អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris អាចមានថាមពលធ្វើការ១ថ្ងៃ១៥ម៉ោង ស្មើ១សប្តាហ៍៩០ម៉ោង និងធ្វើដំណើរទៅពីរបីទីក្រុងក្នុងមួយថ្ងៃយ៉ាងតិច ជួបមនុស្សរាប់ពាន់នាក់ ធ្វើការជាមួយមនុស្សជាច្រើន ខណៈពេលខ្លះអ្នកស្រីគេងបានតិចម៉ោងបំផុតក្នុង១យប់។
ទន្ទឹមនឹងនេះអ្នកស្រីបាននិយាយនៅក្នុង Podcast អំពីភាពជាអ្នកដឹកនាំកម្មវិធី "Club Shay Shay" ថាទម្លាប់ញុំាអាហារពេលព្រឹកដែលមានតុល្យភាពភាពនិងការហាត់ប្រាណបញ្ចេញញើសនៅពេលព្រឹកមុនទៅធ្វើការ អាចជួយឱ្យអ្នកស្រីមានស្មារតីរឹងមាំពិតមួយថ្ងៃ ទោះបីជាមានការងារមមាញឹកច្រើនក្តីក្នុងនាមជាអនុប្រធានាធិបតីអាមេរិក។
បេក្ខភាពស្រ្តីវ័យ៥០ឆ្នាំ ឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក បានចាញ់ដៃលោកដូណាល់ត្រាំរូបនេះ បានឱ្យដឹងថាគាត់ចាប់ផ្តើម ការងារជារៀងរាល់ថ្ងៃដោយ សកម្មភាព២យ៉ាង៖ ១ញុំាអាហារពេលព្រឹកដែលមានតុល្យភាព និង២ការហាត់ប្រាណតាម SoulCycle (លំហាត់ធាក់កង់ម៉ាស៊ីននៅនឹងមួយកន្លែង)។
ការហាត់ប្រាណតាម SoulCycle របស់អ្នកស្រីមានរយៈពេល៣០នាទី និងញុំាអាហារមានតុល្យភាពដូចជា Raisin Bran (គ្រាប់ធញ្ញជាតិដែលមានជាតិស្ករទាប លាយជាមួយទឹកដោះគោ) និងទឹកតែជាមួយក្រូចឆ្មា បន្ទាប់មកនឹងចេញទៅធ្វើការ។
ស្រ្តីមានឈាមជ័រជាជាតិឥណ្ឌាកាត់អាមេរិករូបនេះ បានលើកឡើងថា "ខ្ញុំចំណាយពេលលើការងារប្រហែលជា១៤ទៅ១៥ម៉ោងក្នុង១ថ្ងៃ ខ្ញុំហាត់ប្រាណរាល់ព្រឹក ព្រោះនោះជាពេលវេលាតែមួយគត់នៃមួយថ្ងៃៗដែលខ្ញុំពិតជាមានឱ្យទៅខ្លួនឯង សម្រាប់ចិត្ត រូបកាយ និងវិញ្ញាណរបស់ខ្ញុំ"។
ក្នុងនោះកំពូលអ្នកដឹកនាំរូបនេះ បានប្រាប់អ្នកស្រាវជ្រាវអំពីភាពជាអ្នកដឹកនាំក្នុងកម្មវិធី "Unlocking Us" podcast លោក Brené Brown ថា “ធ្វើកិច្ចការសាមញ្ញទាំងនេះ បានជួយឱ្យខ្ញុំរៀបចំខ្លួន សម្រាប់ថ្ងៃធ្វើការដ៏មមាញឹកបានយ៉ាងល្អ” ។ ក្នុងនោះចាប់ពីការធ្វើតាមទម្លាប់ដដែលៗនេះជារៀងរាល់ព្រឹក ធ្វើឱ្យអ្នកស្រីជាមនុស្សដែល “ទាន់ពេលវេលា” ជានិច្ចក្នុងការប្រជុំធំៗ។
យ៉ាងណាមិញនៅក្នុងគោលនយោបាយរបស់អ្នកស្រី Kamala Harris ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យសម្រាប់អាណត្តិទី៤៧ អ្នកស្រីក៏បានដាក់ចេញ គោលនយោបាយលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយបំណុលនិងសេវាសុខភាព ថ្លៃថ្នាំពេទ្យ ក៏ដូចជារឹតត្បិតតម្លៃពន្ធលើអាហារកៃច្នៃកម្រិតខ្ពស់៕
អត្ថបទដោយ៖ ពីង ជូអេង