នៅក្នុងស្រុកខ្មែរ បើនិយាយដល់វិស័យកសិកម្ម គេគ្រប់គ្នាប្រាកដជានឹកឃើញទៅដល់សេដ្ឋីកសិកម្មស្រុកខ្មែរ ម៉ុង ឫទ្ធីមុនគេ។ នេះក៏ព្រោះតែឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គឺជាសេដ្ឋីមួយរូបក្នុងប្រទេសកម្ពុជាដែលជាអ្នកមានជំនួញច្រើនបំផុតក្នុងវិស័យកសិកម្ម ហើយលោកក៏ជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបផងដែរ។
នៅក្នុងកម្មវិធីរំលឹកខួបអាពាហ៍ពិពាហ៍៤០ឆ្នាំ និងពិធីបុណ្យរំលឹកគុណឪពុកម្តាយ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពុកសូមផ្តាំបើកូនរកស៊ីបន្តពីឪពុកទៅ កុំធ្វើអំពើទុច្ចរិត កុំប្រកបរបររកស៊ីទុច្ចរិតដូចជា កាប់បំផ្លាញព្រៃឈើ ការជួញដូរគ្រឿងញៀន គ្រឿងស្រវឹងក៏ដោយ។ អស់ពីឪពុកម្តាយទៅគឺសុំកូនកុំប្រព្រឹត្តិអំពើដែលច្បាប់ហាមឃាត់ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ នេះជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់»។
សេដ្ឋីកសិកម្មរូបនេះ ពោលទាំងអួលដើមករថា៖ «ពុកសូមផ្តាំថា នៅពេលនេះឪពុកអាយុ៦០ឆ្នាំហើយ អីចឹងមិនមានពេលវេលាវែងដើម្បីមើលថែកូនចៅ និងបន្តការអភិវឌ្ឍប្រទេសតទៅមុខទៀតបានទេ បើនិយាយឲ្យចំសេចក្តីស្លាប់កាន់តែខិតជិតមកដល់ហើយ អីចឹងកូនចៅទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីបន្តវេនពុក ហើយសាងតែអំពើល្អ កុំធ្វើបាបប្រជាជន”។
ឆ្លៀតក្នុងឱកាសនោះ លោកបានសង្កត់ធ្ងន់លើរឿងកិត្តិយសគឺជារឿងសំខាន់ បើយើងរស់ដោយអត់មានកិត្តិយសមានតែជីវិត គឺយើងមិនដឹងថារស់ដើម្បីអ្វីទេ ម្ល៉ោះហើយយើងត្រូវរស់ទាំងមានជីវិតផង និងកិត្តិយសផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦