អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញអំពីល្បិចចំពោះការរឆបោកលុយ តាមរយៈការទិញផលិតផលតាមអនឡាញ ដោយពុំទទួលបានទំនិញ ឬសម្ភារៈនោះឡើយ។
ដោយក្រុមឆបោក បានបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រ ក្លែងក្លាយ ដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ ក្នុងគោលបំណងឆបោកជនរងគ្រោះតាមរយៈបណ្តាញសង្គម និងគេហទំព័រនានាដូចជា Instagram, TikTok និងFacebook ជាដើម។
ក្នុងនោះករណីដែលអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ទទួលបានសេចក្តីរាយការណ៍ ពីជនរងគ្រោះ ដែលបានចាញ់ល្បិចពីអ្នកលក់អនឡាញបោក ញឹកញាប់ជាងគេរួមមាន៤ស្នៀតដូចខាងក្រោមនេះ៖
១. សម្ភារៈ ឬទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ(Feedback)
៣. មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់
៤. មានរូបភាពវិក្ក័យបត្រភ្ជាប់និងរូបភាពសម្ភារៈទាំងនោះ
ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ បន្ទាប់មកពួកគេ (ក្រុមឆបោក ) បានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះ ដើម្បីមានការជឿជាក់។
ជនបោកប្រាសទាំងនោះបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ពួកគេ(ក្រុមឆបោក)នឹងធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។
ដូច្នេះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នមុនការទិញទំនិញអនឡាញ ត្រូវពិចារណាដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់
៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ៕