នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គម្រោង «ទីក្រុងមេគង្គឃី (Mekong Quay City) » ដែលជាទីក្រុងរណបថ្មី មានទីតាំងស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទីក្រុងរណបថ្មីនេះ ត្រូវបានវិនិយោគរួមគ្នាដោយ ក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group មានផ្ទៃដីសរុប ២១០ ហិកតា។ ក្នុងនោះផ្ទៃដី ១៤០ ទុកសម្រាប់សាងសង់អគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងធ្វើអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូជា ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រផងដែរ។
តាមការបញ្ជាក់ពីឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល បានឲ្យដឹងថា ការអភិវឌ្ឍទីក្រុងរណបថ្មីនៅពេលនេះ គឺជាការចាប់ផ្ដើមអភិវឌ្ឍន៍ដែនដីអរិយក្សត្រ បន្ទាប់ពីរាជធានីភ្នំពេញ ជ្រោយចង្វារ ច្បារអំពៅ ដែលបាននិងកំពុង អភិវឌ្ឍន៍ជុំវិញទន្លេចតុមុខ។ គម្រោងតភ្ជាប់ទីក្រុងភ្នំពេញមកកាន់ក្រុងអរិយក្សត្រនឹងជម្រុញឲ្យមូលដ្ឋាននេះ នឹងផ្ដល់ភាពអំណោយផលដល់ការអភិវឌ្ឍន៍លំនៅឋានថ្មី សម្រាប់ការស្នាក់នៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឈរលើលក្ខណៈអំណោយផលនៅក្រុងអរិយក្សត្រនេះ ការរៀបចំបង្កើតទីក្រុងរណបថ្មីគឺពិតជានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ឆ្លើយតបទៅនឹងតម្រូវការ និងការកើនឡើងចំនួនប្រជាជនផងដែរ។ ទីក្រុងរណបថ្មីនិងទំនើបនេះ នឹងជួយឲ្យក្រុងអរិយក្សត្រខេត្ដកណ្ដាល ក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅ យ៉ាងសម្បូរបែប ជាមួយនឹងទីប្រជុំជនដែលមានបរិយាកាសល្អ៕