"ល្អរូបល្អរាងមិនស្មើចិត្តបរិសុទ្ធ មានសម្បត្តិវិជ្ជាគួបផ្សំ អនាគតភ្លឺស្វាង" អនុសាសន៍របស់ លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិក ក្រុមហ៊ុនផលិតនំស្រួយលីលី សហគ្រិនស្រ្តីដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានថ្លែងក្នុងកម្មវិធីយុវជន១ សម្រាប់ជួយសិស្សនិស្សិតដែលចង់តម្រង់ទិសសិក្សាឱ្យជោគជ័យនៅសកលវិទ្យាល័យឈ្មោះថា “Winning University Life Season រដូវកាលទី៣” ក្រោមការរៀបចំរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
នាឱកាសនោះដែរលោកជំទាវ បានចែករំលែកនូវគន្លឹះរៀបចំខ្លួនទុកជាសរសរស្តម្ភឱ្យយុវជនត្រៀមដឹកនាំខ្លួនឯងឱ្យក្លាយជាសហគ្រិនឆ្នើម។ ថ្លែងចំពោះមុខយុវជនជាង១០០០នាក់ដែលបានចូលរួម លោកជំទាវបានគូសបញ្ជាក់ថា “ភាពជាសហគ្រិនគឺទាមទារឱ្យយើងមានទេពកោសល្យនិងគោលដៅ ជាអ្នករកស៊ីត្រូវចេះចាប់ផ្តើមពីតូច គួបផ្សំធនធានធំៗ២ ដែលជាគ្រឹះដ៏រឹងមាំនោះគឺទី១ ធនធានខាងក្នុង ដូចជាចំណេះដឹងដែលយើងបានរៀននៅក្នុងគ្រួសារ២០% ក្នុងសាលា២០% ក្នុងសង្គម២០% ពីខ្លួនឯង៤០% ពោលគឺចេះដឹកនាំខ្លួនឯង មានវិន័យនិងគុណធម៌ មិនខ្លាចការលំបាកនិងភាពបរាជ័យ”។
ស្រ្តីឆ្នើមរូបនេះបានបន្ថែមថា “ចំណែកឯធនធានខាងក្រៅ គឺជាជំនាញរឹងដែលជាជំនាញអាជីព និងត្រូវមានជំនាញទន់ មកជាមួយ ចេះសន្សំដើមទុនទុករកស៊ីដើម្បីថ្ងៃអនាគត ស្វែងរករៀមច្បងដើម្បីសុំយោបល់ ហើយអ្វីដែលខ្វះមិនបាននោះគឺកម្លាំងចិត្តពីគ្រួសារនិងមនុស្សជុំវិញខ្លួន ដោយឡែកទោះជាមានធនធានខាងលើគ្រប់គ្រាន់ហើយក្តី ប៉ុន្តែប្រសិនបើគ្មាន គោលដៅ ចំណង់ ការសម្រេចចិត្តដ៏ច្បាស់លាស់ និងជំនឿជឿជាក់លើខ្លួនឯងដែលជា ផ្លូវដ៏ធំនាំយើងទៅកាន់ភាពជោគជ័យនោះទេ ភាពជាសហគ្រិនមិនអាចសម្រេចបានឡើយ"។
គួរជម្រាបផងដែរថាកម្មវិធីសិក្ខាសាលាដ៏ធំមួយនេះ រៀបចំឡើងក្នុងគោលបំណងជួយពង្រីកចំណេះដឹង តម្រង់ទិសដល់យុវជនកម្ពុជាដែលទើបតែបញ្ចប់ថ្នាក់ទី១២ និងប្អូនៗនិស្សិតឲ្យទទួលបាននូវចំណេះដឹងបន្ថែមក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលបានប្រព្រឹត្តិទៅដោយរលូនកាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ៕
អត្ថបទដោយ៖ ពីង ជូអេង