ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបធំមួយគឺ Intel បានប្រកាសដកគម្រោងដែលខ្លួនចង់ពង្រីកការវិនិយោគនៅប្រទេសវៀតណាមដែលមានតម្លៃជាង ១ពាន់លានដុល្លារ ខណៈការប្រប្រកាសដកខ្លួនចេញនេះក៏ជាផលប៉ះពាល់មួយទៅដល់វៀតណាមផង។
ជាក់ស្តែង យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ការលុបចោលគម្រោងវិនិយោគក្រុមហ៊ុន Intel នៅវៀតណាមនេះ គឺជារឿងខកចិត្តមួយសម្រាប់ប្រទេសវៀតណាម ដោយសារកាលពីកន្លងទៅនាពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបបានបង្ហាញគម្រោងចង់មកវិនិយោគ វៀតណាមសង្ឃឹមថានឹងអាចទាក់ទាញក្រុមហ៊ុនដែលកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ។
ប្រភពដដែលបានបន្ថែមទៀតថា ការសម្រេចចិត្តដកខ្លួនរបស់ក្រុមហ៊ុន Intel បានកើតឡើងបន្ទាប់ពីខ្លួនបានប្រកាសពីការទៅវិនិយោគនៅអឺរ៉ុបកាលពីខែមិថុនាកន្លងទៅនេះ តែវៀតណាមបែរជាជួបរឿងខ្វះខាតថាមពលនៅខែដូចគ្នា ដែលជាហេតុនាំឱ្យក្រុមហ៊ុនបរទេសជាច្រើនបង្ខំចិត្តផ្អាកការផលិតជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា នាពេលនេះបច្ចុប្បន្ននេះក្រុមហ៊ុន Intel មិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដថាហេតុអ្វីបានជាក្រុមហ៊ុនសម្រេចបញ្ឈប់ការពង្រីកអាជីវកម្មនៅវៀតណាមបន្ថែមទៀតទេ ខណៈដែលថ្មីៗនេះលោក Joe Biden ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក៏បានធ្វើដំណើរទៅកាន់ទីក្រុងហាយណូយ ដើម្បីចូលរួមកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមគឺ Tran Luu Quang ដោយនៅក្នុងនោះប្រធានាធិបតីអាមេរិកក៏បានលើកពីក្រុមហ៊ុនផលិតបន្ទះឈីបដែលចង់មកវិនិយោគនៅប្រទេសវៀតណាម ដោយមានក្រុមហ៊ុន Amkor (AMKR.O) , Synopsys (SNPS.O) និង Marvell (MRVL.O) តែពុំមានឈ្មោះក្រុមហ៊ុន Intel ឡើយ៕
អត្ថបទ៖ ធី ស្រីល័ក្ខ