ក្រុមហ៊ុន Apple នឹងឈប់លក់ iPhone ចំនួនបីម៉ូឌែលគឺ iPhone 14, iPhone 14 Plus និង iPhone SE ជំនាន់ទី៣ ពីការលក់នៅក្នុងប្រទេសទាំង២៧ នៅសហភាពអឺរ៉ុប ចាប់ពីថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
តាមប្រភពពី Forbes បានឱ្យដឹងថាការបឈ្ឈប់ការលក់នៅ សហភាពអឺរ៉ុបនេះធ្វើឡើងដើម្បី គោរពតាមច្បាប់សហភាពអឺរ៉ុបដែលបានចែងថាទូរស័ព្ទនិងឧបករណ៍ ដែលបានលក់នៅក្នុងប្រទេសទាំង២៧នៅអឺរ៉ុប ត្រូវតែមានរន្ធសាក USB Type C ដើម្បីចូលរួមកាត់បន្ថយកាកសំណល់អេឡិចត្រូនិច ពោលគឺអ្នកប្រើប្រាស់ម្នាក់ ប្រើឆ្នាំងសាកមួយដែលអាចប្រើបានច្រើនទម្រង់។ ខណៈម៉ូឌែលទាំង៣របស់ iPhone ខាងលើពុំមានរន្ធសាកថ្ម USB Type C ឡើយ។
យ៉ាងណាមិញចំពោះច្បាប់របស់សហភាពអឺរ៉ុបនេះ បានស្នើឡើងកាលពីឆ្នាំ២០២២ ប៉ុន្តែទើបតែត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ដោយសម្រេចថាគ្រប់ទូរស័ព្ទចល័ត ថេប្លេតនិងកាមេរ៉ាទាំងអស់ដែលលក់ ក្នុងប្រទេសនៅសហភាពអឺរ៉ុបត្រូវតែបំពាក់ដោយរន្ធសាក USB Type-C ។
ក្រុមហ៊ុន Apple ក៏ធ្លាប់បានតស៊ូមតិប្រឆាំងនឹងការផ្លាស់ប្តូរនេះដែរនៅពេលដែលច្បាប់នេះបានស្នើឡើងកាលពីឆ្នាំ២០២២។ ប៉ុន្តែនៅឆ្នាំ ២០២៣ Apple ក៏បានបញ្ចេញ iPhone 15 ជាមួយនឹងឧបករណ៍ភ្ជាប់ USB-C ហើយបន្តិចម្តងៗបានផ្លាស់ប្តូរ iPad ទាំងអស់របស់ខ្លួនទៅ USB-C ផងដែរ។
គួរជម្រាបថាប្រទេសទាំង២៧ ដែលឈប់លក់ iPhone ទាំង៣ម៉ូឌែលខាងលើនោះរួមមាន៖ អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប, ឆេក , ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ និងស៊ុយអែត៕
អត្ថបទដោយ៖ ពីង ជូអេង