ចាប់ផ្ដើមជាមួយចក្ខុវិស័យចង់កែប្រែឱ្យមនុស្សផ្លាស់ប្ដូរឥរិយាបទក្នុងការញ៉ាំម្ហូបអាហារតាមបែបថ្មី លោក khoo kar kiat បានលាឈប់ពីការងារដែលលោកធ្លាប់ធ្វើអស់រយៈពេល ៨ឆ្នាំ ដើម្បីដើរតាមក្ដីស្រមៃរបស់ខ្លួន ដោយបង្កើតក្រុមហ៊ុនមួយឈ្មោះ Fastbeeដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងស្តុកទុកក្នុងទូទំនើបមួយ ដែលអតិថិជនខ្លួនអាចមកយកពេលណាក៏បាន។
ប៉ុន្តែអាជីវកម្មមួយនេះមិនបានរីកចម្រើនទៅមុខនោះទេ ពោលគឺវាបានផ្ដល់តែបទពិសោធន៍រកស៊ី រួចក៏ឈានទៅរកភាពបរាជ័យក្រោយពេលចេញរកស៊ីបាន ២២ខែ និងខាតបង់ប្រាក់រហូតដល់ទៅ ២០ម៉ឺនដុល្លារសាំហ្កាពួរឯនោះ។ មនុស្សភាគច្រើនបានចែករំលែកពីគន្លឹះជោគជ័យរបស់ខ្លួន ប៉ុន្តែសម្រាប់ លោក khoo kar kiatមិនមានភាពខ្មាសអៀនក្នុងការចែករំលែកបទពិសោធន៍បរាជ័យក្នុងអាជីកម្មរបស់ខ្លួនដល់អ្នករកស៊ីជំនាន់ក្រោយនោះទេ។
ខាងក្រោមនេះជាកំហុសឆ្គងធំៗចំនួន ២ ដែលធ្វើឱ្យអាជីវកម្មជាទីស្រលាញ់របស់លោក khoo kar kiatសម្រេចចិត្តបិទទ្វាក្រោយពេលចាប់ផ្ដើមអស់រយៈពេល ២២ខែ៖
១. ភាពទន់ខ្សោយក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម
ប្រតិបត្តិការអាជីវកម្មគឺពិតជាសំខាន់បំផុតក្នុងការរកស៊ី ព្រោះប្រសិនបើយើងមិនមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ទេ វានឹងបង្កនូវបញ្ហាជាច្រើនដល់ម្ចាស់អាជីវកម្ម។ ជាក់ស្ដែងសម្រាប់ថ្ងៃចាប់ផ្ដើមអាជីវកម្មដំបូងរបស់លោក khoo kar kiatបានផ្ដល់នូវបញ្ហាឈឺក្បាលជាច្រើនតាំងពីថ្ងៃទី១មកម៉្លេះ។ អ្នកដឹកជញ្ជូនមិនបានមកដឹកម្ហូបអាហារទៅដាក់ក្នុងទូ ដូច្នេះលោកត្រូវដឹកជញ្ជូនដោយខ្លួនឯង ពេលខ្លះទូខូចត្រូវជួសជុល និងពេលខ្លះអតិថិជនប្រាប់ថាបើកទូមិនចេញ ហើយខ្លះទៀតដាក់អាហារឱ្យអតិថិជនខុស រហូតពេលខ្លះត្រូវហួសម៉ោងញ៉ាំអាហារបស់អតិថិជនក៏មាន។ នេះជាកំហុសឆ្គងដ៏ធំមួយរបស់លោកក្នុងការចាប់ផ្ដើមអាជីវកម្ម។
២. សម្ពាធពីតម្រូវការទុនពីអ្នកវិនិយោគ
ក្រោយចាប់ផ្ដើមបានមួយរយៈ អាជីវកម្មលោកក៏ត្រូវការទុនបន្ថែមដើម្បីទ្រទ្រង់អាជីវកម្ម និងចង់ពង្រីកខ្លួនឱ្យកាន់តែធំជាងមុន។ ប៉ុន្តែអ្នកវិនិយោគតម្រូវឱ្យលោកពង្រីកទូសម្រាប់ផ្ទុកអាហារឱ្យបាន ១០កន្លែង នៅក្នុងរយៈពេល ៦ខែ ទើបគេនឹងពិចារណាក្នុងការវិនិយោគ។ លោកខំពង្រីកទូមិនទាន់បាន ១០កន្លែងផង ស្រាប់តែក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុដោយអស់លុយសម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នេះជម្រើសលោកបានព្យាយាមទាក់ទងទៅអ្នកវិនិយោគជាច្រើននាក់ដើម្បីមកបណ្ដាក់ទុន ប៉ុន្តែជាលទ្ធផល អាជីវកម្មមួយនេះ មិនអាចគៀងគរទុនពីអ្នកវិនិយោគណាម្នាក់ទាល់តែសោះ បើទោះបីជាលោកព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ ជម្រើសចុងក្រោយ លោកក៏សម្រេចចិត្តបិទទ្វារអាជីវកម្មខ្លួនក្រោយដំណើរការបាន ២២ខែ។
ក្រោយបិទទ្វាអាជីវកម្ម និងមានសាព័ត៌មានមួយចំនួនចុះផ្សាយពីលោក ធ្វើឱ្យមានសាធារណជនជាច្រើនបានផ្ញើសារមកលើកទឹកចិត្តលោកកុំឱ្យអស់សង្ឃឹម និងចែករំលែកបទពិសោធន៍ស្រដៀងគ្នានឹងលោកផងដែរ ដែលធ្វើឱ្យលោកកាន់តែមានកម្លាំងចិត្ត និងមិនអស់សង្ឃឹមនឹងភាពបរាជ័យនេះ។
តាមរយៈបទពិសោធន៍បរាជ័យរបស់លោក បានលើកទឹកចិត្តកុំឱ្យអ្នករកស៊ីជំនាន់ក្រោយខ្លាចរអារជាមយភាពបរាជ័យ ប៉ុន្តែត្រូវគិតថាយើងជាមនុស្ស ហើយគ្មានអ្នកណាអាចជៀសផុតពីកំហុសឆ្គងនោះទេ សំខាន់អ្នកហ៊ានសាកល្បងអ្វីដែលអ្នកចង់ធ្វើ ចេះរៀនសូត្រពីកំហុសទាំងនោះ និងហ៊ានសាកល្បងជាថ្មីម្ដងទៀត៕