មហាសេដ្ឋី Jack Ma ត្រូវបានគេប្រទះឃើញ លេចមុខសារជាថ្មី នៅក្នុងប្រទេសចិន បន្ទាប់ពីបាត់មុខអស់មួយរយៈក្នុងពិភពជំនួញ។ ចំពោះការវិលត្រឡប់មកវិញលើកនេះអាចជាការផ្តោតលើគោលដៅថ្មី ក្នុងវិស័យអប់រំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨មីនា ម្សិលមិញនេះ។
ការបង្ហាញមុខជាលើកដំបូង បន្ទាប់ពីបាត់មុខអស់ជាង២ឆ្នាំ បុរសមាឌតូចល្អិតនេះ បានទៅលេងសាលា Yungu នាទីក្រុងHangzhou ដែលជាទីក្រុងស្នាក់ការកណ្តាលរបស់ Alibaba ដើម្បីជួបនិយាយជាមួយគ្រូក្នុងសាលា អំពីរបៀបផ្តល់ការអប់រំដល់កុមារក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ដែលនេះអាចជាគោលដៅថ្មីរបស់មហាសេដ្ឋីរូបនេះក្នុងវិស័យអប់រំ។
ជាមួយគ្នានេះដែរលោកបានលើកឡើងថា “បច្ចេកវិទ្យាដូចជា ChatGPT ដ៏ពេញនិយមបាននាំមកនូវបញ្ហាប្រឈមដល់ការអប់រំ ប៉ុន្តែបញ្ញាសិប្បនិម្មិតនេះ អាចត្រូវបានប្រើដើម្បីដោះស្រាយបញ្ហាដូចគ្នា”។
នេះគឺជាសញ្ញាល្អមួយបង្ហាញ ថាទីក្រុងប៉េកាំងកំពុងពង្រឹងឡើងវិញ នូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗឡើងវិញ បន្ទាប់ពីការរឹតបន្តឹង១៨ខែលើវិស័យនេះ។ ការអនុញ្ញាតឱ្យលោក Jack Ma វិលចូលទីផ្សារវិញអាចជាការទទួលស្គាល់ពីរដ្ឋបាលទីក្រុងប៉េកាំងថា ខ្លួនត្រូវការអាជីវកម្មឯកជននិងអាចបន្ធូរបន្ថយបទបញ្ញត្តិមួយចំនួនលើវិស័យបច្ចេកវិទ្យាក្នុងស្រុក។
គួររំលឹកផងដែរថាក្រុមហ៊ុន Alibaba ធ្លាប់ទទួលរងការពិន័យ ២.៦ ពាន់ដុល្លារកាលពីឆ្នាំ២០២១ ក្រោយពេលដែលលោក Jack Ma បានរិះគន់និយ័តករចិន ទៅលើប្រព័ន្ធហិរញ្ញវត្ថុថាហួសសម័យ ហើយលោកក៏បាត់មុខចាប់តាំងពីខែតុលាឆ្នាំ២០២០មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កាសែតជាច្រើនបាន រាយការណ៍ថាបានប្រទះឃើញគាត់នៅក្នុងប្រទេសផ្សេងៗរួមមាន អេស្ប៉ាញ ហូឡង់ ថៃ អូស្ត្រាលី និងប្រទេសជប៉ុន៕
អត្ថបទដោយ៖ ពីង ជូអេង