ការរកស៊ីខាត គឺជាអ្វីដែលអ្នករកស៊ីភាគច្រើនតែងតែឆ្លងកាត់ ប៉ុន្តែអ្វីដែលខុសគ្នាគឺបុគ្គលដែលអាចរកឃើញផ្លូវរីកចម្រើន គឺពួកគាត់មិនព្រមបាក់ស្បាត ចុះចាញ់នឹងឧបសគ្គដោយគ្រាន់តែរកស៊ីខាត ឬជួបភាពបរាជ័យ១ដង ២ដងនោះទេ។
ជាក់ស្ដែងសម្រាប់ CEO វ័យ៤៥ឆ្នាំគឺលោក Joe Kudla ស្ថាបនិកក្រុមហ៊ុន Encinitas ដែលជាអាជីវកម្មផ្ដោតលើការលក់សម្លៀកបំពាក់កីឡា។
មុនពេលដែលលោកអាចកសាងអាជីវកម្មតម្លៃ៤ពាន់លានដុល្លារ គឺលោកធ្លាប់ជួបភាពបរាជ័យជាមួយនឹងអាជីវកម្ម២រួចមកហើយ។ ត្រឡប់ទៅកាន់អតីតកាលបន្តិច ក្នុងឆ្នាំ២០១៤ Kudla បានដួលអាជីវកម្មលក់ទាក់ទងនឹងសម្លៀកបំពាក់ស្ត្រី។ ចំណែកឯអាជីវកម្មមួយទៀតគឺទាក់ទងនឹងការលក់សម្លៀកបំពាក់ឡើងភ្នំរបស់បុរស ហើយលទ្ធផលចុងក្រោយក៏បរាជ័យមួយតង់ទៀត។
ក្រោយបរាជ័យ២ដង លោកបានរៀនពីកំហុសឆ្គងនានា ហើយកំហុសដែលលោករៀនបាននោះគឺមិនអាច គ្រាន់តែដកពេលវេលាមួយផ្នែកមកធ្វើវា ដោយមិនបានប្រមូលថាមពល ប្រមូលធនធានផ្ដោតលើវាឱ្យបានខ្លាំងនោះដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាអាជីវកម្មក្រោយ លោកបានសម្រេចចិត្តលាឈប់ពីការងារ ហើយផ្ដោតលើអាជីវកម្មនោះឱ្យបានខ្លាំងបំផុត រហូតវាមានភាពរីកចម្រើនខ្លាំងមកទល់នឹងពេលបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ថា៖ «អ្នកវិនិយោគ គេមិនទុកចិត្តនិងហ៊ានដាក់ទុនវិនិយោគជាមួយអ្នកនោះទេ បើសិនជាអ្នកមិនបានផ្ដោតលើវាឱ្យខ្លាំង ហើយគ្រាន់តែឆ្លៀតពេលលេងៗដើម្បីធ្វើវានោះ»។ នេះជាមូលហេតុដែលអ្នកចាំបាច់ត្រូវផ្ដោតលើវាឱ្យខ្លាំង ហើយងប់ងុលជាមួយវាឱ្យបានខ្លាំងបំផុត។
ក្រោយពីការសិក្សាពីកំហុសឆ្គងនានា លោកបានបំប្លែងអាជីវកម្មដែលលក់តាមបែបប្រពៃណី មកជាការលក់តាម e-commerce ដែលជួយឱ្យអាជីវកម្មលោកអាវពង្រីកវិសាលភាពខ្លួនបានកាន់តែធំទូលាយ និងអាចបញ្ចៀសខ្លួនចេញពីភាពបរាជ័យ។
តាមរយៈបទពិសោធន៍លោក បានបង្ហាញថា កុំខ្លាចកំហុសឆ្គង កុំខ្លាចភាពបរាជ័យ ព្រោះវាជាគ្រូបង្រៀនដ៏ល្អបំផុត ដែលអាចជួយឱ្យអ្នករកឃើញពន្លឺនៃភាពជោគជ័យ បើសិនជាអ្នកចេះយកកំហុសទាំងនោះ មកវិនិយោគទៅអនាគត និងឈប់ធ្វើអ្វីដែលខុសឆ្គងនាំឱ្យខាតបង់តទៅទៀត៕