សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យវិស័យឯកជន ធ្វើការសិក្សារគម្រោងផ្លូវក្រោមទឹក តភ្ជាប់ពីទីក្រុងមេគង្គឃី ស្ថិតនៅត្រើយខាងកើតដងទន្លេមេគង្គ ជាមួយនឹងទីក្រុងរណបកោះនរា។ ដោយគម្រោងតភ្ជាប់ទីក្រុងរណបទាំងពីរនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងភាពរីកចម្រើននៅក្នុងនោះតំបន់។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានឲ្យវិស័យឯកជនសិក្សាមើល តភ្ជាប់រវាងកោះនៅទីនេះ (ទីក្រុងមេគង្គឃី) ជាមួយកោះនរា។ សិក្សាទាំងស្ពានខាងលើ និងផ្លូវក្រោមទឹក ដើម្បីធ្វើយ៉ាងណាភ្ជាប់។ ព្រោះដើម្បីភ្ជាប់បើកច្រកប្រជាពលរដ្ឋនៅទីនេះ ថ្ងៃក្រោយប្រជាពលរដ្ឋគាត់គឺអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ»។ សម្ដេចមានប្រសាសន៍បន្ដថា «ការតភ្ជាប់នេះគឺជាការល្អ ហើយបើបានក្រោមទឹកគឺកាន់តែល្អតែម្ដង ហើយយើងសង្ឃឹមថានឹងមាននៅពេលក្រោយ»។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ថា ទៅថ្ងៃក្រោយមិនមែនមានតែការតភ្ជាប់មួយនេះទេ គឺមានច្រើនតទៅមុខទៀត។ ជាក់ស្ដែងបច្ចុប្បន្នបានកំពុងសាងសង់ស្ពានមួយតភ្ជាប់ពីក្រវាត់ក្រុងទី៣ ទៅគម្រោងផ្លូវល្បឿនលឿនស្ថិតក្នុងតំបន់ល្វាឯម។ មួយទៀតគម្រោងតភ្ជាប់ស្ពានពីតំបន់ផ្សាររាត្រី មកកាន់តំបន់អរិយក្សត្រជាដើម។ ហើយនៅពេលខាងមុខ ការតភ្ជាប់នេះនឹងត្រូវមានច្រើនទៀតដើម្បីសម្រួលដល់ការធ្វើចរាចរ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ៕