ការរៀបការមិនមែនជាទំព័រចុងក្រោយនៃជីវិតគូនោះទេ តែគឺជាចំណុចចាប់ផ្តើមនៃជីវិតក្តៅត្រជាក់របស់បុរសនិងស្រ្តីដើម្បីកសាងគ្រួសារមួយឱ្យកក់ក្តៅជាមួយគ្នា។ ដូច្នេះក្រោយរៀបការក្រៅពីភាពចង់មានចង់មានផ្ទះ សល់លុយសល់ឡាន ជាប្តីប្រពន្ធនឹងគ្នាក៏ត្រូវជជែកគ្នា ពីបញ្ហាលុយកាក់ មុនសម្រេចចិត្តរៀបការ ព្រោះថារឿងលុយ គឺជារឿងធំ បើនិយាយគ្នាមិនបានច្បាស់អាចបណ្តាលឱ្យទៅជារឿងឈឺក្បាល រស់នៅមិនចុះសម្រុងគ្នាជាដើម៖
ទី១. លុយជួយឪពុកម្តាយសងខាង
ពិភាក្សាគ្នាមុននឹងចាប់ដៃគ្នាចូលរោងជ័យពីការថែទាំឱពុកម្តាយរបស់ប្រពន្ធប្តីទាំងសងខាងថា ក្រោយរៀបការហើយគួរទំនុកបម្រុងគាត់បែបណា មួយខែអាចផ្តត់ផ្គង់លុយឱ្យគាត់ប៉ុន្មាន។ មួយវិញទៀតបើរស់នៅផ្ទះតែមួយជាមួយឱពុកម្តាយបង្កើត ឬឱពុកម្តាយក្មេក គួរចាត់ចែងចំណាយឱ្យគាត់បែបណា ឬទៅរស់នៅបែកផ្ទះតាមប្តីតាមប្រពន្ធគឺត្រូវនិយាយគ្នាឱ្យបានច្បាស់។
ទី២.មួយណាជា ATM?
ជាទូទៅយើងសង្កេតឃើញថាក្រោយរៀបការគឺប្រពន្ធជាអ្នកកាន់លុយ ដែលអ្នកទាំងពីររកមកបានរួមគ្នា និងជាអ្នកចាត់ចែងចំណាយទាំងអស់នៅក្នុងគ្រួសារ។ ដូច្នេះមុនរៀបការត្រូវនិយាយគ្នាឱ្យបានច្បាស់ថាតើអ្នកណាជាអ្នកទុកដាក់លុយ អ្នកណាពូកែចាត់ចែង ឬចង់ប្រគល់ឱ្យប្រពន្ធឬប្តីកាន់ទាំងអស់ ឬមានចំណាយផ្សេងគ្នា ហើយចង់ចេញថ្លៃរស់ពាក់កណ្តាលម្នាក់ ដោយដាក់លុយក្នុងកុងរួមមួយសម្រាប់ចំណាយក្នុងគ្រួសារទាំងមូលវិញ។
ទី៣. ពិភាក្សាពីប្រភពចំណូល
ក្រោយរៀបការរួចតើអ្នកទាំងពីរនឹងរៀបចំប្រភពចំណូលដោយរបៀបណា? បើជាអ្នកធ្វើការទាំងពីរនាក់ ឬមានម្នាក់នៅផ្ទះ ហើយយកចំណូលដែលរកបានមកនោះ បែងចែកការចាយវាយសម្រាប់អ្វីខ្លះគឺត្រូវនិយាយគ្នាឱ្យច្បាស់។ មួយវិញទៀតអ្នកទាំងពីរអាចពិភាក្សាគ្នាអំពីរបៀបបង្កើនចំណូលបន្ថែមទៀតផងដែរប្រសិនបើចង់សល់ទ្រព្យ សល់នេះសល់នោះដែលពាក់ព័ន្ធនឹងគោលដៅរយៈពេលវែង។
ទី៤. គោលដៅរយៈពេលវែង
នៅពេលមានគ្រួសារ ប្តីប្រពន្ធតែងមានគំនិតចង់មានចង់បាន ចង់សល់ផ្ទះសល់ឡាន មានរបររកស៊ី មានលុយសល់ដើរលេង និងគិតពីអនាគតកូនជាខ្លាំង ដូច្នេះហើយការពិភាក្សាគ្នាឱ្យបានច្បាស់អំពីគោលដៅសន្សំលុយរយៈពេលវែង និងលុយសន្សំបម្រុងទុកពេលឈឺថ្កាត់គឺជារឿងសំខាន់ណាស់សម្រាប់ប្តីប្រពន្ធ។
ថាតើគួរសន្សំលុយប៉ុន្មាន ពេលរៀបការគួររៀបចំបែបណា ចំណាយលុយទៅកម្សាន្តប៉ុន្មាន? ពេលការហើយគួរទិញផ្ទះឬជួលគេនៅសិន បើកកុងសន្សំរួមគ្នាដែរទេ ហើយពេលណាគួរយកកូន ពេលគាត់ធំយើងឱ្យគាត់រៀនសាលាណា? ខណៈដែលសំណួរទាំងអស់នេះអាចជួយឱ្យគូស្រករអាចរៀបចំផែនការអនាគតនិងលុយកាក់បានយ៉ាងច្បាស់លាស់ មិនងាយឈ្លោះគ្នាទៅថ្ងៃមុខ។
ទន្ទឹមគ្នាដែរជីវិតប្តីប្រពន្ធបើប្រៀបធៀបទៅគឺដូចជាការវិនិយោគដែរ ប្រសិនបើមិនបានស្វែងយល់ពីគ្នាឱ្យបានច្បាស់លាស់ មិនបានមើលពីតម្រូវការគ្នានោះទេដើម្បីដោះស្រាយបញ្ហាចំពោះមុខនោះទេ គឹជាការកសាងអនាគតទាំងប្រថុយប្រថានព្រោះថារឿងលុយកាក់ជារឿងសំខាន់ក្នុងការដឹកនាំគ្រួសារឱ្យមានភាពកក់ក្តៅ ជាពិសេសអនាគតកូនចៅជំនាន់ក្រោយ៕
អត្ថបទដោយ៖ ពីង ជូអេង