ជាធម្មតានៅពេលដែលយើងឃើញហ្រ្វេនឆាយហាងកាហ្វេ យើងសង្កេតឃើញថាសាខានីមួយៗគឺតែងតែរៀបចំដូចៗគ្នា ប៉ុន្តែចំពោះហាងកាហ្វេ Brown វិញសាខានីមួយៗតែងតែមានការរចនាប្លែកៗគ្នា ដែលធ្វើឱ្យអតិថិជននីមួយៗនៅពេលចូលតាមសាខារបស់ Brown ហើយតែងទទួលបានអារម្មណ៍ប្លែកជានិច្ច។
ជាមួយគ្នានោះដែរ មេធំ Brown គឺលោក លីវ ឈួង សហស្ថាបនិក និងជានាយកប្រតិបត្តិ ក៏បានបង្ហើបពីអាថ៌កំបាំងធំ៣ ដែលធ្វើឱ្យខ្លួនជោគជ័យជាង ១៥ឆ្នាំកន្លងមកនេះ៖
១. បដិសណ្ឋារកិច្ចដែលចេញពីចិត្ត៖ លោក លីវ ឈួង បានសង្កត់ធ្ងន់ថា ចំពោះពាក្យ១ឃ្លា “បដិសណ្ឋារកិច្ចចេញពីចិត្ត” គឺជាពាក្យមួយស្រួលនិយាយប៉ុន្តែវាយ៉ាប់ធ្វើ នៅត្រង់ចំណុចនេះលោកបានពន្យល់ថា មិនមែនរាល់ថ្ងៃនេះហាងកាហ្វេ Brown ល្អឥតខ្ចោះទេ តែវាគោលការណ៍មួយដែលយើងប្រកាន់ខ្ជាប់ជានិច្ច អញ្ជឹងយើងចង់បង្កើតជាបដិសណ្ឋារកិច្ចមួយដែលអាចឱ្យក្រុមការងារយើងទាំងអស់អាចយកចិត្តទុកដាក់ទៅដល់ភ្ញៀវចេញពីចិត្តរបស់គាត់ មិនមែនមកធ្វើការដើម្បីតែការងារផ្ទាល់ខ្លួនរបស់គាត់ឡើយ។
២. ឱជារសកាហ្វេនិងម្ហូបអាហារ៖ មេធំ Brown បានលើកឡើងថា “ចំពោះខ្ញុំផ្ទាល់ជារៀងរាល់ថ្ងៃរសជាតិកាហ្វេរបស់ Brown ខ្ញុំតែងតែចូលរួមភ្លក់រសជាតិកាហ្វេជាមួយក្រុមការងារជាប្រចាំសូម្បីតែម្ហូបក៏ដោយលោកតែងតែញ៉ាំសឹងតែរាល់ថ្ងៃផងដែរ”។ ហើយចំណុចពិសេសរបស់កាហ្វេ Brown វិញ គឺគ្រាប់កាហ្វេដែលដាក់ចូលទៅក្នុងហាងនីមួយៗតែងតែលីងថ្មីៗជារៀងរាល់សប្តាហ៍ហើយ បើនិយាយអំពីម៉ាស៊ីនកាហ្វេក្នុងហាង Brown វិញបើប្រៀបធៀបពីតម្លៃវិញវាចង់ស្មើរនឹងឡានប្រេនៗដូចLamborghini មួយនៅស្រុកខ្មែរឯណោះ។
៣. បរិយាសកាសក្នុងហាង៖ ប្រសិនជាបងប្អូនដែលធ្លាប់ទៅធ្វើការឬក៏ទៅញ៉ាំកាហ្វេក្នុងហាង Brown បងប្អូននឹងទទួលបានអារម្មណ៍មួយស្រស់ស្រាយស្ងប់ស្ងាត់ផ្តោតអារម្មណ៍បានល្អខ្លាំងមែនទែន។ ហើយនៅចំណុចនេះដែរ មេធំ Brown ក៏បានបញ្ជាក់ដែរថា ចំពោះហាងកាហ្វេ Brown គឺលោកតែងតែរចនាផ្សារភ្ជាប់ស្ថាបត្យកម្មជាមួយសិល្បៈអញ្ចឹងលោកជឿជាក់ថាលំហរមួយដែលយើងរចនាបានល្អវានឹងជួយឱ្យអតិថិជនរបស់យើងដែលមកបំពេញការងារកន្លែងហាងកាហ្វេយើងនឹងមានអារម្មណ៍ស្រស់ស្រាយហើយមានអារម្មណ៍រីករាយជាមួយធម្មជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Brown Coffee គឺជាយីហោធំមួយរបស់ខ្មែរដែលជោគជ័យខ្លាំង ក្នុងទីផ្សារកាហ្វេដោយមាន លោក លីវ ឈួង ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ រួមជាមួយនិងសហស្ថាបនិក៣រូបទៀតដែលមាន លោក ឆាង ប៊ុនលាង លោក កាង ហុង និង លោក កាង សែន ចូលរួមបង្កើត៕