នៅក្រៅទីលានបាល់ទាត់ស្មៅបៃតងខ្ចីលោក Keisuke Honda មិនត្រឹមតែជាអតីតកីឡាករឆ្នើម ជាគ្រូបង្វឹក និងជាសេដ្ឋីប្រាក់លាននោះទេ លោកក៏ជាស្វាមីម្នាក់របស់លោកស្រី Misako Honda ដែលរៀបការជាង១៥ឆ្នាំ និងមានកូនចំនួន៣នាក់។
លោកស្រី Misako Honda គឺជាអតីតគ្រូសាលាមតេ្តយ្យបន្ទាប់ពីលោកស្រីបានរៀនចប់មហាវិទ្យាល័យ រហូតដល់បានរៀបការជាមួយលោកហុងដា នៅឆ្នាំ២០០៨។ អ្នកទាំងពីរស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យ នៅពេលដែលអ្នកទាំងពីត្រូវហាត់កីឡាបាល់ទាត់ជាមួយគ្នាក្នុងសាលា។
ក្នុងបទសម្ភាសន៍កាសែតជប៉ុនមួយលោកហុងដា ធ្លាប់លើកឡើងអំពីចំណងអាពាហ៍ពិពាហ៍របស់លោកថា ” Misako មិនត្រឹមតែជាភរិយារបស់ខ្ញុំប៉ុណ្ណោះទេ នាងគឺជាមិត្តភ័ក្តិ និងជាអ្នកគាំទ្រច្រើនជាងភរិយារបស់គាត់ នៅពេលដែលខ្ញុំឆ្លងកាត់ពេលវេលាដ៏លំបាក ហើយខ្ញុំត្រូវតែតស៊ូជាមួយបញ្ហា នាងជាមនុស្សដែលជម្នះវា ជាមួយខ្ញុំ” លោកបានបន្ថែមថា “នាងគឺពូកែធ្វើម្ហូបសម្រាប់ខ្ញុំណាស់ បើគ្មាននាងទេ ប្រហែលជាគ្មានខ្ញុំថ្ងៃនេះទេ”។
គួរជម្រាបផងដែរថាលោកជាគ្រូបង្វឹកបាល់ទាត់ ដែលប្រជាជនកម្ពុជាគោរពស្រឡាញ់ពេញក្រអៅបេះដូង នៅជាមួយវិស័យបាល់ទាត់ខ្មែរ អស់រយៈពេល៥ឆ្នាំ ដោយមិនត្រូវការប្រាក់ខែមួយកាក់មួយសេនពីសហព័ន្ធបាល់ទាត់កម្ពុជា បុរសជនជាតិជប៉ុនវ័យ៣៦ឆ្នាំ កម្ពស់១.៨២ រូបនេះនឹងត្រូវលាបាល់ទាត់កម្ពុជាខណៈការប្រកួតនៅស៊ីហ្គេមនេះជាពេលវេលាចុងក្រោយនៃការដឹកនាំរបស់លោកក្នុងក្រុមជម្រើសជាតិកម្ពុជាដែលលោកបានមើលថែ ចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ៕
អត្ថបទដោយ៖ ពីង ជូអេង