លោក Jordan Peele និងលោក Keengan-Michael Key ត្រូវបានអ្នកនៅក្នុងបណ្ដាញសង្គមស្គាល់ថាជាអ្នកថតវីដេអូកំប្លែងៗ នាំគេសើចពេញហ្នឹងនៅលើ ផេក Key & Peele។ តែអ្នកណាទៅដឹងទៅថាតារាសម្ដែងព្រមទាំងជាអ្នកបង្កើតវីដេអូកំប្លែងដូចជាពួកគេ តាមពិតគឺជាសេដ្ឋីលាក់ខ្លួនមានទ្រព្យរាប់លានដុល្លារឯណោះ។
ប្រភពពី Celebrity Net Worth បានឱ្យដឹងថា លោក Peele ជាសេដ្ឋីអាមេរិកមានទ្រព្យសម្បត្តិដល់ទៅ ៥០លានដុល្លារ។ គាត់មានការងារជា តារាសម្ដែង អ្នកនិពន្ធ អ្នកដឹកនាំរឿង និងជាតារាកំប្លែងផងដែរ។ ចំណែកលោក Key មានអាជីពជាតារាសម្ដែង និងជាតារាកំប្លែង ព្រមទាំងជាសេដ្ឋីមានទ្រព្យសរុបប្រមាណ ១២លានដុល្លារ។
ដើមឡើយក្រោយពីបញ្ចប់ការសិក្សាអ្នកទាំង២ សុទ្ធតែមានអាជីពរៀងៗខ្លួន ហើយអ្វីដែលសំខាន់ ការងាររបស់ពួកគេសុទ្ធតែរលូនព្រមទាំងអាចបង្កើតចំណូលបានច្រើនគួរសម និយាយជារួមអ្នកទាំង២ សុទ្ធតែមានភាពល្បីល្បាញនៅលើវិស័យដែលពួកគាត់ដើរ។
រហូតមកដល់ឆ្នាំ២០១២ ទើបលោក Peele និង លោក Key បានប៉ះគ្នានៅក្នុងការងារដឹកនាំនិងសម្ដែងរឿងមួយ ទើបធ្វើឱ្យពួកគេមានឱកាសចាប់ដៃគ្នាបង្កើតជាវីដេអូ កំប្លែងរួមគ្នា ព្រោះតែពួកគេមានជំនាញ និងចំណូលចិត្តស្រដៀងគ្នាស្រាប់។
ពេលបង្កើតកម្មវិធី Key and Peele ដំបូង អ្នកទាំងពីរ បានបង្កើតសាច់រឿងជាភាគ ដែលមានសរុបទាំងអស់ ៥៣ភាគ។ ហើយពួកគេបន្តការចាក់ផ្សាយ រហូតដល់ឆ្នាំ២០១៥ ទើបចប់សេរីរឿងកំប្លែងភាគរបស់ពួកគេ។ ជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្ញើលគឺ កម្មវិធី Key and Peele របស់ពួកគេទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន ហើយក៏បានឈ្នះពានរង្វាន់ Primetime Emmy Awards ចំនួន២ និងពានរង្វាន់ Peabody មួយថែមទៀត។
មូលហេតុសំខាន់នៃភាពជោគជ័យរបស់ពួកគេ គឺដោយសារតែ លោក Peele និងលោក Key មានជំនាញសម្ដែងត្រាប់តាមតួអង្គដូចពិតៗ បើប៉ូលិសចេញមកដូចប៉ូលិស បើថាសម្ដែងជាគ្រូ ចេញមកគឺដូចគ្រូពិតៗតែម្ដង។ អ្វីដែលរឹតតែសំខាន់គឺ ពួកគាត់ធ្លាប់សម្ដែងត្រាប់តាមតួអង្គល្បីៗ និងបុគ្គលសសំខាន់ៗមួយចំនួនដូចជា Ja Rule, James Brown និង Justin Guarini ព្រមទាំងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barak Obama ថែមទៀតផង។
សូមជម្រាបផងដែរថា មកដល់បច្ចុប្បន្ននេះ កម្មវិធី Key and Peele របស់ពួកគាត់ទាំងពីរ ពិតមានមានអ្នកគាំទ្រច្រើនណាស់ ដោយនៅលើផេកផ្លូវការរបស់ពួកគេមានអ្នកតាមដានដល់ទៅ ជាង២លាននាក់ ចំណែកឯយូធូបវិញមានអ្នកតាមដានដល់ទៅ ជាង៤លាននាក់ឯណោះ៕
អត្ថបទដោយ៖ សូ សុខលី
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )