លោកឧកញ៉ា ហៃ លីអ៊ាង៖ តុមានជើង៤ទើបមាំទាំ រីឯអ្នកមានរឹងមាំទាល់តែមានសម្បត្តិទាំង៤នេះដែរ
ឡុង វឌ្ឍនៈJUNE 12 2022325 views

លោក​ឧកញ៉ា ហៃ លីអ៊ាង គឺជាប្រធាន​​អគ្គនាយក​ក្រុមហ៊ុន Confirel និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថដ៏ល្បីឈ្មោះ PPM ដែលត្រូវបានគេស្គាល់ថាជាសហគ្រិនដ៏លេចធ្លោមួយរូប ក្នុងការជួយកែច្នៃផលិតផលក្នុងស្រុកជាច្រើនមុខដូចជាស្ករត្នោតសរីរាង្គ តែ ម្រេចកំពត និងផលិតឱសថគីណាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅឱ្យបរទេសបានស្គាល់ពីផលិតផលខ្មែរពិតៗ។ លោកឧកញ៉ាបានប្រកាន់ទស្សនៈជាតិនិយមមួយថា “ពឹងផ្អែកលើផលិតផលនាំចូល គឺឱ្យប្រាក់ខែទៅបរទេស គាំទ្រផលិតផលក្នុងស្រុកគឺឱ្យប្រាក់ខែទៅប្រជាជនខ្មែរ”។

រំលឹកទៅកាន់អតីតកាលរបស់លោកឧកញ៉ាបន្តិច មិនខុសពីប្រជាជនខ្មែរភាគច្រើន លោកធ្លាប់ឆ្លងកាត់នូវជីវិតក្រតោកយ៉ាកកាលពីសម័យខ្មែរក្រហម និងចាប់ផ្ដើមវិវត្តន៍ខ្លួនបន្តិចម្ដងៗ រហូតអាចមានឱកាសបោះជំហានចូលក្នុងវិស័យជំនួញ និងកំពុងក្ដោបក្ដាប់អាជីវកម្មជាច្រើននៅក្នុងដៃ។

យ៉ាងណាមិញ ទាក់ទងនឹងភាពមានបាន លោកមានទស្សនៈមួយឃ្លាថា តុមានជើង៤ទើបបានមាំទាំ រីឯអ្នកមានរឹងមាំវិញទាល់តែមានសម្បត្តិទាំង ៤ផងដែរគឺ៖ ចំណេះវិជ្ជា មាយាទល្អ សីលធម៌ និងសម្បត្តិទ្រព្យ”។

ជាការពិតណាស់ សម្បត្តិទាំង ៤យ៉ាងនេះគឺមានជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចជួយជំរុញឱ្យមនុស្សណាម្នាក់អាចក្លាយជាអ្នកមានបាន និងអាចរក្សាភាពមានបានរបស់ខ្លួនឱ្យមាននិរន្តរភាពបានយូរអង្វែង។

មនុស្សត្រូវមានចំណេះវិជ្ជាដែលជាមូលដ្ឋានក្នុងការត្រិះរិះគិតពិចារណា ក្នុងការចេះស្វែងរកឱកាសសម្រាប់ជីវិត និងមានភាពឆ្លាតវៃក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗសម្រាប់ខ្លួនឯងផង និងសម្រាប់មនុស្សជុំវិញខ្លួនផង។

រីឯមាយាទល្អ គឺមានដូចជាការរៀបចំខ្លួន ការចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិផ្សេងៗ ដើម្បីអាចធ្វើឱ្យខ្លួនមានភាពរីកចម្រើនបាន។ ចំណែកឯសីលធម៌វិញសម្ដៅទៅលើការចេះនិយាយស្ដីពិរោះពិសា មានក្រមសីលធម៌ ប្រព្រឹត្តអំពើសុចរិតភាព តាមគន្លងធម៌ និងអាកប្បកិរិយាសមរម្យដែលមនុស្សជុំវិញខ្លួនមានការទទួលស្គាល់ជាដើម។

ជាចុងក្រោយនោះគឺទ្រព្យសម្បត្តិនេះហើយ នៅពេលដែលមនុស្សមានចំណុចទាំង៣ខាងលើ ហើយបូករួមជាមួយនឹងមានទ្រព្យសម្បត្តិផ្សេងៗទៀតនោះ ទើបយើងអាចរាប់ថាបុគ្គលម្នាក់នោះជាអ្នកមានពេញលេញ។ ដូច្នេះប្រសិនបើយើងមានបំណងប្រាថ្នាក្លាយជាអ្នកមានមួយរូប យើងគួរតែធ្វើខ្លួនជាអ្នកមានដែលគ្រប់លក្ខណៈគឺមានទាំង ចំណេះដឹង មានមាយាទល្អ មានសីលធម៌ និងមានទាំងទ្រព្យសម្បត្តិ៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

ចង់ចែករំលែកគំនិត និងផ្សព្វផ្សាយអាជីវកម្មឱ្យគេស្គាល់ សូមទំនាក់ទំនងតេឡេក្រាម៖ 096 351 7713

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia