មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាមានក្រុមហ៊ុនមកពីក្រៅប្រទេសជាច្រើនបានសម្លឹងមកបោះទុនបង្កើតរោងចក្រនៅកម្ពុជាជាច្រើនទីតាំង ហើយនេះពិតជាដំណឹងល្អខ្លាំងមែនទែនសម្រាប់ប្រជាជនយើងនៅពេលដែលមានរោងចក្រកាន់តែច្រើនឱកាសការងារសម្រាប់ពលរដ្ឋយើងក៏កាន់តែសម្បូរដែរ។ ជាក់ស្តែងកាលពីថ្មីៗនេះ ក៏មានក្រុមហ៊ុនបរទេស ត្រៀមមកបង្កើតរោងចក្រនៅខេត្ត៣នេះឆាប់ៗខាងមុខនេះហើយ៖
១. ខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន Dongbaishan Holding Group Co., Ltd. and its subsidiaries ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងទម្លាក់ទុនប្រមាណ៥០០លានដុល្លាសហរដ្ឋដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សូឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនឹងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លើផ្ទៃដីប្រមាណជិត៦០០ហិកតា។
គម្រោងនេះ ត្រូវបានលើកឡើងដោយលោក Si Juchen ម្ចាស់ក្រុមហ៊ុនខាងលើ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុនDongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លាសហរដ្ឋវិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ហើយនៅពេលដែលរោងចក្រចាប់ដំណើរការនិងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្នុងរង្វង់ពី១៥០០នាក់ទៅ៣០០០នាក់។
២.ខេត្តស្វាយរៀង
កាលពីថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។
លោក លាវ គួយស៊ី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd ដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។
ជាចុងក្រោយ លោក លាវ គួយស៊ី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ ៣០ឆ្នាំកន្លងមកហើយក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។
៣. ខេត្តព្រះសីហនុ
កាលពីកន្លងទៅនេះ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក។
ចំពោះ គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះគឺមានទុនវិនិយោគប្រមាណ ៦០ លានដុល្លាអាមេរិកដែលនឹងផ្តល់ការងារសរុបប្រមាណ៥៤០កន្លែងហើយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូមពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូមសម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិកផងដែរ៕