ការលើកទឹកចិត្តអាចកើតឡើងក្នុងរូបភាពជាច្រើនដូចជា សកម្មភាពជំរុញទឹកចិត្ត ពាក្យសម្តី សម្រង់ទស្សនៈវិជ្ជា ឬដំបូន្មានរបស់បុគ្គលណាម្នាក់ជាដើម។ ក្នុងនោះសូម្បីតែមហាសេដ្ឋីលោក Jeff Bezos ក៏តែងតែមានពាក្យលើកទឹកចិត្តខ្លួនឯងបិទជាប់ទូទឹកកកជានិច្ចដើម្បីដាស់តឿនឱ្យលោកញញឹមហើយសប្បាយចិត្តឱ្យបានច្រើន។
នៅក្នុងការចុះផ្សាយអត្ថបទមួយរបស់ Yahoo Finance បានឱ្យដឹងថាកាលពីអំឡុងឆ្នាំ២០១៨ ស្ថាបនិកក្រុមហ៊ុន Amazon បានបង្ហោះសារនៅលើបណ្តេញសង្គម X របស់លោកថា “១ក្នុងចំណោមទស្សនៈដែលខ្ញុំស្រឡាញ់បំផុតហើយបានបិទវានៅលើទ្វារទូទឹកកករបស់ខ្ញុំប្រហែល១ឆ្នាំមកហើយ ដើម្បីបានឃើញវារាល់ថ្ងៃ”។
សម្រង់ទស្សនៈមួយនោះគឺលោកមើលវារាល់ថ្ងៃដើម្បីរក្សាស្នាមញញឹមនិងភាពជោគជ័យរបស់លោកទោះបីជាលោកជាមហាសេដ្ឋីរួចទៅហើយ។ ទស្សនៈលើកទឹកចិត្តនោះដកស្រង់ចេញពីទស្សនៈវិទូលោក Ralph Waldo Emerson ដែលមានអត្ថន័យយ៉ាងដូច្នេះថា៖
“ការសើចជាប្រចាំអាចយកឈ្នះមនុស្សឆ្លាតវៃ មានឥទ្ធិពលនិងទទួលបានក្តីស្រឡាញ់ពីក្មេងៗ ព្រមទាំងអាចទទួលបានភាពស្មោះត្រង់ដ៏ពិតប្រាកដ។ ការសើចជាប្រចាំអាចឱុ្យអ្នកយកឈ្នះមិត្តក្លែងក្លាយ និង អាចមើលឃើញសម្រស់នៃភាពល្អរបស់អ្នកដទៃ។ ភាពជោគជ័យគឺជារឿងអាទិភាពនៃការបន្យល់ទុកនូវកេរដំណែល តាមរយៈការរួមចំណែកជាវិជ្ជមានដល់បុគ្គល បរិស្ថាន និងសង្គមទាំងមូល។ ជោគជ័យពិតប្រាកដត្រូវបានវាស់វែងដោយឥទ្ធិពលវិជ្ជមានដែលមនុស្សម្នាក់មានលើជីវិតរបស់អ្នកដទៃ។”
ទន្ទឹមនឹងភាពជោគជ័យជាម្ចាស់ក្រុមហ៊ុនពាន់លានដុល្លារនៅលើពិភពលោក ដំណើររបស់លោក Jeff Bezos គឺជាការបំផុសគំនិតដល់សហគ្រិននិងអ្នកវិនិយោគឱ្យជឿជាក់លើថាមពលនៃការផ្លាស់ប្តូរគំនិតនិងការចាប់ផ្តើមសកម្មភាពរបស់ពួកគេ ដោយវាអាចក្លាយជាសក្ខីភាពឱ្យមនុស្សមានជំនឿថាសមិទ្ធិផលអាចកើតចេញពីការចាប់ផ្តើមដ៏តូចបំផុតសូម្បីតែស្នាមញញឹមនិងភាពរីករាយដែលពួកគេមាន៕
អត្ថបទដោយ៖ ពីង ជូអេង