ទោះបីជាបរាជ័យក្នុងសាលា ក៏មិនប្រាកដថាជីវិតរបស់អ្នកបរាជ័យទាំងស្រុងនោះដែរ បើសិនជាអ្នកជាមនុស្សដែលពូកែសិក្សារៀនសូត្រពីជីវិតពិតជាក់ស្ដែង។ ជាក់ស្ដែងដំណើរជីវិតលោក គុយ វ៉ាត ដែលជាស្ថាបនិក Park Cafe ដែលជាយីហោហាងក្នុងស្រុកដ៏ល្បីល្បាញតាំងពីយូរមកហើយនោះ គឺលោកមានប្រវត្តិជាមនុស្សដែលរៀនមិនសូវពូកែនោះទេ។
បើទោះបីជាលោកជាមនុស្សដែលរៀនមិនសូវពូកែក៏ពិតមែន ប៉ុន្តែលោកជាមនុស្សដែលពូកែរៀន គឺលោកតែងតែរៀនពីចំណុចខ្លាំងអ្នកដទៃ និងតែងតែរៀនបណ្ដើរ និងធ្វើសកម្មភាពបណ្ដើរ។ ក្រៅពីនោះ ទោះបីលោកមានអាជីវកម្មក្នុងដៃជាច្រើនទៅហើយ ប៉ុន្តែលោកនៅតែឱ្យតម្លៃលើការសិក្សា និងសម្រេចចិត្តរៀនតផ្នែកជំនួញផងដែរ។
ខាងក្រោមនេះគឺជាគោលការណ៍រៀនសូត្រពីរបស់លោក ដែលលោកតែងតែប្រើប្រាស់ក្នុងការស្រូបយកចំណេះដឹង និងដឹកនាំជីវិតខ្លួនមកទល់នឹងចំណុចនេះ៖
១. រៀនពីចំណុចខ្លាំងអ្នកដទៃ៖ លោកបានបញ្ជាក់ថា កាលពីមុនលោកមិនដែលគិតថាជីវិតរបស់លោកអាចទទួលបាននូវភាពជោគជ័យនោះទេ ដោយសារតែកាលពីមុនមកលោកជាមនុស្សដែលរៀនមិនពូកែនោះទេ។ ជារឿយៗលោកតែងតែទទួលបានចំណាត់ថ្នាក់លេខ ១ លេខ២រាប់ពីក្រោមមកវិញ (ជិតបាតតារាង) ប៉ុន្តែចំណុចដែលធ្វើឱ្យលោកមានភាពលេចធ្លោដូចពេលបច្ចុប្បន្នគឺដោយសារតែលោក ពូកែរៀនពីចំណុចខ្លាំងរបស់អ្នកដទៃ។
២. រៀនបណ្ដើរធ្វើបណ្ដើរ៖ ក្បួននៃការរៀនសូត្រមួយរបស់ជនជាតិជប៉ុនគឺ Learning by Doing ឬអាចបកប្រែជាភាសាខ្មែរវិញថា រៀនតាមរយៈការធ្វើសកម្មភាព។ ស្រដៀងគ្នានេះដែរគឺលោក គុយ វ៉ាត ក៏ជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការរៀនសូត្របណ្ដើរ ហើយធ្វើសកម្មភាពបណ្ដើរផងដែរ។ ការរៀនបណ្ដើរ ហើយធ្វើបណ្ដើរគឺវាអាចឱ្យយើងអាចយកចំណេះដឹងផ្សេងៗដែលយើងមាន យកអនុវត្ត និងធ្វើការឆ្លុះញ្ចាំងវាបានភ្លាមៗតែម្ដង។ ប្រសិនបើទ្រឹស្ដី ឬចំណេះដឹងដែលយើងមាននោះមិនដំណើរការ យើងអាចធ្វើការវាយតម្លៃ ច្នៃប្រឌិតបន្ថែម ឬអាចផ្លាស់ប្ដូរសកម្មភាពថ្មី រហូតអាចរកឃើញផ្លូវត្រូវ៕
ចូលរួមក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃ សូមចុចទីនេះ https://t.me/LongVathanak777