Niana Guerrero គឺជា Youtuber ជនជាតិហ្វីលីពីនដែលទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈវិឌីអូរាំរបស់នាងមានភាពទាក់ទាញ សម្បូរបែប និងមានការគាំទ្រយ៉ាងច្រើនកោះករពីសំណាក់អ្នកទស្សនាជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ២០២៣ ក្មេងស្រីវ័យ១៧ឆ្នាំរូបនេះអាចរកប្រាក់ចំណូលបាន ៣លានដុល្លារ ពី Channel Youtube ផ្ទាល់ខ្លួន ដែលមានអ្នក Subscribe (ជាវ) ជាង ១៥.១លាននាក់។
យ៉ាងណាមិញ ចំពោះមូលហេតុដែល Niana Guerrero អាចទាញចំណូលបានខ្ទង់លានដុល្លារពីយូធូបដោយសារនាងប្រើប្រាស់ក្បាច់ពិសេស៣ ខាងក្រោមនេះ៖
១/. ទេពកោសល្យ
បើយើងក្រឡេកទៅមើលប្រវត្តិ និងទម្លាប់របស់ក្មេងស្រីតូចច្រម៉ក់រូបនេះ Niana គឺជាមនុស្សម្នាក់ដែលចូលចិត្តសប្បាយច្រើន ជាពិសេសគឺវិស័យច្រៀងរាំ។ នាងចេះប្រើប្រាស់អ្វីដែលនាងមាន និងអ្វីដែលខ្លួនស្រលាញ់ ផលិតចេញជាវីឌីអូតាមធនធាន និងលទ្ធភាពដែលខ្លួនអាចធ្វើបានដាក់បង្ហោះនៅលើបណ្តាញសង្គម ជាពិសេសគឺបណ្តាញសង្គមយូធូប។ តាមរយៈវិឌីអូទាំងនោះ នាងទទួលបានការគាំទ្រ និងមានអ្នកស្គាល់ជាបន្តបន្ទាប់រហូតមានអ្នកតាមដានជាង ១៥.១លាននាក់ នាពេលបច្ចុប្បន្ន។
២/. ដឹងពីទំនោរបស់ពិភពលោក
អាចនិយាយបានថា Niana គឺជាមនុស្សម្នាក់ដែលមានភាពបទបែន និងចេះអភិវឌ្ឍខ្លួនបានលឿន។ រាល់វីឌីអូដែលនាងរាំ ឬសម្តែងភាគច្រើនគឺជាបទកំពុងពេញនិយម ឬផ្ទុះខ្លាំង ដែលជាហេតុផលមួយអាចអូសទាញឲ្យអ្នកទស្សនាចូលមើលវីឌីអូរបស់នាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
៣/. ចេះប្រើប្រាស់សក្តានុពលរបស់អ្នកផ្សេង
យើងត្រឡប់ទៅក្រោយបន្តិច មុនពេលដែលនាងមិនទាន់មានអ្នកស្គាល់ច្រើន Niana បានធ្វើវីឌីអូរាំ និងវីឌីអូបែប Prank ជាមួយបងប្រុសរបស់នាងមានឈ្មោះថា Ranz Kyle ជាតារាយូធូបល្បីដែល Channel Youtube របស់លោកមានអ្នកតាមដានប្រមាណជាង ១៣លាននាក់នាគ្រានោះ។ វីឌីអូទាំងនោះបានធ្វើឲ្យ Niana មានអ្នកស្គាល់កាន់តែច្រើនឡើងៗ ហើយវាក៏ជាផ្នែកមួយដែលបានពាំនាំមកនូវភាពល្បីល្បាញសម្រាប់រូបនាងផងដែរ។
សរុបមកវិញ តាមរយៈរឿងរ៉ាវយុវតី Niana Guerrero បានបង្ហាញឲ្យយើងឃើញថា មិនថាក្តីស្រមៃរបស់អ្នកជាអ្វីនោះទេ ចូរហ៊ានដេញចាប់វាឲ្យបាន ហើយចាប់ផ្តើមជាមួយធនធានដែលអ្នកកំពុងមានក្នុងដៃឥឡូវនេះ ដូចពាក្យមហាសេដ្ឋី Bill Gates បានលើកឡើងយ៉ាងដូច្នេះថា៖ «បើអ្នកមិនរស់នៅក្នុងក្តីសុបិនរបស់ខ្លួនឯងទេ នោះអ្នកដទៃនឹងជួលអ្នកឲ្យទៅសម្រេចក្តីសុបិនរបស់គេមិនខាន»។ លើសពីនេះ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ក្មេងឬចាស់មិនសំខាន់ ត្បិតភាពជោគជ័យរបស់មនុស្សម្នាក់ពុំបានកំណត់លើវ័យឡើយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦