដ៏រីករាយមួយ ដោយសារនាងស្រឡាញ់ទុកចិត្តយើងអស់ពីចិត្ត។

ចុចតំណភ្ជាប់នេះដើម្បីចូលអាន និងដឹងបន្ថែមពីហ្វីអូណា៖ https://bit.ly/dogforadoptionfiona

 

អំពីការជួញដូរសាច់ឆ្កែ និងផលប៉ះពាល់ - តើអ្នកទាំងអស់គ្នាអាចរួមចំណែកជួយបានយ៉ាងណាខ្លះ?

ការជួញដូរសាច់ឆ្កែផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់ទាំងសត្វ និងមនុស្ស។ វាក៏ជាមូលហេតុបង្កនៃជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗដែរ។ ប្រសិនបើការជួញដូរនេះនៅតែបន្ត វានឹងបង្កឱ្យមានផលប៉ះពាល់ដ៏អាក្រក់ដល់សុខភាពសាធារណៈ។

មនុស្សរាប់លាននាក់មកពីជុំវិញពិភពលោកបានស្នើសុំឱ្យមានការហាមឃាត់លើសកម្មភាពជួញដូរនេះ។ លើសពីនេះទៅទៀត ការស្ទង់មតិរបស់យើងបានរកឃើញថា ប្រជាជនកម្ពុជាភាគច្រើនក៏ចង់ឱ្យមានការហាមឃាត់សកម្មភាពនេះដែរ។ សូមចូលរួមបញ្ចេញមតិរបស់អ្នកក្នុងការអំពាវនាវឱ្យបញ្ឈប់ការជួញដូរសាច់ឆ្កែនៅកម្ពុជា តាមរយៈតំណរភ្ជាប់នេះ​ https://bit.ly/Fourpaw និងតាមដានទំព័រហ្វេសប៊ុក FOUR PAWS សម្រាប់ព័ត៌មានបន្ថែម https://www.facebook.com/fourpaws.kh

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia