គុនខ្មែរ ជាកីឡាប្រដាល់សេរីមួយប្រភេទដែលមានប្រវត្តិយូរលង់មកហើយ លើដែនដីសុវណ្ណភូមិនិងជាកីឡាសកលមួយដែលត្រូវបានកីឡាករយកទៅប្រកួតតំណាងខ្មែរ នៅលើឆាកអន្តរជាតិជាច្រើនហូរហែទាំងជនជាតិខ្មែរផ្ទាល់និងបរទេស។
ដូចជាជនបរទេស៣រូបនេះ ថ្វីត្បិតតែមិនមានឈាមជ័រជាខ្មែរ ប៉ុន្តែមានចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយក្បាច់គុនខ្មែរខំប្រឹងហ្វឹកហាត់ សុខចិត្តឡើងប្រកួតតំណាងប្រទេសកម្ពុជា និងធ្លាប់ទទួលជ័យជម្នះជាច្រើនលើក រហូតទទួលបានសញ្ជាតិខ្មែរ និងរស់នៅដូចជាជនជាតិខ្មែរដែរ។
កីឡាករដើមកំណើតប្រេស៊ីល ដែលមានឈ្មោះជាភាសាខ្មែរហៅថា សែន ចន្ទឬទ្ធីគុន ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រទានសញ្ជាតិខ្មែរទាំងគ្រួសារ កាលពីដើមខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ លោកគឺជាកីឡាករបរទេស ដែលបានយកក្បាច់គុនខ្មែរទៅប្រកួតនៅអង់គ្លេស អាល្លឺម៉ង់ រហូតឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក WMO ផងដែរ។
បន្ទាប់ពីនោះក៏មានបញ្ហាបន្តិចបន្តួចនៅ Muay Thai រហូតត្រូវដកខ្សែក្រវ៉ាត់និងប្រាក់រង្វាន់ត្រឡប់ទៅវិញ បញ្ហានេះធ្វើឱ្យពលរដ្ឋកម្ពុជាកាន់តែមានក្តីអាណិតស្រឡាញ់ដល់កីឡាកររូបនេះ។ នាពេលបច្ចុប្បន្ននេះលោកគឺជាសមាជិកក្លឹប “គុនខ្មែរវើលឆាមពាន”។ នៅក្នុងបទសម្ភាសន៍មួយលោកបានឱ្យដឹងថា "ព្រោះតែសំឡេងគាំទ្រដ៏កក់ក្តៅ ប្រៀបដូចជាគ្រួសាររបស់អ្នកគាំទ្រកម្ពុជា ដោយមិនខ្វល់ថាខ្ញុំមានជាតិសាសន៍អ្វី ឬមកពីណានោះទេ ជាហេតុផលធ្វើឱ្យខ្ញុំស្រឡាញ់ទីនេះកាន់តែខ្លាំងឡើង"។
២. លោក Bidaut Derek
កីឡាករជនជាតិបារាំងរូបនេះ មានឈ្មោះជាភាសាខ្មែរហៅថា ចាន់ ឬទ្ធីស័ក្តិ ដែលទទួលបានសញ្ជាតិកម្ពុជាកាលពី ឆ្នាំ២០២០ បន្ទាប់ពីស្វិតស្វាញអស់ជិត១០ឆ្នាំជាមួយគុនខ្មែរ ។ រូបលោកបានមកប្រទេសខ្មែរកាលពីឆ្នាំ២០០៩ បន្ទាប់ពីលោកស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះគុនខ្មែរ ក្រោយបានស្គាល់ក្បាច់គុននេះក្នុងឆ្នាំ២០០៨។
រូបលោកបានហ្វឹកហាត់ផ្តោតខ្លាំងទៅលើក្បាច់គុនល្បុក្កតោខ្មែរ និងបានឈ្នះការប្រកួតជាច្រើនដងដែលតំណាងឱ្យកម្ពុជានៅលើសង្វៀនអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះរូបលោកគឺជាគ្រូបង្វឹកក៏ដូចជាម្ចាស់ក្លឹប Prodal fight & Fitness Studio ដែរ។
៣. លោក Emmanuel Onyedikachi
កីឡាករជនជាតិ នីស្សេរីយ៉ារូបនេះមិនទាន់ទទួលបានឈ្មោះក៏ដូចជាសញ្ជាតិខ្មែរនោះទេ ប៉ុន្តែលោកបានហ្វឹកហាត់គុនខ្មែររាប់សិបឆ្នាំមកហើយ និងបានប្រកួតតំណាងកម្ពុជា ONE warrior។
Emmanuel គឺជាមានឈាមជ័រមកពីគ្រួសារជាអ្នកកីឡាស្រាប់ រូបលោកអាចហាត់ប្រដាល់បានចាប់តាំងពីអាយុ១៣ឆ្នាំ លោកមានក្តីស្រមៃជាមួយនិងគុនខ្មែរ រហូតលោកបានលះបង់ការងារដែលមានមុខតំណែងធំល្អនៅក្នុងក្រុមហ៊ុនធំមួយដើម្បីដើរតាមក្តីស្រមៃក្លាយជាអ្នកប្រដាល់តំណាងប្រទេស។ លោកធ្លាប់បានលើកឡើងថា "ការសម្រេចចិត្តដ៏ធំក្នុងជីវិតរបស់ខ្ញុំគឺបោះបង់ការងារមកហាត់ប្រដាល់"។
សូមរំលឹកផងដែរថា គុនខ្មែរ( Kun Khmer) គឺជាក្បាច់គុនបុរាណខ្មែរមួយបែប ដែលរាប់បញ្ចូលក្នុងប្រភេទកីឡាប្រដាល់ ដែលមានមានភាពចំណាស់ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ គុនខ្មែរគឺជា ប្រភេទប្រដាល់សេរី (Boxing Free Style) ដែលកីឡាករ អាចប្រើបានជាទូទៅ នៃការប្រើប្រាស់ កែង និង ជង្គង់ គ្រប់ទម្រង់និង ត្រូវបានរួមបញ្ចូលជាស្នៀតគុនផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង