លោក Jan Koum គឺជាអ្នកអតីតអ្នកធ្វើការលើប្រពន្ធអ៊ីធឺណែត និងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលជាជនជាតិអាមេរិក-អ៊ុយក្រែន។ លោកក៏ជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន WhatsApp និងជាសហដៃគូជាមួយលោក Brain Acton ដែលជាអ្នកបង្កើតកម្មវិធីផ្ញើសារតាមទូរស័ព្ទដែលត្រូវបានទិញដោយក្រុមហ៊ុន Facebook Inc ក្នុងតម្លៃ ១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៤។
តើលោកមានដំណើរជីវិតបែបណាខ្លះ ទើបអាចវិវត្តពីអ្នកធ្វើការធម្មតាម្នាក់ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ?
លោក Jan Koum កើតនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ១៩៧៦ ក្នុងក្រុងគៀវ ប្រទេសអ៊ុយក្រែន។ នៅពេលឈានចូលដល់វ័យ១៦ឆ្នាំ លោកនឹងម្តាយបានចាកចោលឪពុកទៅរកជីវិតថ្មីរស់នៅក្នុងរដ្ឋកាលីហ្វូនីញ៉ា សហរដ្ឋអាមេរិក។ ដើម្បីរស់បានយុវជន Koum បានធ្វើការជាជាងភ្លើង ហើយម្តាយលោកធ្វើជាអ្នកមើលថែកុមារ។ លោក Koum បានព្យាយាមចូលរៀននៅមហាវិទ្យាល័យដែរ ប៉ុន្តែត្រូវបោះបង់ការសិក្សាចោលវិញ និងបានរៀនធ្វើកម្មវិធីដោយខ្លួនឯង ហើយក៏ទទួលបានការងារធ្វើនៅក្រុមហ៊ុនYahoo។ តែទោះជាយ៉ាងណា លោកនៅតែមិនពេញចិត្ត រួចក៏ឈប់ធ្វើការនិងចាប់ផ្តើមធ្វើដំណើរទៅកន្លែងផ្សេងក្នុងពិភពលោកដើម្បីស្វែងរកកម្លាំងចិត្ត។
ជាភ័ព្វសំណាងក្រោយមក app store របស់ក្រុមហ៊ុនApple ក៏បានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៩ ហើយលោកKoum ក៏បានមើលឃើញឱកាសមាសមួយ។ លោកបានចំណាយពេល និងធនធានដើម្បីបង្កើតកម្មវិធីមួយដែលមានឈ្មោះថា WhatsApp។ ទីបំផុត នៅឆ្នាំ២០១៤ លោកKoum និងដៃគូបង្កើតកម្មវិធីនេះម្នាក់ទៀតគឺលោក Brian Acton ដែលជាអតីតបុគ្គលិកក្រុមហ៊ុនYahooដូចគ្នាបានសម្រេចចិត្តលក់កម្មវិធី WhatsApp ឱ្យក្រុមហ៊ុនFacebook ក្នុងតម្លៃ១៩ពាន់លានដុល្លារ។
នៅក្នុងឆ្នាំ២០១៤ លោក Jan Koum បានចូលក្នុងបញ្ជីឈ្មោះរបស់ជនជាតិអាមេរិកដែលជាអ្នកមានជាងគេបំផុតក្នុងចំណោមមនុស្ស ៤០០នាក់ នៅក្នុងទស្សនាវដ្តី Forbes ដោយមានទឹកប្រាក់ប្រមាណជាង ៧-៥ពាន់លានដុល្លារ។ ហើយគាត់គឺជាអ្នកចំណូលថ្មីខ្ពស់ជាងគេក្នុងបញ្ជីនៅក្នុងឆ្នាំនោះផងដែរ។ មកទល់នឹងបច្ចុប្បន្នបុរសវ័យ៤៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបជាង ៩.៦ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមខែមីនា ឆ្នាំ២០២២៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366