ពួកយើងមួយចំនួនតែងតែចូលចិត្តដាក់ផែនការសន្សំ ដោយរំពឹងថាក្នុងរយៈពេលណាមួយនឹងទទួលបានទឺកប្រាក់ដែលខ្លួនបានកំណត់។ ប៉ុន្តែជាលទ្ធផលការសន្សំរបស់ពួកយើងមិនសូវមានប្រសិទ្ធភាពនោះទេ។ ដោយកត្តាមួយចំនួនដូចជា ការចំណាយណាយច្រើនលើសលប់ ការមិនសូវយកចិត្តទុកដាក់ចំពោះការសន្សំ និងមិនអនុវត្តន៍តាមផែនការដែលបានដាក់ជាដើម។ តើធ្វើដូចម្តេចដើម្បីសម្រេចផែនការសន្សំឲ្យទទួលបានជោគជ័យ?
ជុំវិញបញ្ហានេះ Business Cambodia សូមលើកបង្ហាញ ៤សំណួរដែលមានប្រសិទ្ធភាពបំផុត ក្នុងការសម្រេចផែនការសន្សំឲ្យទទួលបានជោគជ័យ ដូចខាងក្រោម៖
១. តើខ្ញុំមានលុយច្រើនប៉ុណ្ណា?
នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង វានឹងរំលឹកអ្នកឲ្យដឹងថាតើឥឡូវនេះអ្នកមានចំណូលប៉ុន្មាន បន្ទាប់ពីចំណាយតើអ្នកនៅសល់លុយប៉ុន្មាន។ វាអាចធ្វើឲ្យអ្នកដឹងថាតើអ្នកចំណាយច្រើនប៉ុណ្ណា ហើយចំណាយទៅលើអ្វីខ្លះ។ ជាក់ស្តែង ទោះបីជាអ្នករកចំណូលបានច្រើនប៉ុណ្ណាក៏ដោយ បើអ្នកចំណាយមិនបានត្រឹមត្រូវ វានឹងនាំឲ្យអ្នកមិនសល់លុយនោះទេ។
២. តើលុយចំនួនប៉ុន្មានដែលខ្ញុំគួរតែសន្សំ?
វាអាស្រ័យទៅលើចំណូលរបស់អ្នក តែទោះបីជាចំណូលរបស់អ្នកច្រើនឬតិចក៏ដោយ យ៉ាងហោចណាស់អ្នកត្រូវសន្សំ ១០%នៃប្រាក់ចំណូលទាំងអស់របស់អ្នក។ ព្រោះវាជាចំនួនមួយដែលមិនប៉ះពាល់ដល់ការចំណាយផ្សេងៗរបស់អ្នក ដែលអាចធ្វើអ្នកមានលទ្ធភាពក្នុងការសន្សំឲ្យបានទៀងទាត់ និងមិនមានការព្រួយបារម្ភ។ ប្រសិនបើអ្នកអាចដាក់លុយសន្សំ១០%នេះនៅក្នុងកុងធានាគារផ្សេងកាន់តែប្រសើរ ដើម្បីអាចប្រាកដថាអ្នកមិនប៉ះពាល់លុយនេះជាដាច់ខាត់ព្រោះវាជាលុយដែលអ្នកសន្សំសម្រាប់អនាគតក្នុងការវិនិយោគ ឬធ្វើអាជីវកម្មជាដើម។
៣. តើខ្ញុំគួរតែចំណាយប៉ុន្មាន?
សំណួរនេះអាចធ្វើឲ្យអ្នកដឹងថា តើការចំណាយរបស់អ្នកត្រឹមត្រូវដែរឬទេបើប្រៀបធៀបទៅនឹងចំណូលប្រចាំខែ សេចក្តីត្រូវការ និងជីវភាពប្រចាំថ្ងៃរបស់អ្នក។ ហើយបើត្រឹមត្រូវតើត្រឹមត្រូវបានដល់កម្រឹតណា។ អ្នកគួរចំណាយទៅលើរបស់ណាដែលអ្នកត្រូវការជាចាំបាច់បានហើយ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយទៅលើរបស់ដែលអ្នកគ្រាន់តែចង់បាន។ ព្រោះវាជាកត្តាដែលអាចធ្វើឲ្យអ្នកចេះសន្សំសំចៃ និងសល់ប្រាក់ច្រើនគួរសមបន្ទាប់ពីការចំណាយ។
៤. តើត្រូវធ្វើដូចម្តេចដើម្បីឲ្យវាកើនឡើង
នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង អ្នកនឹងព្យាយាមក្នុងការរិះរកមធ្យោបាយធ្វើឲ្យប្រាក់របស់អ្នកមានការកើនឡើង។ ដូចជាការស្វែងរកប្រភពចំណូលបន្ថែម ការវិនិយោគទៅលើអចលនទ្រព្យ ឬវិនិយោគទៅលើវិស័យផ្សេងៗជាច្រើនទៀត។ វាជួយជម្រុញឲ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើងជាលំដាប់។