ក្រសួងអប់រំ បានពិភាក្សានិងគ្រោងដាក់បញ្ចូលភាសាចិន ក្នុងកម្មវិធីសិក្សាសាលារដ្ឋនៅកម្ពុជា
Ping Chou EngSEPTEMBER 29 20232.4 K views

ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា បានពិភាក្សាការងារនិងគ្រោងដាក់បញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សាសាកល្បងនៅក្នុងសាលារដ្ឋចំនួន២០នៅក​ម្ពុជា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុង លើកឡើងថា បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងអប់រំប្រទេសចិនស្តីពី "ការអភិវឌ្ឍកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា" រួចមក ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំអនុវត្តការងារ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. បង្កើតគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអប់រំភាសាចិន

២. ទទួលបានឯកភាពជាគោលការណ៍ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ចំនួន ២០ នាក់ (ក្នុង ០១ សាលា ០១ នាក់) ភាគីកម្ពុជាផ្តល់ជូន ៧១ ម៉ឺនរៀល ប្រហែល ១៨០ ដុល្លារ ហើយស្នើសុំឱ្យភាគីចិនជួយឧបត្ថម្ភបន្ថែម ៤០០ ដុល្លារ ក្នុងមួយខែ។ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឈ្មោះសាលាមធ្យមសិក្សាសាធារណៈ ចំនួន ២០ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

៣. បង្កើតសេចក្តីព្រាងស្តីពី លក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន។

៤. រៀបចំលិខិតស្នើសុំទៅកាន់ភាគីចិន ចាត់តាំងមន្ត្រីអចិន្រ្តៃយ៍អប់រំភាសាចិននៅកម្ពុជា។

៥. រៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល៥ឆ្នាំ (២០២៣ - ២០២៨) និងក៏បានផ្ញើជូនទៅភាគីចិន។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំដល់ភាគីចិនជួយពន្លឿនលក្ខណៈវិនិច្ឆ័យ នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិន នៅពេលជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន និងជួយពន្លឿនការពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ការអប់រំភាសាចិនរយៈពេល ០៥ ឆ្នាំ (២០២៣ - ២០២៨)។

ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រសួងអប់រំ យុវជន និងកីឡា ភាគីចិនបានយល់ស្របនឹងជួយផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ជួយរៀបចំតេស្តប្រឡងភាសាចិនសម្រាប់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ក៏ដូចជារៀបចំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការបង្រៀនភាសាចិនដល់មន្ត្រីជាប់កិច្ចសន្យាបង្រៀនភាសាចិន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន ផងដែរ៕

382981376 707167591436667 2071098587775517852 N

383476269 707167324770027 3818382145809030014 N

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia